អនុវត្តវិធីសាស្ត្រទាំង ៨ នេះក្នុងការបង្រៀនកូនៗរបស់លោកអ្នកឲ្យចេះទប់កំហឹងពីការប្រើអំពើហិង្សា
គេសង្កេតឃើញថាគ្រួសារដែលឪពុកម្តាយតែងអប់រំកូនដោយសន្តិវិធី កូនក៏មានអត្តចរិកចេះដឹងខុសត្រូវជាងគ្រួសារដែលតែងអប់រំកូនដោយហិង្សា។ ដោយឡែក ខួរក្បាល ចិត្តគំនិតរបស់កូនតូចៗ ឬក្មេងៗ ប្រៀបបាននឹងក្រដាស-ស ស្អាតមួយដែលងាយចាប់យកអ្វីថ្មី ឬចាប់យកព៌ណដទៃបានណាស់។
ការអប់រំត្រូវវបានគេសង្កត់ធ្ងន់ថា ជាចំនុចសំខាន់ដែលអាចជួយឲ្យកុមារក្លាយជាមនុស្សមានអត្តចរិកល្អ មិនចូលចិត្តប្រើអំពើហិង្សា និងអាចទប់អារម្មណ៍នៃការបញ្ចេញកំហឹងរបស់ពួកគេបាន។ វិធីសាស្ត្រទាំង ៨ ចំនុចខាងក្រោមជួយអ្នកក្នុងការអប់រំកូនៗរបស់អ្នកឲ្យចេះទប់កំហឹង និងចៀសវាងការប្រើអំពើហិង្សា៖
១) ការបង្រៀនដោយឧទាហរណ៍
គំរូ និងទង្វើរបស់ឪពុកម្តាយ និងសមាជិកគ្រួសារវាមានការជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្មេង។ ទម្លាប់នៃការរស់នៅក្នុងគ្រួសារវាជាលំនាំមួយដឹកដៃកូនឲ្យដើរតាមគន្លងនោះ បើនៅក្នុងគ្រួសារឪពុកម្តាយតែងឈ្លោះប្រកែកគ្នា មានតែការតំឡើងសម្លេងតឹងសរសៃ-កដាក់គ្នា និងឈានដល់ការវាយដំ នោះកូនៗក៏នឹងដឹតដាមជាប់រូបភាពទាំងនោះក្នុងអារម្មណ៍ ហើយយកវាទៅអនុវត្តជាក់ជាពុំខាន។ ដូច្នេះឧទាហរណ៍នូវគំរូ សកម្មភាព ការនិយាយស្តីល្អៗនាំឲ្យកូនៗរបស់អ្នកចេះទប់អារម្មណ៍រាល់ពេលមានបញ្ហា ឬកំហឹងម្តងៗ។
២) ពន្យល់ដោយហេតុផល
ប្រាប់កូនៗរបស់អ្នកថា កំហឹងជាអ្វីដែលធម្មជាតិបានកំណត់តែគួរចេះប្រើប្រាស់ និងគ្រប់គ្រងលើកំហឹងឲ្យបានល្អ។ គ្មាននរណាម្នាក់ដែលមិនចេះខឹងទេ តែក៏មិនមែនគ្រប់គ្នាសុទ្ធតែបណ្តោយឲ្យកំហឹងគ្របដណ្តប់លើអារម្មណ៍ខ្លួនឯងដែរ។
៣) ជួយព្យាបាលអារម្មណ៍របស់កូនដោយពាក្យការគោរព
វានៅតែជាការធ្វើគំរូដែលអ្នកត្រូវធ្វើឲ្យកូនៗបានឃើញ ទោះអ្នកដឹងថាគេកំពុងខឹងខ្លាំងមិនថាគេខឹងអ្នក ឬអ្នកដទៃតែគេត្រូវតែមានភ្ជាប់ជាមួយការគោរពដល់បុគ្គលមួយរូបនោះ។ អ្នកត្រូវបង្រៀនគេថា មិនថាបុគ្គលនោះមានវ័យស្របាលគ្នា ឬវ័យខុសគ្នាក៏ដោយ តែគេត្រូវរក្សាការគោរពក្នុងនាមជាមនុស្សដូចគ្នា។
៤) បង្រៀនកូននូវជំនាញដោះស្រាយបញ្ហា
