ក្រុមហ៊ុន​មួយ​ក្លាយ​ជា​ទីផ្សារ​ទឹកឃ្មុំនិង​ផ្ដល់​ចំណូល​រាប់​ម៉ឺន​ដុល្លារ​ដល់​ពលរដ្ឋ​​ក្នុងមួយឆ្នាំៗ​



ពលរដ្ឋ​សហគមន៍​នា​តំបន់​ខ្ពង់រាបនិង​តំបន់​សមុទ្រភាគច្រើន​នៅ​ពេល​ដែល​រក​ឃ្មុំ​បាន​តែង​យក​ទៅ​លក់​ក្នុង​របៀប​សាមញ្ញ​ធម្មតា​ដូច​ជា​ការ​ដាក់​លក់​ក្នុង​ដប​ទឹក​សុទ្ធ​ជា​ដើម។ ជា​មួយ​គ្នា​នេះលោក ពេជ្រ គឹមហ៊ាន នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ព្រៃ​ធម្មជាតិ​ ((NatureWild) បាន​លើក​ឡើង​ថា ដោយ​ចង់​ប្រែ​ក្លាយ​ទឹកឃ្មុំ​ព្រៃ​ទាំង​នោះ​ទៅ​ជា​ផលិតផល​ដែល​មាន​ស្តង់ដារ​និង​មាន​ម៉ាក​យីហោ​ត្រឹមត្រូវ ដែល​វា​នឹង​កាន់​តែ​ងាយ​ស្រួល​រក​ទីផ្សារ​ដល់​ពលរដ្ឋ​ផង​ទើប​សម្រេច​ចិត្ត​បង្កើត​ក្រុមហ៊ុន​មួយ​នេះ​ឡើង។ ហើយ​តាម​រយៈ​ក្រុមហ៊ុន​ពលរដ្ឋ​អាច​រក​ចំណូល​បាន​រហូត​ដល់​៣​ទៅ​៤​ម៉ឺន​ដុល្លារ​ឯណោះ​ក្នុង​មួយឆ្នាំៗ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​លោក​នាយក​ប្រតិបត្តិ​  ពេជ្រ គឹមហ៊ាន ប្រាប់​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​ឃ្មុំ​ព្រៃ​ពី​ពលរដ្ឋ​ចំនួន​៥​ខេត្ត មាន​សរុប​ប្រមាណ​ជា​៩៣០​គ្រួសារ ដែល​រួម​មាន​(សហគមន៍​ប្រមូល​ឃ្មុំ​ភូមិ​ពូតាំង ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី, សហគមន៍​ប្រមូល​ឃ្មុំ​ភូមិ​ទន្សោង​ធ្លាក់ ឃុំ​កំពង់​ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ ជា​ដើម)។ 

ក្រុមហ៊ុន​បាន​សហការ​ជា​មួយ សហព័ន្ធ​សហគ្រាស​ប្រមូល និង​អភិរក្ស​ឃ្មុំ​ព្រៃ​កម្ពុជា​ហៅ​កាត់​ថា CBHE ដោយ​ខាង​សហគ្រាស​ជា​អ្នក​ប្រមូល​ទិញ​ឃ្មុំ​ផ្ទាល់​ពី​ពលរដ្ឋ ហើយ​ខាង​ក្រុមហ៊ុន​ជា​អ្នក​ទិញ​បន្ត និង​ធ្វើ​ការ​វេចខ្ចប់​តាម​ស្តង់ដារ​អនាម័យ​ត្រឹមត្រូវ ក្រោម​ម៉ាក​យីហោ "ឃ្មុំ​ព្រៃ" និង​បន្ត​ចែក​ចាយ​នា​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស។

ទោះ​ជា​តម្លៃ​ថ្លៃ​បន្តិច​ ប៉ុន្តែ​ "ឃ្មុំ​ព្រៃ" មាន​លក្ខណៈ​ពិសេស​ខ្លាំង​ណាស់។ លោក សាត វីរ៉ៃ មន្ត្រី​អភិវឌ្ឍន៍​សហគ្រាស​ជាន់​ខ្ពស់​នៃ​អង្គការ NTFP-EP ប្រាប់​ថា ឃ្មុំ​ព្រៃ​និង​ឃ្មុំ​ចិញ្ចឹម​បើ​ទោះ​ជា​មាន​រសជាតិ​ និង​កម្រិត​ប្រូតេអ៊ីន​ស្រដៀង​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​អត្ថប្រយោជន៍ ឬ​ភាព​ជា​ឱសថ​របស់​វា​គឺ​ខុស​គ្នា​ដាច់។ ឃ្មុំ​នៅ​ក្នុង​ព្រៃ​អាច​ហើរ​រហូត​ដល់​១៣​គីឡូម៉ែត្រ​ដើម្បី​ស្វែង​រក​ផ្កា ឬ​ប្រភព​ចំណី​អាហារ ហើយ​តាម​ការ​សិក្សា​ ដី​មួយ​ហិកតា​ក្នុង​តំបន់​ព្រៃ​អភិរក្ស មាន​រុក្ខជាតិ​រហូត​រាប់​រយ​ប្រភេទ​ឯណោះ ដូច្នេះ​បើ​និយាយ​ពី​ភាព​ជា​ឱសថ​របស់​ឃ្មុំ​ព្រៃ​គឺ​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្បូរ​បែប។

លោក  ពេជ្រ គឹមហ៊ាន «យើង​គួរ​ជ្រើស​រើស​ផលិតផល​ណា​ដែល​អាច​ផ្ដល់​ប្រយោជន៍​ដល់​សហគមន៍ ជា​ជាង​ទៅ​គាំទ្រ​ផលិតផល​ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស»៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s