រដ្ឋាភិបាលកំពុងរឹតបន្តឹងនិង​ចាត់​វិធាន​ការ​ក្តៅ​លើផលិផល និងឱសថក្លែងក្លាយ​



នាព្រឹកថ្ងៃ ព្រហស្បត្តិ៍ ទី១២ ខែកញ្ញា ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) ស្តីពី “កិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយនូវផលិតផលក្លែងក្លាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។ 

ពិធីនេះប្រព្រឹត្តទៅបានយោងតាមសិទ្ធិប្រទានលេខ ៤៦ ស.ប្រ.ទ ចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រទានសិទ្ធិពេញសមត្ថភាពជូន នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក.) ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ។ ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ គ.ប.ផ.ក. អង្គទូតនានាប្រចាំនីកម្ពុជា តំណាងអគ្កនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ អង្គការនានា សមាជិក សមាជិកានៃ គ.ប.ផ.ក. និង EUROCHAM រួមទាំងក្រុមហ៊ុនឯកជនសរុបជាង ២០០ រូប។

នាឱកាសនោះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា មានប្រសាសន៍ថា បញ្ហាឱសថក្លែងក្លាយ ឱសថអន់គុណភាព ការរក្សាទុក និងបាត់បង់ប្រសិទ្ធភាពឱសថ បញ្ហាចំណីអាហារខូចគុណភាព មានផ្ទុកសារធាតុគីមីពុល ការលួចចម្លង ការរំលោភសិទ្ធិកម្មសិទ្ធិបញ្ញា រួមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ក្លែងក្លាយ សុទ្ធសឹងជាបញ្ហាប្រឈមដែលកំពុងញាំញី គំរាមកំហែងដល់សុខភាពប្រជាជនកម្ពុជា និងអ្នកប្រើប្រាស់ទាំងអស់។ បញ្ហាទាំងអស់នេះបានតម្រូវឲ្យមានការចាត់វិធានការបង្កើតយន្តការចម្រុះ និងធ្វើកិច្ចសហប្រតិបត្តិការទាំងថ្នាក់តំបន់ និងសកល និងអនុវត្តឲ្យមានប្រសិទ្ធិភាពនៃច្បាប់ជាតិ និងសន្ធិសញ្ញាអន្តរជាតិដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធប្រឆាំងលើនបទល្មើសនេះ ក៏ដូចជាការដាក់ទណ្ឌកម្មដល់ឧក្រិដ្ឋជនឲ្យបានធ្ងន់ធ្ងរតាមស្ថានទំងន់ទោសដែលមានចែងក្នុងច្បាប់។  

ឯកនាយឧត្តមសេនីយ៍ បានបន្តថា ការចុះអនុស្សរណៈយោគយល់គ្នានេះ ជាយន្តការ និងពង្រឹងការទទួលខុសត្រូវមួយបន្ថែមទៀតក្នុងកិច្ចការពារជាដៃគូរពាណិជ្ជកម្មសម្រាប់ទំនុកចិត្ត និងលំហូរវិនិយោគិនបរទេស ពិសេសពីប្រទេសប៉ែកអឺរ៉ុបមកកាន់ប្រទេសកម្ពុជា។ សកម្មភាពនៃការកំចាត់ និងបំផ្លាញចោលផលិតផលក្លែងក្លាយក្នុងពេលកន្លងមកត្រូវបានធ្វើឡើងចំពោះផលិតផលខុសច្បាប់រាប់តោន និងចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់រាប់សិបករណីរួមមកហើយ។

ដោយឡែកចំពោះ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ក៏បានលើកពីបញ្ហា EBA ដែរថា ចាប់តាំងពីខែកុម្ភៈមកសហគមន៍អឺរ៉ុបបានអនុវត្តការបណ្ណោះអាសន្នរយៈពេល ១៨ ខែ លើការធ្វើពាណិជ្ជកម្មដោយអនុគ្រោះពន្ធរបស់របស់កម្ពុជាទៅកាន់ទីផ្សារសហគមន៍ក្រោមគម្រោង EBA។ នាយឧត្តមសេនីយ៍ សង្ឃឹមថា កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាថ្ងៃនេះនឹងជាកំលាំងចលករ ក្នុងការជំរុញឲ្យសហគមន៍អឺរ៉ុបពិចារណាឡើងវិញលើចេតនា និងឆន្ទៈលើកិច្ចប្រឹងប្រែងសហការជាមួយសហគមន៍អឺរ៉ុន និងពិភពលោកទាំងមូល។ 

គួរបញ្ជាក់ងដែរថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងគ.ប.ផ.ក. និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានេះ គឺក្នុងគោលបំណងធ្វើកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយផលិតផលខុចគុណភាព ហួសកាលបរិច្ឆេទកំណត់ និងបំពានច្បាប់ដទៃទៀតនៅព្រះរាជាណាចក្រកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែបានផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងការពារដល់សុខុមាលភាពប្រជាពលរដ្ឋ ការពារវិនិយោគិនសុច្ចរិត និងសហគ្រាសទាំងឡាយដែលប្រកបរបរស្របច្បាប់ មានការប្រកួតប្រជែងត្រឹមត្រូវដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាទាំងមូល៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s