បច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញល្បឿនអាជីវកម្ម ក៏​ដូចជា​វិស័យ​មូល​បត្រ​នៅកម្ពុជា​



នាព្រឹកថ្ងៃព្រហស្បត្តិ៍ទី ០៥ ខែកញ្ញា ឆ្នាំ ២០១៩ ផ្សារមូលបត្រកម្ពុជាបានរៀបចំកម្មវិធី “Executive Talk 2019” ក្រោមប្រធានបទ បច្ចេកវិទ្យា ពាណិជ្ជកម្មអនឡាញ និងអាជីវកម្មផ្សេងទៀត ដែលប្រារព្ធឡើងនៅអគារផ្សារមូលបត្រកម្ពុជា។

កម្មវិធីនេះមានការចូលរួមពីសំណាក់អគ្គនាយកផ្សារមូលបត្រកម្ពុជា ឯកឧត្តម ហុង សុខហួរ អគ្គនាយករងផ្សារមូលបត្រលោក ហា ចុងវិន និងវាគ្មិនចំនួនបីរូបគឺ លោក ប៊ុន ផាក ស្ថាបនិកក្រុមហ៊ុន Camazone និង Phzar.com លោកស្រី ប៉ុង លីមសាន ស្ថាបនិកក្រុមហ៊ុន First Womentech Asia និងលោក Yann Vaudin ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Voltra។

កម្មវិធីនេះមានការចូលរួមនិងទទួលបានការចាប់អារម្មណ៍ ពីតំណាងស្ថាប័ននានា និងសាធារណៈជនជាច្រើន។ ឯកឧតម្ត អគ្គនាយកបានមានប្រសាសន៍ថា នេះជាលើកទី ៦ ហើយដែលកម្មវិធីនេះបានរៀបចំឡើង ដោយការផ្តួចផ្តើមរៀបចំដំបូងកាលពីឆ្នាំ ២០១៧ គឺក្នុងគោលបំណងជួយដល់សហគ្រិនពង្រីកអាជីវកម្មបានកាន់តែលឿនតាមរយៈការផ្លាស់ប្តូរនូវគំនិតអាជីវកម្ម  និងបទពិសោធន៍នានា ក៏ដូចជាជួយដល់យុវជនដើម្បីស្វែងរកគំនិត និងគំរូអាជីវកម្មក្នុងក្តីស្រមៃរបស់ពួកគេ។

កម្មវិធីនេះក៏នឹងផ្តល់នូវចំណេះដឹងខ្លះអំពីការស្វែងរកហិរញ្ញប្បទានពីទីផ្សារមូលធន តាមរយៈការត្រៀមខ្លួនដើម្បីចូលទៅក្នុងផ្សារហ៊ុន ផ្សារមូលបត្រក៏បានធ្វើការអនុញ្ញាតឲ្យម្ចាស់អាជីវកម្ម ធ្វើការបោះផ្សាយលក់មូលបត្ររបស់ខ្លួន ក្រោមទម្រង់ផ្សេងៗ។ គោលដៅចុងក្រោយនេះអាជីវកម្មសម័យថ្មី ពោលគឺអាជីវកម្មដែលប្រើបច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្មអនឡាញ គឺធ្វើឲ្យអាជីវកម្មរបស់ខ្លួនមានលក្ខណៈស្តង់ដារ និងអាចចុះបញ្ជីបាននៅក្នុងទីផ្សារមូលបត្រដើម្បីធ្វើឲ្យតម្លៃក្រុមហ៊ុនរបស់ខ្លួនមានការកើនឡើងដល់កម្រិតអតិបរមាមួយ។ ដោយឡែកចំពោះវិនិយោគិនវិញ ក៏ធ្វើការសម្លឹងដើម្បីវិនិយោគជាមួយក្រុមហ៊ុនដែលមានសុខភាពរឹងមាំទាំងផ្នែកហិរញ្ញវត្ថុ និងសុខភាពនៃដំណើរប្រតិបត្តិការ ដូច្នេះការវិភាគលើអនាគតរបស់ក្រុមហ៊ុនក៏ជាកត្តាមួយសំខាន់ដើម្បីអាចក្លាយជាវិនិយោគិនជោគជ័យមួយរូបផងដែរ។

ឯកឧត្តមបានបញ្ជាក់ទៀតថា សម្រាប់អ្នកដែលបានចូលរួមកម្មវិធីនេះ ក៏ដូចជាសហគ្រិនសក្ដានុពលដែលមានបំណងបង្កើតអាជីវកម្ម  គួរពិចារណាបន្ថែមក្នុងការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន។ ដូចគ្នានេះ ម្ចាស់អាជីវកម្មដែលមានស្រាប់ក៏គួរពិចារណា និងរិះរកវិធីធ្វើយ៉ាងណាដើម្បីឲ្យអាជីវកម្មរបស់ខ្លួនមានការរីកចម្រើន និងមានលទ្ធភាពប្រកួតប្រជែង កាន់តែមានភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនងជាមួយអតិថិជនក៏ដូចជាអ្នកផ្គត់ផ្គង់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាមួយនេះ៕

ដោយ៖ យ៉ាយ៉ា

 

X
5s