ដឹង​អត់! រយៈពេល​ជិត​២០​ឆ្នាំ កម្ពុជា​ទទួល​បាន​គម្រោង​សាងសង់​ជាង​៤​ម៉ឺន​គម្រោង​



គិត​ត្រឹម​ឆ្នាំ​២០០០ រហូត​ដល់​ខែ​កក្កដា ឆ្នាំ​២០១៩​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​លិខិត​អនុញ្ញាត​លើ​គម្រោង​សាងសង់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​សរុប​ចំនួន ៤៦ ១៣០គម្រោង និង​មាន​ផ្ទៃ​ក្រឡា​សំណង់​សរុប​ចំនួន ១២២ ៥៧១ ០២៨ ម៉ែត្រការ៉េ និង​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ៤៦ ២៤៧ ៩០៣ ៦០២ដុល្លារ។ នេះ​ដោយ​យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​កន្លង​ទៅ។

តាម​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា គម្រោង​អាគារ​ខ្ពស់ៗ​ដែល​មាន​កម្ពស់​ចាប់​ពី​៥ជាន់​ឡើង​ទៅ​លើ​មាន​ចំនួន ១,៤២៦អាគារ នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ក្នុង​នោះ អគារ​កម្ពស់​ពី​ ៥​ទៅ​៩​ជាន់​មាន​ចំនួន ៧៨០​អគារ, អគារ​ពី​១០ ទៅ​១៩​ជាន់​មាន​ចំនួន ៣៩៩អគារ, អគារ​ពី​២០​ទៅ​២៩​ជាន់​មាន​ចំនួន ១៣២អគារ, អគារ​ពី ​៣០​ទៅ​៣៩​ ជាន់​មាន​ចំនួន ៨៣អគារ និង​អគារ​ដែល​មាន​កម្ពស់​ពី​៤០​ឡើង​ទៅ​មាន​ចំនួន ៣២អគារ។ 

គួរ​បញ្ជាក់​ដែរ​ថា សម្រាប់​រយៈពេល​៧​ខែ​ក្នុង​ឆ្នាំ​២០១៩​នេះ ទិន្នន័យ​សំណង់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន ៥២៥គម្រោង លើ​ផ្ទៃ​ក្រឡា​សរុប​ចំនួន ២ ១៦០ ៣៨៤ម២ ក្នុង​ទំហំ​ទុន​ប្រមាណ ១ ១៧៣ ៧០៣ ៨៧៣ដុល្លារ។ ចំនួន​នេះ​បើ​ធៀប​ទៅ​នឹង រយៈពេល​ដូច​គ្នា​កាល​ឆ្នាំ​២០១៨​គឺ​បាន​កើ​ឡើង​ចំនួន ៣៩,២០%៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s