ការដោះស្រាយបញ្ហាជារឿងសំខាន់ដែលមនុស្សម្នាក់ៗត្រូវធ្វើ ហើយការដោះស្រាយបញ្ហាក៏ជាចំនុចមួយជួយឲ្យអ្នកទប់កំហឹងបានដែរ ដូច្នេះអ្នកត្រូវបង្រៀនកូនៗរបស់អ្នកឲ្យចេះដោះស្រាយបញ្ហា ព្រោះគេនឹងចាប់ផ្តើមចេះទាញរកហេតុផល ឬសគល់នៃបញ្ហា និងរកវិធីបញ្ចប់ឲ្យបានល្អបំផុត។
៥) លើកទឹកចិត្តឲ្យមានការជជែកពិភាក្សា និងបង្ហាញភាពស្មោះត្រង់ជាមួយគ្រួសារ
វាជាចំនុចមួយសំខាន់បំផុតពេលអ្នកបង្រៀនកូនឲ្យប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងបើកចំហរផ្តល់ការពិភាក្សាដល់កូនពេលគេមានបញ្ហាអ្វីមួយ។ ហេតុអ្វីគួរធ្វើបែបនេះ? ព្រោះពេលខ្លះពួកគេអាចនឹងមានបញ្ហាមកពីខាងក្រៅ ឬមានការខ្នាំងខ្នាក់អាក់អន់ចិត្តជាមួយឪពុកម្តាយ តែពួកគេមិនអាចនិយាយចេញដោយសារគេគិតថាគេជាកូន។ តែការអាក់អន់ចិត្តនោះមិនបានរសាយទេ ហើយពេលខ្លះវាអាចនឹងកាន់តែរីកធំឡើងៗ រហូតដល់គេប្រមូលវាទុកជាកំហឹងក៏ថាបាន។ ពេលអ្នកអនុញ្ញាតឲ្យគេបញ្ចេញអារម្មណ៍ក្នុងចិត្តអ្នកអាចដឹងថាកូនកំពុងត្រូវការអ្វី ហើយអ្នកក៏អាចពន្យល់ហេតុផលទៅកាន់កូនវិញបានថាហេតុអ្វីអ្នកមិនអាចផ្តល់ចំនុចដែលគេចង់បាន ពេលនោះភាគីទាំងអស់សុទ្ធតែអាចទទួលយកបានដោយសារការជជែកគ្នាយ៉ាងប្រសើរ។
៦) ពេលខ្លះអនុញ្ញាតឲ្យគេបញ្ចេញកំហឹងដែលកំពុងមានដោយវិធីសមរម្យបំផុតមួយ
មិនមែនថាបណ្តោយតាមកំហឹងគេគ្រប់រឿងទេ តែអារម្មណ៍ម្នាក់ៗនៅពេលដែលខឹងគឺមិនអាចទប់បាន ១០០% ទេ អនុញ្ញាតឲ្យគេបញ្ចេញកំហឹងខ្លះក្នុងកម្រិតមួយសមល្មម មិនប៉ះពាល់ដល់អ្នកដទៃ។ ក្រោយពេលបញ្ចេញអ្វីស្មុគស្មាញអស់ខ្លះហើយ ខួរក្បាលក៏ដូចជាអារម្មណ៍គេក៏បានស្វាងធូរស្រាលមួយកម្រិតដែរ។
៧) ពន្យល់កូនៗពីភាពខុសគ្នានៃកំហឹង និងការបំពាន
កំហឹងគឺកើតចេញពីខ្លួនឯង ព្រោះអ្នកទទួលកំណាត់អូស និងឈើគូសពីអ្នកដទៃហើយយកវាមកផ្គុំបញ្ចូលគ្នាឲ្យក្លាយជាអណ្តាលភ្លើងដុតខ្លួនឯង។ ការបំពានគឺកើតចេញពីអ្វីដែលយើងមិនចេះគ្រប់គ្រងខ្លួនឯងលើកំហឹង ចំណង់និងភាពរឹងទទឹងមួយចំនួន។ ដូច្នេះទាំងនេះវាជាអ្វីដែលអ្នកត្រូវពន្យល់កូនៗឲ្យបានច្បាស់។
៨) ឲ្យគេអនុវត្តជាញឹកញាប់
ក្នុងនាមជាឪពុកម្តាយត្រូវបង្កើតវាជាទម្លាប់ក្នុងគ្រួសារដើម្បីឲ្យកូនអនុវត្តជាប្រចាំ ធ្វើដូចនេះពេលមានបញ្ហាណាមួយនៅមជ្ឃដ្ឋានខាងក្រៅ កូនៗរបស់អ្នកនឹងទម្លាប់ប្រើប្រាស់វា ហើយវាក៏នឹងផ្តល់ផលល្អដល់ការរស់នៅរបស់ពួកគេក្នុងសង្គមផងដែរ៕
ដោយ៖ យ៉ាយ៉ា