លក្ខណៈពិសេសនៃការចំណាយសំខាន់ៗចំនួន ១១ ចំណុចរបស់រដ្ឋាភិបាលអាមេរិកទៅលើប្រធានាធិបតី
នៅពេលប្រធានាធិបតីថ្មីចូលមកកាន់តំណែង រដ្ឋាភិបាលអាមេរិកក៏ត្រូវមានបន្ទុកមួយដែរគឺការទទួលខុសត្រូវរ៉ាប់រងលើការចំណាយនានារាប់ចាប់តាំងពីកន្លែងស្នាក់នៅ ការហូបចុក ការកម្សាន្ត កងសន្តិសុខ និងចំណាយផ្សេងៗទៀតទាំងនៅអំឡុងពេល និងក្រោយពេលអស់តំណែងទាក់ទងទៅនឹងជីវិតឯកជនរបស់ប្រធានាធិបតី។ នៅខាងក្រោមនេះ អ្នកនឹងបានស្វែងយល់បានលម្អិតពីការចំណាយទាំងនោះ៖
១.ទទួលបានប្រាក់ខែ ៦ ខ្ទង់
ប្រធានាធិបតីអាមេរិកនៅពេលបច្ចុប្បន្ននេះ ទទួលបានប្រាក់ខែ ៤ សែនដុល្លារក្នុងមួយឆ្នាំដែលនេះមិនរាប់បញ្ចូលប្រាក់ឧបត្ថម្ភ ៥ ម៉ឺនដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំៗឡើយ។ សម្រាប់លោក Trump ក្រៅពីប្រាក់ខែ លោកទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ធ្វើដំណើរ ១ សែនដុល្លារ និង ១៩ ០០០ ដុល្លារផ្សេងទៀតសម្រាប់ចំណាយលើកម្មវិធីកម្សាន្តនានា។ ប្រាក់ខែប្រធានាធិបតីក៏ជាប់ពន្ធដែរ ហើយមិនមានប្រាក់រង្វាន់ (Bonus) ប្រចាំឆ្នាំឡើយ។
២.ត្រូវមករស់នៅក្នុងសេតវិមានពេលក្លាយជាប្រធានាធិបតី
សេតវិមានបានក្លាយជាភូមិគ្រឹះសម្រាប់ប្រធានាធិបតីអាមេរិកគ្រប់រូបចាប់តាំងពីឆ្នាំ ១៧៩២ មក។ ជាមួយនឹងកម្ពស់ ៦ ជាន់ និង ១៣២ បន្ទប់ ប្រធានាធិបតីដែលជាប់ឆ្នោតក្លាយជាប្រធានាធិបតី ត្រូវតែផ្លាស់ប្ដូរទីលំនៅមករស់នៅទីនេះ។
៣.ផ្លាស់មកនៅភ្លាម ប្រធានាធិបតីទទួលបានប្រាក់ឧបត្ថម្ភ ១ សែនដុល្លារដើម្បីតុបតែងកន្លែងស្នាក់នៅ
រាល់ប្រធានាធិបតីដែលចូលមករស់នៅទីនេះថ្មីថ្មោង ត្រូវបានផ្តល់ប្រាក់ឧបត្ថម្ភ ១ សែនដុល្លារសម្រាប់ចំណែកលើការតុបតែង និងរៀបចំលំអបន្ទប់ស្នាក់នៅ។ កាលលោក Obama នៅកាន់តំណែងលោកបដិសេធន៍មិនទទួលយកប្រាក់ឧបត្ថម្ភនេះឡើយ ដោយលោកសុខចិត្តចេញលុយពីហោប៉ៅរបស់លោក ខណៈមកសម័យលោក Trump លោកបានចំណាយដល់ទៅ ១,៧៥ លានដុល្លារឯណោះ។
៤.ប្រធានាធិបតីមិនអាចមើលភាពយន្តនៅខាងក្រៅដូចគេដូចឯងបានឡើយ
