សញ្ញាវិជ្ជមាននៅពេលសន្ទស្សន៍ ផ.ម.ក. បានកើនឡើងដល់ចំណុចខ្ពស់បំផុតក្នុងរយៈពេល៦ឆ្នាំ
យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក)កាលពីថ្ងៃសុក្រទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៩ បានឲ្យដឹងថា សន្ទស្សន៍ ផ.ម.ក. នៅថ្ងៃនេះបានបិទនៅចំនួន ៧១៤.៤៨ ពិន្ទុ ដែលជាតួលេខខ្ពស់បំផុតគិតចាប់ពីដើមឆ្នាំ ២០១៣។ សន្ទស្សន៍ ផ.ម.ក. ដែលតំណាងឲ្យបម្រែបម្រួលថ្លៃជារួមរបស់ភាគហ៊ុនចុះបញ្ជីទាំងអស់ បានកើនឡើងជាង ១០០% គិតចាប់ពីត្រីមាសទី៤ ឆ្នាំ ២០១៨។ នេះបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនទៅលើក្រុមហ៊ុនចុះបញ្ជីក្នុង ផ.ម.ក. ដែលស្តែងតាមរយៈការកើនឡើងនូវតម្រូវការលើភាគហ៊ុនរបស់កុ្រមហ៊ុនចុះបញ្ជីទាំងនោះ។
គួររម្លឹកថា សន្ទស្សន៍ ផ.ម.ក. បានចាប់ផ្តើមជាមួយភាគហ៊ុនត្រឹមចំនួនមួយប៉ុណ្ណោះក្នុងឆ្នាំ ២០១២ ដែលមានពិន្ទុចំនួន ១០០០។ សន្ទស្សន៍នេះ ក៏បានធ្លាក់ចុះជាលំដាប់មកនៅក្រោម ៧០០ ពិន្ទុ និងបន្តធ្លាក់ចុះដល់ចំនុចទាបបំផុត ដែលមានតួលេខត្រឹមតែ ៣០៩ ពិន្ទុ ក្នុងឆ្នាំ ២០១៦ ហើយរក្សាពិន្ទុក្រោម ៤០០ រហូតដល់ចុងឆ្នាំ ២០១៨។ បន្ទាប់មក សន្ទស្សន៍នេះ ក៏បានកើនមកវិញយ៉ាងគួរឲ្យកត់សំគាល់ដល់ ៥០០ ពិន្ទុនៅដើមឆ្នាំ ២០១៩ និងបន្តកើនឡើងជាលំដាប់ដល់ ៧១៤.៤៨ ពិន្ទុនៅថ្ងៃនេះ។
ការកើនឡើងដ៏គួរឲ្យកត់សំគាល់នេះ អាចបណ្តាលមកពីកត្តាមួយចំនួនដូចខាងក្រោម៖
• ទំនុកចិត្តនៃវិនិយោគិន៖ ការកើនឡើងដ៏គំហុកនៃចំនួនគណនី និងសកម្មភាពជួញដូរក្នុងកំឡុងពេល ១២ខែចុងក្រោយនេះបង្ហាញថា វិនិយោគិនមានទំនុកចិត្តមកលើទីផ្សារច្រើនជាងមុន។ កត្តានេះ បានបង្កើនតម្រូវការនៃការការវិនិយោគលើភាគហ៊ុន ជាពិសេសការវិនិយោគលើក្រុមហ៊ុនដែលមានស្ថានភាពអាជីវកម្មល្អប្រសើរដែលបណ្តាលឲ្យតម្លៃនៃភាគហ៊ុនកើនឡើង។
• ស្ថានភាពក្រុមហ៊ុន៖ អនុបាតចំណេញសុទ្ធ ជាមធ្យមនៃក្រុមហ៊ុនចុះបញ្ជីទាំងអស់ ក្នុងឆ្នាំ ២០១៨ មានតួលេខលើស ២០% ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និង លទ្ធផលល្អរបស់ក្រុមហ៊ុនចុះបញ្ជី។ ភាគហ៊ុនភាគច្រើនបានផ្តល់ទិន្នផលភាគលាភខ្ពស់ដែលបង្កើនភាពទាក់ទាញនៃការវិនិយោគក្នុង ផ.ម.ក.។ លទ្ធផលទាំងនេះជាចំនុចវិជ្ជមានដែលទាក់ទាញវិនិយោគិនថ្មីៗ មកវិនិយោគក្នុងផ្សារ និងធ្វើឲ្យតម្លៃភាគហ៊ុនកើនឡើង។
• ការបណ្តុះបណ្តាលវិនិយោគិន៖ ផ.ម.ក.បាន នឹងកំពុងផ្តល់នូវការជួយជ្រោមជ្រែងដល់វិនិយោគិនថ្មី និងវិនិយោគិនសក្តានុពលទាំងអស់ តាមរយៈការរៀបចំសិក្ខាសាកា វគ្គបណ្តុះបណ្តាល និងតាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗ ដើម្បីបង្ហាញអំពីឱកាស និងសក្តានុពលនៃការវិនិយោគក្នុង ផ.ម.ក.។
ជារួម កំណត់ត្រាថ្ងៃនេះ ជាជំហានថ្មីមួយទៀតសំរាប់ ផ.ម.ក. ក្រុមហ៊ុនចុះបញ្ជី ក៏ដូចជាទីផ្សារមូលបត្រទាំងមូលផងដែរ។
គួរបញ្ជាក់ផងដែរថា ដោយមើលឃើញពីតម្រូវការនៃការជួញដូរមូលបត្ររបស់វិនិយោគិនមានការកើនឡើង ទើបផ្សារមូលបត្រកម្ពុជាបានបង្កើនម៉ោងជួញដូរមូលបត្ររហូតទៅដល់ម៉ោង ៣ រសៀលសរុបម៉ោងជួញដូរទាំងអស់ ៧ ម៉ោង។ ការបង្កើនម៉ោងជួញដូរនេះទៀតសោតបានចាប់អនុវត្តពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ កន្លងមក តាមរយៈប្រកាសស្តីពីការដាក់ឲ្យអនុវត្តនូវវិធានកែប្រែប្រតិបត្តិការទីផ្សាររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា អនុម័តជាផ្លូវការដោយគណៈកម្មការមូលបត្រកម្ពុជាកាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០១៩៕
ដោយ៖ យ៉ាយ៉ា