ចិននឹងផ្ដល់ថវិកាជាង៥លានដុល្លារបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជឈើប្រណីតនៅកម្ពុជា
ឯកឧត្ដម Zhao Shucong នាយកអង្គការលេខាធិការដ្ឋានបណ្ដាញអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព (APFNet) ដែលមានស្នាក់ការកណ្ដាលនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសជួបជាមួយឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗ បានបង្ហាញអំពីគោលបំណងសហការជាមួយក្រសួងក្នុងការបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជឈើសំខាន់និងមានតម្លៃថ្លៃនៅកម្ពុជា។ នេះបើតាមការផ្សាយរបស់ក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ។
បន្ថែមពីនេះ ឯកឧត្ដម Zhao Shucong បានលើកឡើងថា តាមរយៈគម្រោងនេះ ភាគីចិននឹងផ្ដល់ថវិកាឧបត្ថម្ភប្រមាណ ៥,៥លានដុល្លារអាមេរិក ចំពោះការអនុវត្តគម្រោងនៅឆ្នាំ២០២០ខាងមុខនេះ។ ជាការឆ្លើយតប ឯកឧត្ដមរដ្ឋមន្ត្រីកម្ពុជា បានសម្ដែងនូវការស្វាគមន៍ នឹងអរគុណចំពោះភាគីចិនដែលបានជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់លើគម្រោងអភិវឌ្ឍវិស័យព្រៃឈើកម្ពុជា។
គួរបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ APFNet បានចាប់ផ្ដើមតាំងពីឆ្នាំ ២០០៨ ហើយគម្រោងគាំទ្រមានចំនួន ៤ គម្រោងដែលមានថវិកាសរុបជាង ៧,៨លានដុល្លារសហរដ្ឋអាមេរិក មានជាអាទិ៍៖
ទី១ស្ដីពី "មុខងារចម្រុះនៃការងារស្ដារព្រៃឈើ និងការគ្រប់គ្រងតំបន់ព្រៃឈើរិចរឹលនៅកម្ពុជា" ទី២ គម្រោងស្ដីពី "ការរៀបចំផែនការគ្រប់គ្រងព្រៃឈើនៅតំបន់ទីជម្រាលស្ទឹងព្រែកត្នោតផ្អែកលើផែនទេសភាព" ទី៣. គម្រោងស្តីពី "ការធ្វើសមាហរ័ណកម្មនៃការធ្វើផែនការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីព្រៃឈើនិងគម្រោងបង្ហាញនៅមហាអនុតំបន់មេគង្គ" ទី៤. គម្រោងស្តីពី "ការបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជឈើមានតម្លៃនៅកម្ពុជា" ក្នុងនោះ គម្រោងទី១ និង២ ត្រូវបានបញ្ចប់ដោយជោគជ័យ។ ចំពោះគម្រោងទី៣ កំពុងអនុវត្ត និងទី៤ នឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២០ ខាងមុខនេះ៕
ដោយ៖ ជួប ស្រីរ័ត្ន