ដៃគូប្រកួតប្រជែងធំរបស់ Amazon ក្រុមហ៊ុន Alibaba កំពុងរាតត្បាតទៅទីផ្សារអ៊ឺរ៉ុប
យោងតាមសារព័ត៌មាន Business Insider បានឲ្យដឹងថាក្រុមហ៊ុនលក់ទំនិញតាមអ៊ិនធឺណែតធំជាងគេរបស់ប្រទេសចិន Alibaba កំពុងបង្កើនវត្តមានរបស់ខ្លួននៅក្រៅប្រទេសដែលបច្ចុប្បន្ននេះកំពុងវាយលុកទីផ្សារអ៊ឺរ៉ុប។
កាលពីថ្ងៃអាទិត្យក្រុមហ៊ុនលក់រាយដ៏ធំ Alibaba បានដាក់បង្ហាញហាងអឺរ៉ុបដំបូងរបស់ខ្លួននៅទីក្រុងម៉ាឌ្រីត (Madrid) ប្រទេសអេស្ប៉ាញនៅមជ្ឈមណ្ឌលផ្សារទំនើប Xanadú។ ហាងថ្មីស្ថិតនៅក្រោមបដា AliExpress ដែលជាសេវាកម្មលក់ទំនិញដល់អតិថិជននិងមានបន្ទប់តាំងបង្ហាញដែលអ្នកដើរផ្សារអាចមករកមើលនិងសាកល្បងធ្វើតេស្តផលិតផលចម្រុះជាង ១០០០ មុខមកពី ៦០ ម៉ាករបស់ក្រុមហ៊ុនមួយនេះហើយអាចធ្វើការកម្មុងទិញតាម online បាន។
ការវាយលុកទីផ្សារអឺរ៉ុបគឺជាផែនការដ៏ធំរបស់ Alibaba ក្នុងការបង្កើនចំណែកទីផ្សារពិភពលោករបស់ខ្លួននិងប្រកួតប្រជែងនឹងក្រុមហ៊ុន Amazon ដែលចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាមេរិកមួយនេះច្រើនជាងបួនដងនៃទំហំទីផ្សាររបស់ខ្លួន។ ខណៈពេលដែលក្រុមហ៊ុន Alibaba កាន់កាប់ចំណែកទីផ្សារ ៥៦ ភាគរយនៅក្នុងប្រទេសចិននិងមានអតិថិជនកំពុងកើនឡើងក្នុងអត្រាយ៉ាងលឿនដែលមានអតិថិជនចំនួន ៦៧៤ លាននាក់រួចមកហើយក៍ក្រុមហ៊ុននេះនៅតែមានសន្ទុះកំណើនអតិថិជនដល់ទៅ ១២១ លាននាក់នៅក្នុងត្រីមាសចុងក្រោយនេះ។
ចំណុចនេះហើយដែលអាចអោយក្រុមហ៊ុនចិនមួយនេះអាចលោតហក់វាយលុកទីផ្សារអន្តរជាតិទៅក្នុងតំបន់អ៊ឺរ៉ុបបាន។ ហើយនៅដើមឆ្នាំ ២០១៨ នេះក្រុមហ៊ុន Alibaba បានបញ្ចេញយុទ្ធសាស្ត្ររបស់ខ្លូនក្នុងការបង្កើតបណ្ដាញសាខារបស់ខ្លួនដែលយុទ្ធសាស្ត្រនេះគឺដូចនឹងយុទ្ធសាស្ត្រពង្រីកទីផ្សាររបស់ក្រុមហ៊ុន Amazon ដែលក្រុមហ៊ុនទាំងនោះអាចធ្វើការលក់របស់របរទឲ្យអតិថិជនតាមរយៈបណ្តាញសាខាចែកចាយរបស់ខ្លួន។
ក្រៅពីវាយលុកទីផ្សារអ៊ឺរ៉ុប ក្រុមហ៊ុន Alibaba ក៏បានសម្លឹងមើលឃើញពីឱកាសក្នុងការពង្រីកផ្នែកលក់ដុំនៃអាជីវកម្មរបស់ខ្លួននៅសហរដ្ឋអាមេរិកដែលត្រូវបានធ្វើឡើងនៅលើវេទិកា Alibaba.com ។ ហើយទឹកដីសហរដ្ឋអាមេរិកនេះគឺជាទឹកដីដើមកំណើតរបស់ក្រុមហ៊ុនយក្យ Amazon ដែលការឈ្លានពានរបស់ក្រុមហ៊ុនយក្យចិនមួយនេះអាចនឹងជួបប្រទះការប្រកួតប្រជែងយ៉ាងខ្លាំងជាមួយនឹងក្រុមហ៊ុន Amazon៕
ដោយ៖ នឿន វណ្ណៈ