Alibaba ចំណាយ ២ពាន់លានដុល្លារទិញយក Kaola ដើម្បីពង្រីកសេវាកម្មលក់ទំនិញរបស់ខ្លួន
ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Alibaba Group បានទិញយកក្រមហ៊ុន Kaola ពីក្រុមហ៊ុនហ្គេមកម្សាន្តដ៏ធំមួយគឺ NetEase ក្នុងតម្លៃ ២ពាន់លានដុល្លារ ដើម្បីបង្កើតជាទីតាំងអាជីវកម្មអេឡិចត្រូនិកឆ្លងប្រទេសមួយ នេះបើយោងតាមក្រុមហ៊ុន Alibaba កាលពីថ្ងៃសុក្រកន្លងទៅ។
ក្រុមហ៊ុន Kaola នឹងបន្តដំណើរការដោយឯករាជ្យដែលស្ថិតនៅក្រោមឈ្មោះរបស់ខ្លួនដដែល ដែលមានលោក Alvin Liu ដែលជាអ្នកប្រធានគ្រប់គ្រងផ្នែកនាំចូលនិងនាំចេញរបស់ Tmall ដែលជាក្រុមហ៊ុនឈ្មួញកណ្ដាលលក់រាយទំនិញដែលជាបុត្រសម្ព័ន្ធរបស់ Alibaba នឹងធ្វើជានាយកប្រតិបត្តិរបស់ Kaola។
លោក Daniel Zhang ប្រធាននាយកប្រតិបត្តិរបស់ Alibaba Group បានមានប្រសាសន៍ថា «ជាមួយនឹង Kaola យើងនឹងអាចពង្រីកសេវាកម្មនាំចូលនិងបន្ថែមបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់ប្រជាជនចិនតាមរយៈការបញ្ចូលគ្នាក្នុងប្រព័ន្ធអេកូរបស់ Alibaba»។
ទីផ្សារពាណិជ្ជកម្មអនឡាញឆ្លងកាត់ប្រទេសអាចនឹងរំពឹងថារកចំណូលបាន ១០លានលានយ័ន (១.៤ទ្រីលានដុល្លារ) ត្រឹមឆ្នាំ២០១៩ ខណៈដែលច្បាប់ពាណិជ្ជកម្មរបស់ប្រទេសចិននឹងដាក់អនុវត្តនាដើមឆ្នាំនេះ។ ច្បាប់នេះមានគោលបំណងថែរក្សាការអភិវឌ្ឍនៃអាជីវកម្មកម្មអនឡាញនេះ។ នេះបើយោងតាមរបាយការណ៍កាលពីខែសីហាដែលធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ iiMedia Research។
ក្នុងរយៈពេលពាក់កណ្ដាលឆ្នាំ ២០១៩ ក្រុមហ៊ុន Kaola និង Tmall Global គឺជាទម្រង់ពាណិជ្ជកម្មអនឡាញឆ្លងប្រទេសក្នុងប្រទេសចិនដែលមានទំហំទីផ្សារ ២៧,៧ភាគរយ និង ២៥,១ភាគរយ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវខាងលើ។
បន្ថែមពីនេះទៀត Alibaba ជាមួយនឹងក្រុមហ៊ុន Yunfeng Capital ដែលជាក្រុមហ៊ុនបង្កើតឡើងដោយសហស្ថាបនិកលោក ជេក ម៉ា គ្រោងនឹងធ្វើការវិនិយោគបន្ថែមទឹកប្រាក់ ៧០០ លានដុល្លារ ទៅក្នុង NetEase Cloud Music ដោយក្រុមហ៊ុននៅតែជាអ្នកគ្រប់គ្រងភាគហ៊ុនដដែល។ NetEase Cloud Music មានអ្នកប្រើប្រាស់ប្រហែល ១៣២លាននាក់ប្រើប្រាស់ជាប្រចាំថ្ងៃ ជាប់ចំណាប់ថ្នាក់លេខ៥ក្នុងឧស្សាហកម្មនេះឈរពីក្រោយ Kugou, Quanmin K Ge, QQ Music និង Kuwo៕
ដោយ៖ លង់ វណ្ណៈ