អតីតប្រធានាធិបតីអាមេរិកលោក Franklin Roosevelt បានរៀបចំបន្ទប់រោងកុនមួយនៅក្នុងសេតវិមានដែលអាចផ្ទុកកៅអីសម្រាប់អ្នកទស្សនា ៥១ កៅអី។ ដូច្នេះរាល់ប្រធានាធិបតីទាំងអស់តម្រូវឲ្យមើលភាពយន្តនៅក្នុងបន្ទប់នេះ ពោលមិនអាចចេញទៅមើលខាងក្រៅដូចសាធារណជនទូទៅបានឡើយ។
៥.ប្រធានាធិបតីអាចសម្រាកលំហែនៅកន្លែងផ្សេងទៀតបាន
ក្រៅពីស្នាក់នៅសេតវិមាន ប្រធានាធិបតីក៏អាចសម្រាកដើរកម្សាន្តនៅកន្លែងផ្សេងបានដែរ។ ឧទ្យានភ្នំ Catoctin ស្ថិតនៅក្នុងតំបន់ Frederick County រដ្ឋ Maryland គឺជាទីតាំងកម្សាន្តរៀបចំទុកមួយសម្រាប់ប្រធានាធិបតីគ្រប់រូបសម្រាប់សម្រាកលំហែតាំងពីឆ្នាំ ១៩៣០ មក ។
៦.ប្រធានាធិបតីជាអ្នកមានសិទ្ធិប្រើប្រាស់យន្តហោះពិសេស Air Force One តែមួយគត់
យន្តហោះ Boeing 747-200B គឺជាយន្តហោះពិសេស (Air Force One) តែមួយគត់របស់ប្រធានាធិបតីសម្រាប់ប្រើប្រាស់នៅពេលមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសនានានៅជុំវិញពិភពលោក។ ជាមួយនឹងការបំពាក់បច្ចេកវិទ្យាទំនើបៗ និងលក្ខណៈពិសេសជាច្រើនទៀតប្រកបដោយសុវត្ថិភាពខ្ពស់ រដ្ឋាភិបាលត្រូវចំណាយលុយដល់ទៅ ២ សែនដុល្លារក្នុងមួយម៉ោងនៅពេលយន្តហោះនេះចេញដំណើរ។
៧.ប្រធានាធិបតីក៏មានសិទ្ធិផងដែរក្នុងការប្រើប្រាស់ឧទ្ធម្ភាគចក្រ Marine One
ប្រសិនបើមានដំណើរទស្សនកិច្ចក្នុងស្រុក ឬនៅតំបន់ជិតៗ ប្រធានាធិបតីច្រើនប្រើប្រាស់ឧទ្ធម្ភាគចក្រ Marine One ជំនួសវិញ។ លក្ខណៈពិសេសនៃយន្តហោះនេះ គឺសុវត្ថិភាព បំពាក់គ្រឿងសព្វាវុធមីស៊ីលទំនើបៗ និងបច្ចេកវិទ្យាខ្ពស់មិនចាញ់យន្តហោះ Air Force One ប៉ុន្មានឡើយ ហើយអាចហោះហើរបានដល់ទៅជិត ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោងពេលមានអាសន្ន បើទោះបីជាម៉ាស៊ីនណាមួយឈប់ដំណើរការក៏ដោយ។
៨.ប្រធានាធិបតីនឹងត្រូវបានកងសន្តិសុខការពារពេញមួយជីវិត
នៅពេលកំពុងកាន់តំណែង ប្រធានាធិបតីត្រូវបានកងសន្តិសុខការពារសុវត្ថិភាពយ៉ាងតឹងតែងបំផុត។ ប៉ុន្តែការពារសុវត្ថិភាពនេះមិនមែនបញ្ចប់ត្រឹមពេលប្រធានាធិបតីអស់អាណត្តិនោះឡើយ ពោលគឺត្រូវធ្វើឡើងពេញមួយជីវិតរបស់លោក ខណៈកូនៗត្រូវមានកងសន្តិសុខការពាររហូតដល់អាយុ ១៦ឆ្នាំ។ កាលពីឆ្នាំ ២០១៧ កន្លងទៅ ការចំណាយលើកងសន្តិសុខរបស់រដ្ឋាភិបាលអាមេរិកមានរហូតដល់ទៅ ១,៩ ពាន់លានដុល្លារឯណោះ។
