តូចតែខ្លឹម សិង្ហបុរីទម្លាក់អាមេរិកចេញពីចំណាត់ថ្នាក់លេខ ១ លើតារាងចំណាត់ថ្នាក់ការប្រកួតប្រជែងពិភពលោក​



ថ្មីៗនេះប្រទេសកូនកោះ សិង្ហបុរី ត្រូវគេដាក់ឈ្មោះថាជាប្រទេសដែលមានការប្រកួតប្រជែងខ្លាំងជាងគេបំផុតនៅលើពិភពលោកដែលបានទម្លាក់អតីតប្រទេសលេខ១ អាមេរិក ដែលឥឡូវនេះទៅលំដាប់ទី ៣ ឯហុងកុងស្ថិតនៅចន្លោះប្រទេសទាំងពីរនៅក្នុងលំដាប់ទី ២ បន្ទាប់ពីសិង្ហបុរី។

យោងតាម International Institute for Management Development (IMD) វាជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយផងដែរចំពោះកូនប្រទេសមួយនេះព្រោះនេះជាលើកទីមួយហើយដែលប្រទេសមួយនេះមានវត្តមានលើតារាងចំណាត់ថ្នាក់ការប្រកួតប្រជែងពិភពលោក (World Competitiveness Ranking) ក្នុងចំណោមកំពូលប្រទេសទាំង ២០ ដែលមានការប្រកួតប្រជែងខ្លាំងក្លាជាងគេលើពិភពលោក។

ការដាក់ពិន្ទុនេះគឺពឹងផ្អែកលើចំណុចលក្ខណៈទាំង ២៣៥ ដែលមានស្ថិតិរឹង (hard statistic) ដូចជាភាពអត់ការងារធ្វើ ផលិតផលក្នុងស្រុកសរុប (GDP) និងការចំណាយរបស់រដ្ឋាភិបាលទៅលើសុខភាពនិងការអប់រំជាដើម។ ហើយក៍មានរង្វាយតម្លៃពីស្ថិតិទន់ (soft statistics) មានដូចជាមិតិពាក់ព័ន្ធនឹងបញ្ហាសង្គម សាកលភាវូបនីយកម្ម និងអំពើពុករលួយជាដើម។

បន្ទាប់មកព័ត៌មានទាំងនោះត្រូវបានប្រើប្រាស់ដើម្បីដាក់ពិន្ទុប្រទេសនីមួយៗលើចំណុច ៤ ប្រភេទគឺលទ្ធផលសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ប្រសិទ្ធភាពរដ្ឋាភិបាល និងប្រសិទ្ធភាពអាជីវកម្ម។ ហើយរបាយការណ៍នេះបានចាត់ចំណាត់ថ្នាក់ប្រទេសសិង្ហបុរីលំដាប់ទី ៣ នៅលើពិភពលោកសម្រាប់ប្រសិទ្ធភាពរដ្ឋាភិបាលដែលនៅពីក្រោយហុងកុងនិងអារ៉ាប់រួមហើយក៏ជាប់ចំណាត់ថ្នាក់ទី ៥ ផងដែរនៅក្នុងប្រភេទនៃការអនុវត្តសេដ្ឋកិច្ចនិងអាជីវកម្មច្នៃប្រឌិត។ ប៉ុន្តែប្រទេសមួយនេះមិនបានស្ថិតក្នុងចំណោមកំពូលប្រទេសទាំង ៥ លើការដាក់ពិន្ទុហេដ្ឋារចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធភាពនោះទេ។ ប៉ុន្តែលក្ខណៈដែលជម្រុញអោយប្រទេសមួយនេះអាចលោតហក់ដល់ចំណុចកំពូលនេះគឺដោយសារតែមានការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាជឿនលឿន ភាពមានពលកម្មជំនាញ ច្បាប់អន្តោប្រវេសន៍មានអំណោយផល និងមធ្យោបាយប្រកបដោយប្រសិទ្ធភាពក្នុងការបង្កើតអាជីវកម្មថ្មីៗ ។

ដោយ៖ នឿន វណ្ណៈ

X
5s