ហេតុអ្វីការវិនិយោគលើបុគ្គលិកជាការវិនិយោគល្អបំផុតសម្រាប់ក្រុមហ៊ុន?
ក្រៅតែពីការដោះស្រាយបញ្ហាដល់អតិថិជន ការស្វែងរកប្រាក់ចំណូល គឺជាគោលដៅទូទៅមួយទៅហើយសម្រាប់អាជីវកម្មទាំងអស់នៅពេលដែលអាជីវកម្មទាំងនោះសម្រេចចិត្តផ្តល់សេវា ឬផលិតផលទៅកាន់ទីផ្សារ។ នេះវាបានជំរុញឲ្យម្ចាស់អាជីវកម្មមួយចំនួនបានមើលរំលងភ្លេចវិនិយោគទៅលើបុគ្គលិករបស់ខ្លួន ខណៈដែលការវិនិយោគមួយនេះបានផ្តល់ផលចំណេញមកវិញយ៉ាងច្រើនសម្រាប់អនាគតអាជីវកម្ម។
ទោះបីជាអ្នកចង់ ឬមិនចង់ ការផលប្រយោជន៍ពីការវិនិយោគទៅលើបុគ្គលិករបស់អ្នកនឹងកើតមានពិតប្រាកដ។ នៅ ខាងក្រោមនេះ អ្នកនឹងបានដឹងគន្លឹះចំនួន ៦ ចំណុចដែលអ្នកត្រូវវិនិយោគលើបុគ្គលិករបស់អ្នក និងផលប្រយោជន៍ដែលអ្នកទទួលបានត្រឡប់មកវិញ៖
១. ការវិនិយោគក្នុងដំណាក់កាលសាកល្បងការងារ
នៅពេលអ្នកជ្រើសរើសបុគ្គលិកថ្មី ជាទូទៅពួកគេត្រូវឆ្លងកាត់ដំណាក់កាលសាកល្បងការងារ។ នៅក្នុងដំណាក់កាលនេះ អ្នកកំពុងតាមដានពួកគេថា តើបុគ្គលិកថ្មីនោះអាចបំពេញការងារនេះបានដែរឬទេ? នេះជាកំហុសមួយដែលក្រុមហ៊ុនភាគច្រើនបានបង្កើតឡើង។ ពួកគេគិតតែចង់បានលទ្ធផលរហ័ស ប៉ុន្តែមិនព្រមចំណាយពេលវេលា ប្រាក់កាស និងការបណ្តុះបណ្តាលផ្សេងៗដល់បុគ្គលិក។
ក្រៅពីការរំពឹងទុកលទ្ធផលដែលអ្នកចង់បានត្រឡប់មកវិញ នេះមានន័យថា អ្នកត្រូវផ្តល់សម្ភារ ឧបករណ៍ ផ្តល់មធ្យោបាយផ្សេងៗសម្រាប់សម្រួលដល់ការងាររបស់ពួកគេ រួមទាំងការបណ្តុះបណ្តាល និងតាមដានការមើលការអនុវត្តរបស់ពួកគេផងដែរដើម្បីឲ្យការងារមានប្រសិទ្ធភាព។ ការវិនិយោគទៅលើបុគ្គលិករបស់អ្នក នឹងអាចធ្វើឲ្យអ្នករកឃើញបុគ្គលិកមានទេពកោសល្យ និងសមត្ថភាពពិតប្រាកដ ហើយនេះបានផ្តល់បទពិសោធន៍ដ៏មានតម្លៃបំផុតមួយសម្រាប់ពួកគេដើម្បីកសាងក្រុមការងារដ៏រឹងមាំមួយនៅពេលអនាគត។
២. សុខភាព
ប្រសិនបើអ្នកដើរបានវែងឆ្ងាយជាងនេះ ការវិនិយោគទៅលើសុខភាព សុវត្ថិភាព និងសុខមាលភាពបុគ្គលិករបស់អ្នកគឺជាការវិនិយោគល្អបំផុតមួយទៀតដែលអ្នកមិនគួរមើលរំលងឡើយ។ ជាទូទៅនៅពេលនិយាយពីការគិតគូរសុខភាពបុគ្គលិក ក្រុមហ៊ុនតែងផ្ដោតលើការធានារ៉ាប់រងសុខភាព និងរៀបចំកន្លែងការងារប្រកបដោយផាសុកភាព។ ក៏ប៉ុន្តែនេះមិនទាន់គ្រប់គ្រាន់ទេ។
