ខែសែនក្បាលទឹកបានធ្វើឲ្យការនាំចូលរថយន្តក្នុងប្រទេសវៀតណាមមានការធ្លាក់ចុះជាខ្លាំង​



យោងតាម vnexpress បានឲ្យដឹងថាវៀតណាមបាននាំចូលរថយន្តតម្លើងប្រហែល ៩០០០ គ្រឿងនៅក្នុងខែសីហាប៉ុន្តែតាមទន្និន័យបានឲ្យដឹងថានេះជាការធ្លាក់ចុះជាង ៧ ខែមុនៗដែលមានចំនួនជាមធ្យមគឺ ១២៥០០ គ្រឿង។

យោងតាមការិយាល័យស្ថិតិទូទៅ (General Statistics Office) ការនាំចូលក្នុងខែនេះសរុបជាទឹកប្រាក់មានតម្លៃ ១៧៤ លានដុល្លារអាមេរិក។ ហើយអ្នកលក់រថយន្តបានបកស្រាយប្រាប់ពីមូលហេតុនៃការធ្លាក់ចុះយ៉ាងខ្លាំងក្នុងខែសីហានេះដោយប្រាប់ថាខែនេះត្រូវនឹងខែទី ៧ តាមច័ន្ទគតិដែលតាមប្រពៃណីក្បួនចិនគេប្រារព្ធពិធីមួយហៅថា“សែនក្បាលទឹក” ដែលអ្នកស្រុកជៀសវាងទិញរបស់ថ្មីៗដើម្បីចៀសវាងលាភសំណាងមិនល្អ។ សរុបមកប្រទេសវៀតណាមបាននាំចូលរថយន្តតម្លើងជាង ៩៦០០០ គ្រឿងដែលមានតម្លៃសរុប ២.១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ។

ទោះជាយ៉ាងណាក្ដីនេះ លទ្ធផលសរុបនៅតែបង្ហាញពីការកើនឡើងជាង ៣២០ ភាគរយនៃបរិមាណរថយន្តនាំចូលនិងជាង ៣០០ ភាគរយនៃតម្លៃជាទឹកប្រាក់បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននៅពេលដែលរដ្ឋាភិបាលបានចេញក្រឹត្យមួយដែលមានលក្ខខណ្ឌតឹងរឹងជាងមុនដោយតម្រូវឱ្យអ្នកនាំចូលផ្តល់វិញ្ញាបនបត្រជាក់លាក់ដើម្បីធានាបាននូវគុណភាពនិងប្រភពប្រទេសដែលបានផលិតរថយន្តនោះ៕

ដោយ៖ នឿន វណ្ណៈ

 

X
5s