កម្ពុជា-ម៉ាឡេស៊ីនៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ខណៈទំហំពាណិជ្ជកម្មកើនជាង៤០០លានដុល្លារ
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា « បច្ចុប្បន្នកំពុងមានកំណើនធុរកិច្ចម៉ាឡេស៊ីជាច្រើនមកកាន់កម្ពុជា ហើយនៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួនប្រមាណជាង ៥០០លានដុល្លារអាមេរិក និងទើបតែឆមាសទី១ឆ្នាំ២០១៩ប៉ុណ្ណោះ ទំហំពាណិជ្ជកម្មកើនឡើងរហូតជាង៤០០លានដុល្លារអាមេរិក»។
ការលើកឡើងនេះធ្វើឡើងនៅក្នុងពិធី "ចុះហត្ថលេខា និងអញ្ជើញប្រកាសព័ត៌មានរួម" នាវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្ដម មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយតាមរយៈហ្វេសប៊ុកផេករបស់ សម្ដេច ហ៊ុន សែន។
ជាមួយគ្នានោះផងដែរ សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី សម្ដេច រួមនឹងឯកឧត្ដមមហាធា បានឯកភាពឲ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីររិះរកវិធីពង្រីកសហប្រតិបត្តិការនៃវិស័យនេះបន្ថែមទៀត។ ជាមួយគ្នានេះផងដែរ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានបានលើកឡើងថា ក្នុងនាមជាប្រទេសជិតខាងគ្នាទំនាក់ទំនងពាណិជ្ជកម្មគឺជារឿងសំខាន់ ហើយនៅពេលត្រឡប់ទៅវិញឯកឧត្ដមនឹងប្រាប់ពលរដ្ឋម៉ាឡេស៊ីថាតើគួរទិញអ្វីបន្ថែមទៀតពីកម្ពុជា៕
ដោយ៖ ជួប ស្រីរ័ត្ន