អ្នកត្រូវគាំពារពួកគេឲ្យទទួលបានអត្ថប្រយោជន៍សុខភាពដ៏ទូលំទូលាយ ឬ កម្មវិធីសុខភាពដែលបង្កើតឡើងដោយក្រុមហ៊ុនដើម្បីជួយឲ្យពួកគេទទួលទានបានល្អជាងមុន ហាត់ប្រាណ និងប្រកាន់ខ្ជាប់នូវទម្លាប់វិជ្ជមានផ្សេងទៀត។ នេះមានន័យថា ធ្វើឲ្យសុខភាពរបស់ពួកគេកាន់តែល្អប្រសើរ មានថាមពលខ្ពស់ជាងមុន ផ្ដោតអារម្មណ៍នៅកន្លែងការងារ និងបង្កើនផលិតភាពការងារកាន់តែល្អឡើង។
៣. សីលធម៌ និងការគោរពវិន័យ
សុំកុំរំលងចំណុចនេះ។ ក្រុមហ៊ុនទាំងអស់ត្រូវចាំថា សីលធម៌របស់បុគ្គលិក និងការគោរពបាននូវបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនបានខ្ជាប់ខ្ជួន គឺជាគ្រឹះដ៏សំខាន់មួយក្នុងការនាំភាពជោគជ័យមកឲ្យក្រុមហ៊ុន។ អ្នកត្រូវធ្វើឲ្យបុគ្គលិករបស់អ្នកមានភាពថ្លៃថ្នូរ ការរួមចំណែក និងការទទួលខុសត្រូវពេញលេញចំពោះសកម្មភាពរបស់ពួកគេនៅក្នុងក្រុមហ៊ុនរបស់អ្នក។
យ៉ាងណាមិញ នេះមិនត្រឹមតែរាប់បញ្ចូលសកម្មភាពដែលបុគ្គលិកម្នាក់ត្រូវមានភាពថ្លៃថ្នូរ សីលធម៌ ចេះប្រាស្រ័យទំនាក់ទំនងល្អជាមួយគ្នាទៅវិញទៅមក ការរួមចំណែក និងការទទួលខុសត្រូវប៉ុណ្ណោះទេ។ វាក៏ជាសកម្មភាពមួយដែលអ្នកអាចជួយលើកទឹកចិត្តពួកគេឲ្យសម្រេចបាននូវវត្ថុបំណងរបស់អ្នក និងរបៀបដែលធ្វើឲ្យពួកគេទទួលបានចំណេះដឹងដើម្បីភាពជោគជ័យលើអាជីពការងាររបស់ពួកគេនៅក្នុងក្រុមហ៊ុនរបស់អ្នកផងដែរ។
៤. ភាពជាអ្នកដឹកនាំ ភាពច្នៃប្រឌិត និងមានគំនិតផ្ដួចផ្ដើម
ការវិនិយោគទៅលើបុគ្គលិករបស់អ្នក ក៏អាចអនុញ្ញាតឲ្យបុគ្គលិករបស់អ្នកអភិវឌ្ឍជំនាញ និងបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ពួកគេឲ្យកាន់តែល្អប្រសើរឡើងផងដែរ។ ការបណ្តុះបណ្តាលបុគ្គលិករបស់អ្នកបានត្រឹមត្រូវ នឹងជំរុញឲ្យមានការបំផុសគំនិតថ្មីៗ ផ្តល់ទំនុកចិត្តននៅកន្លែងការងារ និងអាចជួយឲ្យពួកគេមានភាពច្នៃប្រឌិតនៅក្នុងការងាររបស់ពួកគេ។ សូមចាំថា ប្រសិនបើបុគ្គលិករបស់អ្នក អាចអភិវឌ្ឍគំនិតបានបែបជាសហគ្រិន ឬជាអ្នកដឹកនាំទៅតាមរបៀបរបស់ពួកគេ នោះមានន័យថា ក្រុមហ៊ុនរបស់អ្នកនឹងរីកចម្រើនទៅមុខបានយ៉ាងឆាប់រហ័ស៕
ប្រភព៖ Entrepreneurs