អាជីវកម្មថ្មកំបោរនៅខេត្តកំពតលើទំហំដីជាង៤រយហិកតាត្រូវបានក្រសួងគាំទ្រ
បន្ទាប់ពីកិច្ចប្រជុំអន្តរក្រសួងដែលដឹកនាំដោយ លោកជំទាវ ម៉ម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ស្តីពីការពិនិត្យនិងផ្ដល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងអាជីវកម្មថ្មកំបោរ លើផ្ទៃដីទំហំ ៤៧៥ហិកតា របស់ក្រុមហ៊ុនស៊ីម៉ង់ត៍កម្ពុជា ចក្រីទីង អង្គប្រជុំបានគាំទ្រចំពោះគម្រោងអាជីវកម្មខាងលើ។
អាជីវកម្មថ្មកំបោរខាងលើនឹងដំណើរការនៅ តំបន់ភ្នំបោះដំបង និងភ្នំឈ្ងោក ក្នុងភូមិសាស្ត្រឃុំកណ្តោល និងឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត របស់ក្រុមហ៊ុន ស៊ីម៉ង់ត៍កម្ពុជា ចក្រីទីង(ម្ចាស់គម្រោង) និងសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា SBK Research and Development Co., Ltd. ។
ជាលទ្ធផល អង្គប្រជុំ បានសម្រេច ដូចខាងក្រោម៖
1- គាំទ្រលើគម្រោងអាជីវកម្មថ្មកំបោរ របស់ក្រុមហ៊ុនស៊ីម៉ងត៍កម្ពុជាចក្រីទីង
2- អង្គប្រជុំគាំទ្ររក្សាទុកភ្នំឈ្ងោកទាំងមូល
3- ក្រុមហ៊ុន ពិចារណាលើការបង្កើនលើមូលនិធិបរិស្ថាន និងសង្គម ឱ្យបានសមរម្យ
4- សូមសរសេរបន្ថែមលម្អិតលើការគ្រប់គ្រងហានិភ័យ និងការស្ដារបរិស្ថានឡើងវិញ
5- ក្រុមហ៊ុន ត្រូវដោះស្រាយផលប៉ះពាល់លើតំបន់ដែលពាក់ព័ន្ធជាមួយហេដ្ឋារចនាសម្ព័ន្ធ និងប្រជាជន
6- សូមក្រុមហ៊ុនទីប្រឹក្សា ពិនិត្យឡើងវិញនៅត្រង់ចំណុចវិភាគសេដ្ឋកិច្ច និងផ្ទៀងផ្ទាត់ឡើងវិញនូវទិន្នន័យដែលបានលើកឡើងក្នុងរបាយការណ៍
7- ក្រុមហ៊ុនទីប្រឹក្សា ត្រូវបញ្ចូលបន្ថែមលើបទដ្ឋានគតិយុត្ត(ច្បាប់ ប្រកាស គោលការណ៍ណែនាំនានា) ដែលបានស្នើឡើងដោយស្ថាប័នពាក់ព័ន្ធ
8- ក្រុមហ៊ុន និងក្រុមហ៊ុនទីប្រឹក្សាត្រូវកែសម្រួលរបាយការណ៍ ស្របតាមមតិយោបល់ជាវិជ្ជមាន និងស្មារតីអង្គប្រជុំទាំងមូល ដើម្បីដាក់បញ្ចូលទៅក្នុងរបាយការណ៍វាយហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ៕
រូបភាព៖ WMC
ដោយ៖ ជួប ស្រីរ័ត្ន