ជំទាវឆាយស៊ីវ លីន៖ ប្រតិបត្តិករទេសចរណ៍ជាភ្នាក់ងារសំខាន់ក្នុងការផ្សព្វផ្សាយនិងជំរុញកំណើនទេសចរ
ភ្នំពេញ៖ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA ) ចង់ឲ្យប្រតិបត្តិករទេសចរណ៍និងភ្នាក់ងារពាក់ព័ន្ធ ចូលរួមអភិវឌ្ឍ និងផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅកម្ពុជាបន្ថែម ដើម្បីធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរចំណាយឲ្យបានច្រើននៅកម្ពុជា។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា «ដើម្បីឲ្យភ្ញៀវទេសចរយកលុយមកចាយឲ្យបានច្រើននៅកម្ពុជា ប្រតិបត្តិករទេសចរ និងភាគីពាក់ព័ន្ធ គួររៀបចំតម្លៃ និងសេវាកម្ម ឲ្យមានលក្ខណៈស្ដង់ដារួមមួយ ដើម្បីសម្រួល ដល់ការចាយវាយ និងស្នាក់នៅរបស់ភ្ញៀវទេសចរ»។
លោកជំទាវបន្ថែមថា ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ ឲ្យមកទស្សនានៅកម្ពុជា ឲ្យបានច្រើនបន្ថែម ក្រសួងទេសចរណ៍គួរតែលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ឲ្យបានច្រើន ឲ្យបន្តចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា ជាលក្ខណៈកញ្ចប់ទៅកាន់ទេសចរជាតិនិងអន្តរជាតិ។ ក៏ដូចជាជំរុញឲ្យមានការរុញរកនូវរមណីយដ្ឋានទេសចរណ៍ថ្មីៗបន្ថែម ខណៈដែលកម្ពុជា កំពុងផ្តោតសំខាន់ទៅទេសចរណ៍បែបធម្មជាតិ និងវប្បធម៍ ព្រោះកម្ពុជា សំបូរធនធានទេសចរណ៍បែប វប្បធម៍ប្រវត្តិសាស្ត្រ និងធម្មជាតិ។
ដើម្បីសម្រួលដល់ការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសបរទេសបន្ថែម ការពីពេលថ្មីនេះ ក្រសួងទេសចរណ៍ បានជំរុញឲ្យភាគីពាក់ព័ន្ធរួមគ្នាបង្កើតជា «សមាគមអាកាសចរណ៍» ដើម្បីចូលរួមការផ្សព្វផ្សាយ និងពង្រីកការហោះហើរត្រង់បន្ថែមទៅកាន់គោលដៅទេសចរណ៍សំខាន់ៗនៅជុំវិញពិភពលោក ខណៈបច្ចុប្បន្ន កម្ពុជាបាននិងកំពុងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ប្រទេសក្នុងតំបន់អាស៊ានចំនួន ៨ប្រទេស (រួមមាន ប្រទេសថៃ វៀតណាម ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី សឹង្ហបុរី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា) អាស៊ានបូកបី អារ៉ាប និងតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់បណ្តាប្រទេសផ្សេងៗទៀត។
បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ បនបង្ហាញថា សម្រាប់រយៈពេល៧ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣.៨លាននាក់ កើនឡើង ១១.១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដោយតាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់ ហើយតម្រូវការផ្សេងៗក្នុងឧស្សាហកម្មនេះ នឹងមានការកើនឡើងបន្ថែម ដោយក្នុងនោះ តម្រូវការបន្ទប់ស្នាក់នៅ លំដាប់ស្ដង់ដារ អាចនឹងកើនឡើងក្នុងរង្វង់ប្រមាណ ៧០០០-16000 បន្ទប់ នៅឆ្នាំ២០២០ ខាងមុខនេះ ។
គួរបញ្ជាក់ថា របាយការណ៍ពីក្រសួងទេសចរ ក៏បានបង្ហាញទៀតថា កាលពីឆ្នាំមុន វិស័យទេសចរណ៍កម្ពុជា អាចរកចំណូល បានប្រមាណ៤ ,៣៥ពាន់លានដុល្លារ អាមរិក និង រំពឹងកើនដល់៥ពាន់លាន ដុល្លារនៅឆ្នាំនេះ ដោយក្នុងនោះភ្ញៀវ ទេសចរចិន ដែលមកទស្សនាកម្ពុជាមាន ចំនួន៨៨៧,០៣៩ នាក់នៅក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ឈរនៅលេខរៀងទី១៕
ដោយ៖ ស្រីពេជ្រ