ភាពរីកចម្រើននៃវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាងមួយទសវត្សរ៍កន្លងមកនេះ​



ក្នុងកិច្ចពិភាក្សាតុមូលមួយស្តីពី “ភាពជាដៃគូនៃសេវាកម្មធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” ដែលបានធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃពុធទី ២៨ ខែសីហា ឆ្នាំ ២០១៩។ វេទិកានេះដែរ ក៏មានការចូលរួមពីវាគ្មិនចំនួនបីរូបគឺ ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា និង លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ។ 

កិច្ចពិភាក្សានៃវេទិកាមួយនេះឯកឧត្តមវាគ្មិនទាំងបីរូប បានធ្វើការលើកឡើងបញ្ជាក់ពីកិច្ចដំណើរការយ៉ាងល្អនៃវិស័យធនាគារហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដែលក្នុងនោះក៏មានការទទួលស្គាល់ការរីកចម្រើននេះពីសំណាក់មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF ផងដែរ។ ក្នុងរបាយការណ៍របស់ IMF បានបញ្ជាក់ថា បរិយាប័ន្នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាមានការកើនឡើង ៨.២% គិតក្នុងរយៈមួយទស្សវត្សរ៍នេះ ហើយកម្ពុជាក៏បានធ្វើល្អជាងគេក្នុងតំបន់ដូចគ្នា។

ក្រៅពីនេះអត្រាប្រជាជនដែលនៅក្រោមបន្ទាត់ក្រីក្រធ្លាក់ចុះពី ៤៧.៨% នៅឆ្នាំ ២០០៧ មកនៅត្រឹម ១៣.៥% នៅឆ្នាំ ២០០១៤ ហើយក៏បន្តធ្លាក់ចុះបន្ថែមទៀតមកដល់ពេលបច្ចុប្បន្ននេះ។ លោក គា បូរាណ ក៏បានបញ្ជាក់បន្តទៀតថា បញ្ហាប្រឈមរបស់ SME នៅតែចោទសំខាន់លើបញ្ហាហិរញ្ញវត្ថុនេះឯង តែតាមរយៈការផ្តល់ឥណទាននេះបានជួយដល់ SME ក្នុងការបង្កើន GDP កម្ពុជារហូតប្រមាណ ៥៨% បើយោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងឆ្នាំ ២០១៨ ដែលវាអាចចាត់ទុកថាជាចំនុចស្នូលមួយដែលឥណទានរបស់មីក្រូហិរញ្ញវត្ថុជួយដល់សេដ្ឋកិច្ចជាតិ។ 

គួរបញ្ជាក់ថា បច្ចុប្បន្នចំនួនធនាគាពាណិជ្ជមានចំនួន ៤៣ ធនាគារឯកទេសមាន ១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើរ ៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលបា្រក់បញ្ញើរ ៧៤ គ្រឹះស្ថានឥណទានជនបទ ២៧៣ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ១៥៕

ដោយ៖ យ៉ាយ៉ា

 

X
5s