មន្ត្រីជាន់ខ្ពស់ប្ដេជ្ញារួមគ្នាជំរុញកំណើនសិប្បកម្មផលិតគ្រាប់ស្វាយចន្ទីនាខេត្តកំពង់ធំ
ក្រោយពីមើលឃើញពីបញ្ញាមួយចំនួនរបស់សហគមន៍ទេសចរណ៍សំបូរព្រៃគុក ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយនិងឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ បានពួតដៃនិងប្ដេជ្ញាជំរុញការអភិវឌ្ឍសិប្បកម្មផលិតគ្រាប់ស្វាយចន្ទី រួមជាមួយនិងតម្បាញវល្លិរពាក់ឱ្យកាន់តែរីកចម្រើនឡើង ដើម្បីជួយជំរុញជីវភាពរស់នៅរបស់ប្រជាសហគមន៍ឲ្យកាន់តែប្រសើរជាងមុន។ នេះបើតាមក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានលើកឡើងថា បច្ចុប្បន្នមានការបណ្ដាក់ទុនចូលមកសមាគមឱ្យបកគ្រាប់ស្វាយចន្ទីជាបន្តបន្ទាប់ ដោយថ្មីៗនេះមានកិច្ចសន្យាបកគ្រាប់ស្វាយចន្ទីជាមួយក្រុមហ៊ុនអាល្លឺម៉ង់ និងបានចុះកិច្ចសន្យាជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនថៃ ដើម្បីបកគ្រាប់ស្វាយចន្ទី សម្រាប់ផែនការរយៈពេល៥ឆ្នាំ។ ប៉ុន្តែសមាគមនៅខ្វះទុនសម្រាប់ទិញគ្រាប់ស្តុកក្នុងឃ្លាំង ដើម្បីដំណើរការបកគ្រាប់ស្វាយចន្ទី។
ជាការឆ្លើយតបឯកឧត្ដម រដ្ឋមន្ត្រី បានបញ្ជាឲ្យមន្ត្រីជំនាញចុះដោះស្រាយភ្លាមៗចំពោះបញ្ហាខាងលើ។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្ដម សុខ លូ នៅចំពោះមុខប្រជាសហគមន៍ បានប្ដេជ្ញាជំរុញការអភិវឌ្ឍន៍សិប្បកម្មផលិតគ្រាប់ស្វាយចន្ទីនេះ ឱ្យបានសម្រេចជាផ្លែផ្កា។ បន្ថែមពីនេះ បានលើកទឹកចិត្តឱ្យប្រជាសហគមន៍ខិតខំដាំដើមរពាក់ ដើមឫស្សីឱ្យបានច្រើនឡើងវិញ ដើម្បីធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតជាផលិតផលតម្បាញនានា៕