ក្រុមហ៊ុនអង់គ្លេស ចាប់អារម្មណ៍វិនិយោគលើការផលិតនិងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា
(ភ្នំពេញ)៖ តំណាងក្រុមហ៊ុន Bridgemount Ltd របស់ចក្រភពអង់គ្លេស ដែលមានឯកទេសផ្នែកប្រឹក្សាយោបល់លើវិស័យវិស្វកម្ម បានបង្ហាញចេតនាវិនិយោគ លើ ការដំឡើងរោងចក្រផលិត និងផ្គត់ផ្គង់ទឹកស្អាត នៅក្នុងប្រទេសកម្ពុជា ដើម្បី ចូលរួមអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងលើកកម្ពស់ សុខមាលភាពរបស់ប្រជាពលរដ្ឋ។
គម្រោងខាងលើ ត្រូវបានបង្ហើបតាមរយៈជំនួបពិភាក្សាទ្វេភាគីរវាងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ខាលយ៉ាន ហ្គូស (Kalyan Ghosh) នាយកក្រុមហ៊ុន Bridgemount Ltd កាលពីព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ជុំវិញប្រធានបទកាលានុវត្តភាពវិនិយោគ និងការធ្វើធុរកិច្ច នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងឱកាសនោះ លោក ខាលយ៉ាន ហ្គូស បានជម្រាបលោកជំទាវ តឹករ៉េត កំរង អំពីសាវតា និងគោលបំណងរបស់ក្រុមហ៊ុន Bridgemount Ltd ព្រមទាំងគម្រោងដែលក្រុមហ៊ុនរបស់លោក បានផ្តល់សេវាប្រឹក្សា និងសហការវិនិយោគ មានដូចជា៖ ការថែទាំសុខភាព ការផលិតទឹកស្អាត ការដំឡើងស្ថានីយថាមពលព្រះអាទិត្យ និងការគាំទ្របច្ចេកទេសកសិកម្ម។
ជាការឆ្លើយតប លោកជំទាវរដ្ឋលេខាធិការ តឹករ៉េត កំរង បានសម្តែង ការ ស្វាគមន៍ ចំពោះគម្រោងវិនិយោគខាងលើ និងបានជម្រាបជូនលោក ខាល យ៉ាន ហ្គូស អំពីវឌ្ឍនភាព និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា គោលនយោបាយវិនិយោគ ព្រមទាំង វិស័យអាទិភាព ដែលរាជរដ្ឋាភិបាល បានកំណត់នៅ ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣។
លោកជំទាវរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តលោកនាយកក្រុមហ៊ុន និងសហការី បន្តជួបពិភាក្សាអំពីគម្រោងនេះ ជាមួយស្ថាប័នពាក់ព័ន្ធមានដូចជា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់អំពីនីតិវិធី និងលក្ខខណ្ឌតម្រូវផ្សេងៗ ហើយក្រសួងពាណិជ្ជកម្ម នឹងរង់ចាំជួយ សម្របសម្រួល លិខិតបទដ្ឋានគតិយុត្ត ដើម្បីឱ្យក្រុមហ៊ុនអាចធ្វើប្រតិបត្តិការធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ដោយស្របច្បាប់ និងទទួលបានជោគជ័យ៕
ដោយ៖ ស្រីពេជ្រ