ដីឡូតិ៍នៅភ្នំបូកគោកំពុងត្រូវប៉ាន់! ក្រសួងដែនដីប្រកាសឲ្យពលរដ្ឋខ្មែរមានលទ្ធភាពចូលរួមទិញ
ថ្លែងនៅក្នុងសិក្ខាសាលាស្ដីអំពី «ការផ្សព្វផ្សាយប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ទីក្រុងបូកគោ និងអភិវឌ្ឍន៍វិស័យទេសចរណ៍» នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានលើកទឹកចិត្តឲ្យពលរដ្ឋដែលមានលទ្ធភាព ចូលរួមទិញដីឡូតិ៍នៅតំបន់ភ្នំបូកគោ ខណៈតំបន់នេះនឹងត្រូវអភិវឌ្ឍន៍ក្លាយជា ក្រុងបូកគោ និងអភិវឌ្ឍន៍លើវិស័យទេសចរណ៍។ នេះយោងតាមការផ្សាយរបស់ក្រសួងព័ត៌មាន។
តាមប្រភពខាងលើបានឲ្យដឹងថា តំបន់ភ្នំបូកជាទីតាំងល្អដែលមាន គម្រោងហេដ្ឋារចនាសម្ព័ន្ធជាទីក្រុងរដ្ឋបាលដែលមានដូចជា អគាររដ្ឋបាល លំនៅឋាន អគារសេវាកម្ម សាលាក្រុង ប្រៃសណីយ៍ អគារសុរិយោដី វត្តអារាម ព្រះវិហារកាតូលិក គិលានដ្ឋាន ប៉ុស្តិ៍នគរបាល ទីបញ្ជាការយោធា សណ្ឋាគារ ស្ថានីយទឹកស្អាត ស្ថានីយអគ្គិសនី និងទំនប់ទឹក។ ដូច្នេះក្រសួងលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរដែលមានលទ្ធភាព ចូលរួមទិញនឹងសង់លំនៅឋានទេសចរណ៍ និងប្រកបអាជីវកម្មផ្សេងៗ។
ឯកឧត្ដមរដ្ឋមន្ត្រីមានប្រសាសន៍ថា រយៈពេល១០ថ្ងៃនេះគម្រោងលក់បាន៤០០០ឡូតិ៍ហើយសម្រាប់កូនខ្មែរ និងចាប់ពីពេលនេះទៅសប្ដាហ៍ក្រោយគឺត្រូវជំរុញឲ្យលក់បាន ១០០០០ឡូតិ៍បន្ថែមទៀតសម្រាប់កូនខ្មែរ។ «បើអត់មានថវិកាក្នុងការសាងសង់គឺទៅលំហែកាយចងតង់ ដាំបន្លែហូបខ្លួនឯង ថ្ងៃណាមានលុយយើងសង់ចង្ក្រានបាយមុនហើយតមកមុខ កុំឲ្យមានពាក្យថា បូកគោសុទ្ធតែវៀតណាម សុទ្ធតែចិន ឥឡូវបូកគោសម្រាប់កូនខ្មែរ កូនខ្មែរត្រូវតែមានការគាំទ្រ»។