Barcamp ASEAN នឹងវិលត្រលប់មកសារជាថ្មីក្នុងពេលឆាប់ៗខាងមុខ ជាមួយប្រធានបទ “រួមគ្នាឆ្ពោះទៅអនាគតឌីជីថល”​



បាខែមអាស៊ាន (Barcamp ASEAN)គឺជាសហគមន៍ពិភពលោកមួយដែលសហការជាមួយអង្គការនិងអាជីវកម្មផ្សេងៗក្នុងគោលបំណងបង្កើតវេទិកាមានអត្ថប្រយោជន៍សម្រាប់សង្គមកម្ពុជាតាមរយៈការចែករំលែកចំណេះដឹង បង្កើតកន្លែងចែករំលែកសំរាប់អ្នកច្នៃប្រឌិត និងជួយអភិវឌ្ឍធនធានមនុស្សលើវិស័យចម្រុះ។

រហូតមកដល់ពេលនេះ បាខែមមានកំណត់ត្រាអ្នកចូលរួមចំនួន ៥ ម៉ឺននាក់ដែលក្នុងនោះមាននិស្សិត អ្នកជំនាញ សហគ្រិន និងវាគ្មិនជាងមួយពាន់នាក់ សាកលវិទ្យាល័យចំនួន ២០ និងក្រុមហ៊ុននិងអង្គការផ្សេងៗចំនួន ២០០០។

បារខែមអាស៊ាន ២០១៩ បានប្រកាសថានឹងបើកសន្និសីទបច្ចេកវិទ្យានិងសហគមន៍សារជាថ្មីម្ដងទៀតនៅឆ្នាំនេះក្នុងរាជធានីភ្នំពេញរយៈពេល ២ ថ្ងៃនៅថ្ងៃទី ១២-១៣ ខែតុលាឆ្នាំ ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ITC ។ បន្ទាប់ពីទាក់ទាញអ្នកចូលរួមបាន ១ ម៉ឺននាក់កាលពីឆ្នាំមុនសន្និសីទបច្ចេកវិទ្យានឹងត្រលប់មកភ្នំពេញវិញនៅថ្ងៃទី ១២-១៣ ខែតុលាខាងមុខឆាប់ៗនេះ។

កាលពីឆ្នាំមុនព្រឹត្តិការណ៍នេះបានកត់សម្គាល់ពីភាពជោគជ័យដែលមានអ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះចំនួនមនុស្ស ១ ម៉ឺននាក់ ក្រុមហ៊ុននិងស្ថាប័នចំនួន ១០០០ ជាងនិងវាគ្មិនចំនួន ១០០ នាក់ជាងដែលបានពាំនាំនូវប្រធានបទល្អៗជាច្រើនមកចែករំលែកក្នុងព្រឹត្តិការណ៍នេះ។ ហើយគេសង្ឃឹមថានឹងមានការកើនឡើងនៃចំនួនអ្នកចូលរួមនិងវាគ្មិនព្រមទាំងក្រុមហ៊ុននិងស្ថាប័នក្នុងព្រឹត្តិការណ៍កាន់តែច្រើនទៀតក្នុងពេលខាងមុខនេះ។

បារខែមអាស៊ានឆ្នាំ ២០១៩ នេះនឹងលើកយកប្រធានបទ “រួមគ្នាឆ្ពោះទៅអនាគតឌីជីថល” ។ ហើយគោលបំណងធំរបស់ព្រឹត្តិការណ៍នេះគឺមានគោលបំណងដឹកនាំការអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជាដោយសម្លឹងមើលអនាគតនៃឌីជីថលមាន សេដ្ឋកិច្ចឌីជីថល ពលរដ្ឋឌីជីថល និងឧស្សាហកម្ម ៤.០ ។ ក្នុងព្រឹត្តិការណ៍រយៈពេល ២ថ្ងៃនេះនឹងផ្ដល់ឱកាសដល់អ្នកចូលរួមឲ្យមានឱកាសក្នុងសកម្មភាពមួយចំនួនដូចជាការចែករំលែកមតិនិងបទពិសោធន៍ កិច្ចពិភាក្សាបច្ចេកវិទ្យា ការពិភាក្សាជាក្រុម និងការបង្ហាញរបស់និស្សិតនិងការតាំងពិព័រណ៍ជាដើម។

ហើយថ្ងៃចុងក្រោយនឹងមានវត្តមានកម្មវិធី SMART TechTalk ដែលសហការរៀបចំដោយអ្នកឧបត្ថម្ភព្រឹត្តិការណ៍ធំនេះគឺក្រុមហ៊ុនបច្ចេកវិទ្យា Smart Axiata ដែលនឹងចូលរួមក្នុងកិច្ចពិភាក្សាជុំវិញប្រធានបទអនាគតឌីជីថលរបស់ប្រទេស៕

ដោយ៖ នឿន វណ្ណៈ

 

X
5s