ទើប​តែ​ដើម​ខែ! កំពង់​ស្ពឺ​ទទួល​បាន​គម្រោង​វិនិយោគ​៣​បន្ថែម​ក្នុង​ទំហំ​ទុន​ជាង​១៥លានដុល្លារ​



នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​កំណើន​នៃ​គម្រោង​វិនិយោគ​នៅ​កម្ពុជា​កំពុង​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ជា​មួយ​គ្នា​នេះ​ផង​ដែរ ខេត្ត​កំពង់ស្ពឺ​តែង​ទទួល​បាន​គម្រោង​វិនិយោគ​ជា​ហូរហែ​មិន​ចាញ់​បណ្ដា​ខេត្ត​សក្ដានុពល​ផ្សេង​ទៀត​ឡើយ។ ជាក់​ស្ដែង​ទើប​តែ​ដើម​ខែ​កញ្ញា​ពី​ថ្ងៃ​ទី​០១ មក​ដល់​ទី​០៦​នេះ​ ខេត្ត​នេះ​បាន​ទទួល​គម្រោង​វិនិយោគ​ចំនួន​៣​បន្ថែម​ទៀត​ដែល​មាន​ទំហំ​ទុន​ ១៥,៦លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​អាច​បង្កើត​ឱកាស​ការងារ​បាន​រហូត​ដល់ ២,២០១កន្លែង។

ទី​មួយ​ក្រុមហ៊ុន “SILVER BEAUTY (CAMBODIA) ELECTRONIC AND LIGHTING CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​៣ ភូមិ​ទួល​ត្បែង ឃុំ ព្រៃ​វិហារ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៣,២លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៧៩​កន្លែង។ 

ទីពីរ​ក្រុមហ៊ុន “CUI ZHEN YUAN FOOD CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែ​ឈើ​គ្រប់​ប្រភេទ (ស្វាយ ចេក ម្នាស់ ស្វាយចន្ទី...) ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៦,៤លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៧៧​កន្លែង។ 

ទី៣​ក្រុមហ៊ុន “HIP KEUNG (CAMBODIA) MANUFACTURING CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ  ដែល​មាន​ទីតាំង វិនិយោគ​ស្ថិត​នៅ​ភូមិ​ព្រះខែ ឃុំ​កាហែង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៦លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៨៤៥​កន្លែង៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s