៩.រថយន្តរថក្រោះ The Beasts
The Beasts គឺជារថយន្តដ៏មានសុវត្ថិភាពបំផុតរបស់ប្រធានាធិបតី។ គេចាត់ទុកវាដូចជារថក្រោះ និងបន្ទប់ចល័តទៅហើយរបស់ប្រធានាធិបតីត្បិតអីវាបានបំពាក់ដោយបច្ចេកវិទ្យាពិសេសៗ ការពារការវាយប្រហារដោយកាំភ្លើងស៊ីប គ្រាប់បែក និងការវាយឆ្មក់ៗផ្សេងៗទៀតដែលអាចកើតមានឡើងដោយយថាហេតុ។
១០.ប្រធានាធិបតីចូលនិវត្តន៍ក៏មានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ដំណើរកម្សាន្តដែរ
រដ្ឋបាលសេវាកម្មទូទៅ (General Service Administration) ត្រូវផ្តល់ប្រាក់ឧបត្ថម្ភដល់អតីតប្រធានាធិបតីឲ្យបានគ្រប់គ្រាន់សម្រាប់ចំណាយលើការធ្វើដំណើរកម្សាន្ត និងទស្សនកិច្ចការងារផ្ទាល់ខ្លួន។ សភា អាមេរិកបានបង្កើតច្បាប់នេះដោយតម្រូវឲ្យផ្តល់ប្រាក់ចំនួន ២ សែនដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែលោក អូបាម៉ាអតីតប្រធានាធិបតីបានបោះឆ្នោតវេតូមិនអនុម័តដោយសារតែលោកយល់ថា ចំនួននេះគឺជាការខ្ជះខ្ជាយថវិកាជាតិច្រើនពេក។
១១.ការផ្លាស់ប្ដូរពីរដ្ឋបាលមួយទៅរដ្ឋបាលមួយទៀតក៏ត្រូវការចំណាយប្រាក់ច្រើនដែរ
ការផ្លាស់ប្ដូរពីរដ្ឋបាលមួយទៅរដ្ឋបាលថ្មីមួយទៀតដែលនឹងចូលមកជំនួសតំណែងរដ្ឋបាលចាស់ ក៏ត្រូវការចំណាយប្រាក់ច្រើនដែរ។ គេចាំបានថា នៅពេលដែលរដ្ឋបាលលោកអូបាម៉ាចូលមកកាន់តំណែងដំបូងជំនួសរដ្ឋបាលលោក ប៊ួស បានចំណាយដល់ទៅ ៩,៣ លានដុល្លារកាលពីឆ្នាំ ២០០៨ កន្លងទៅ។ ការចំណាយនេះធ្វើ ឡើងទៅលើដូចជា បុគ្គលិករៀបចំកន្លែងស្នាក់នៅ ថ្លៃចំណាយសម្រាប់អតីតភាពការងាររបស់បុគ្គលិករដ្ឋបាលចាស់ សេវាកម្មទំនាក់ទំនង ប្រៃសនីយ៍ និងការចំណាយផ្សេងៗទៀត។
សូមបញ្ជាក់ថា ការចំណាយដែលបានបង្ហាញខាងលើនេះ គឺមានលក្ខណៈត្រួសៗប៉ុណ្ណោះ។ នៅក្នុងទិដ្ឋភាពជាក់ស្តែង រដ្ឋាភិបាលសហព័ន្ធត្រូវចំណាយលើប្រធានាធិបតី បុគ្គលិក និងសម្ភារៈផ្សេងៗទៀតដែលបម្រើការងារឲ្យប្រធានាធិបតីក្នុងសេតវិមាននេះ៕
ប្រភព៖ Businessinsider