រដ្ឋាភិបាលគ្រោងសង់ផ្លូវថ្មើរជើងថ្មីបង្អួតសម្រស់ទន្លេ៤មុខដល់ទេសចរអន្តរជាតិ
ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្ដើមលើកគម្រោងបង្កើតកញ្ចប់ទេសចរណ៍មួយកន្លែងនៅរាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ។ ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញបានសម្រេចបង្កើតក្រុមការងារពិសេសមួយ ដើម្បីចុះសិក្សាពីបញ្ហាផ្សេងៗជុំវិញការបង្កើតផ្លូវថ្មើរជើងថ្មីមួយនេះ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
ផ្លូវថ្មើរជើងតាមដងទន្លេនេះនឹងសាងសង់ចេញពី មុខប្រៃសណីយ៍ឆ្ពោះទៅមុខព្រះបរមរាជវាំង ដើម្បីទាក់ទាញ និងបំពេញតម្រូវការរបស់ទេសចរណ៍អន្តរជាតិ ដែលអនុញ្ញាតឲ្យពួកគាត់បានដើរស្រូបយកខ្យល់អាកាសបរិសុទ្ធ និងទស្សនាទិដ្ឋភាពដ៏ស្រស់ត្រកាលនៃទន្លេ៤មុខរបស់កម្ពុជា។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់សាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម ខួង ស្រេង អភិបាលរាជធានីភ្នំពេញ គម្រោងបង្កើតផ្លូវថ្មើរជើងនេះនិងក្លាយជាកញ្ចប់ទេសចរណ៍ថ្មីសម្រាប់រាជធានីភ្នំពេញ។ ក្នុងនោះដែរឯកឧត្ដមបានណែនាំឲ្យក្រុមការងារ សិក្សាពីពេលវេលា ប្រព័ន្ធបញ្ចៀសចរាចរណ៍ និងកន្លែងចំណតឲ្យបានត្រឹមត្រូវ ដើម្បីឲ្យកញ្ចប់ទេសចរណ៍ថ្មីនេះអាចដំណើរការទៅមុខដោយរលូន និងគ្មានការរំខានដល់ពលរដ្ឋ។
កន្លងមកឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានបញ្ជាក់ថា ផ្លូវថ្មើរជើងនេះនឹងបើកចំនួន៣ថ្ងៃក្នុងមួយសប្ដាហ៍ គឺក្នុងថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ដែលមិនអនុញ្ញាតឲ្យមានយានជំនិះឆ្លងកាត់ឡើយ ពោលគឺសម្រាប់តែថ្មើរជើងប៉ុណ្ណោះ។
គួរបញ្ជាក់ថា គម្រោងបង្កើតកញ្ចប់ទេសចរណ៍ថ្មើរជើងនេះធ្វើឡើងក្រោមកិច្ចសហការរវាងសាលារដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងទេសចរណ៍ ក្រោមការចង្អុលបង្ហាញដោយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