៨​ខែ​ឆ្នាំ​២០១៩​កម្ពុជា​នាំ​ចេញ​អង្ករ​ជាង​៣៤ម៉ឺន​តោន​ កើន​ឡើង​តិច​តូច​បើ​ធៀប​នឹង​ឆ្នាំ​មុន​



តាម​របាយការណ៍​នាំ​ចេញ​អង្ករ របស់​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​ សម្រាប់​បំពេញ​បែបបទ​នាំ​ចេញ​អង្ករ បាន​បង្ហាញ​ថា ត្រឹម​រយៈពេល​៨​ខែ​ឆ្នាំ​២០១៩​នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​ចំនួន ៣៤២,០៤៥តោន ដែល​បាន​កើន​ឡើង​ត្រឹម​ ០,១% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨ ដែល​កម្ពុជា​យើង​បាន​នាំ​ចេញ​មាន​ចំនួន ៣៤១,៦៣៨តោន។

របាយការណ៍​ក៏​បាន​បញ្ជាក់​ដែរ​ថា ប្រទេស​ដែល​ជា​ទីផ្សារ​ធំ​សម្រាប់​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​រយៈពេល​៨ខែ​ឆ្នាំ​២០១៩​នេះ​គឺ ប្រទេស​ចិន​នៅ​តែ​ឈរ​ក្នុង​លំដាប់​ទី​មួយ​ ដែល​បាន​នាំ​ចូល​អង្ករ​កម្ពុជា​ចំនួន​១៣ម៉ឺនតោន ទន្ទឹម​គ្នា​នោះ​ប្រទេស​បារាំង​បាន​ឈរ​ជា​ទីផ្សារ​ធំ​លំដាប់​លេខ​១​ក្នុង​តំបន់​អឺរ៉ុប​ដែល​ទទួល​ទិញ​អង្ករ​ពី​ប្រទេស​កម្ពុជា​ច្រើន​ជាង​គេ មាន​ចំនួន​៥ម៉ឺន​តោន។ ក្រៅ​ពី​នោះ​រួម​មាន​ប្រទេស​ហ្កាបុង ឈរ​លំដាប់​ទី​២​ដែល​ទទួល​ទិញ​២ម៉ឺនតោន, ប្រុយណេ​ជាង​១,៦តោន និង​ម៉ាឡេស៊ី​ជាង​ ១,៥ម៉ឺនតោន។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆមាស​ទី​១​ឆ្នាំ​២០១៩​ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ចំនួន ២៨១,៥៣៨តោន និង​កើន​ឡើង​ ៣៧០ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨ ដែល​ការ​នាំ​ចេញ​មាន​ចំនួន ២៧១,៥៣៧តោន៕

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s