រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍៨ ចំណុចទាក់ទងនឹងទ្រព្យសម្បត្តិមហាសេដ្ឋីទី១ក្នុងលោក Jeff Bezos
នៅពេលបច្ចុប្បន្ននេះ លោក Jeff Bezos គឺជាមហាសេដ្ឋីអាមេរិកមានជាងគេបំផុតក្នុងលោក និងជាប្រធានក្រុមហ៊ុនជំនួញតាមប្រព័ន្ធអេឡិចត្រូនិកយក្ស Amazon ដ៏ល្បីល្បាញ។ ជាមួយទ្រព្យសម្បត្តិដ៏ច្រើនមហាសាល ពោលគឺ ១១៣ ពាន់លានដុល្លារ ប្រិយមិត្តនឹងដឹងកាន់តែច្បាស់ពីរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍៨ ចំណុចទាក់ទងនឹងទ្រព្យសម្បត្តិមហាសេដ្ឋីរូបនេះ។
១. លោក Jeff Bezos គឺជាមហាសេដ្ឋីមានជាងគេបំផុតក្នុងលោកដែលមានទ្រព្យសម្បត្តិ ១១៣ ពាន់លានដុល្លារ។ ថ្វីត្បិតតែមានប្រាក់ខែត្រឹមតែ ៨១ ៨៤០ ដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែទ្រព្យសម្បត្តិដ៏ច្រើនមហាសាលរបស់លោកមិនមែនពឹងលើប្រាក់ខែនោះទេ ពោលគឺបានមកពីតម្លៃភាគហ៊ុននៅក្នុងក្រុមហ៊ុនយក្ស Amazon របស់លោក។
២. សារព័ត៌មាន Business Insider បានគណនាថា ក្នុងមួយវិនាទី មហាសេដ្ឋីរូបនេះអាចរកលុយបាន ២ ៤៨៩ ដុល្លារដែលចំនួននេះច្រើនជាង២ ដងនៃប្រាក់ចំណូលរបស់ពលរដ្ឋអាមេរិករកបានក្នុងមួយសប្តាហ៍។ ដូចនេះក្នុងមួយនាទី Jeff Bezos អាចរកចំណូលបាន ១៤៩ ៣៥៣ ដុល្លារ ពោលគឺច្រើនជាង ៣ ដងនៃប្រាក់ចំណូលដែលពលរដ្ឋអាមេរិករកបានក្នុងមួយឆ្នាំ (៤៥ ៥៥២ ដុល្លារ)។
៣. បន្ទាប់ពីបានលែងលះជាមួយអតីតភរិយា លោកស្រី MacKenzie និងបានចែកភាគហ៊ុនប្រមាណ ២៥% ទៅឲ្យអតីតភរិយារូបនេះក៏ដោយ លោក Jeff Bezos នៅតែជាប់ឈ្មោះជាមហាសេដ្ឋីមានជាងគេបំផុតក្នុងលោកដដែល។ នៅពេលបច្ចុប្បន្ននេះលោកស្រី MacKenzie ជាប់ឈ្មោះជាមហាសេដ្ឋីជាស្ត្រីមានជាងគេបំផុតទី ៣ក្នុងលោកដែលមានទ្រព្យសម្បត្តិប្រមាណ ៣៨, ពាន់លានដុល្លារ។
៤. ដោយសារតែលោក Jeff Bezos មានខ្លាំងពេក ការចំណាយលុយ ១,១៦ លានដុល្លាររបស់លោកប្រៀបដូចជាការចំណាយ ១ ដុល្លាររបស់គ្រួសារពលរដ្ឋអាមេរិកទូទៅដែរ។ ជាមធ្យមរបស់គ្រួសារពលរដ្ឋអាមេរិកចំណាយ ៩៧ ៣០០ ដុល្លារក្នុងមួយឆ្នាំ ដូច្នេះបើគេយកទ្រព្យសម្បត្តិរបស់លោក Jeff Bezos ចំនួន ១១៣ ពាន់លានដុល្លារចែកនឹង ៩៧ ០០០ ដុល្លារគឺស្មើនឹង ១,១៦ លានដុល្លារ។
៥. នាយកប្រតិបត្តិក្រុមហ៊ុន Amazon រូបនេះមានជាងគ្រួសាររាជវង្សអង់គ្លេសដល់ទៅ ៣៨%។ បើយោងតាមទស្សនាវដី្ត Forbes គ្រួសាររាជវង្សរបស់មហាអំណាចមួយនេះមានទ្រព្យសម្បត្តិសរុបប្រមាណ ៨៨ ពាន់លានដុល្លារ។
៦. ទ្រព្យសម្បត្តិដ៏ច្រើនមហាសាលនេះបើប្រៀបធៀបជាប្រទេសវិញ ទ្រព្យសម្បត្តិរបស់លោក Jeff Bezos នៅមានទំហំច្រើនជាង GDP ប្រទេសអេក្វាឌ័រ ដល់ទៅជាង ៣ពាន់លានដុល្លារ។ នៅពេលបច្ចុប្បន្ន ប្រទេសនេះមានទំហំ GDP ១០៩,៨៧ ពាន់លានដុល្លារពោលគឺនៅទាបជាងបន្តិចពីទ្រព្យសម្បត្តិរបស់លោក Jeff Bezos ដែលមានរហូតដល់ទៅ ១១៣ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់សារព័ត៌មាន Bloomberg។
៧. យោងតាមមន្ទីរដ្ឋបាលសន្តិសុខសង្គមអាមេរិក ជាមធ្យមពលរដ្ឋរបស់ខ្លួនដែលមានកម្រិតបញ្ចប់ថ្នាក់បរិញ្ញាបត្រអាចរកប្រាក់បានប្រមាណ ២,១៩ លានដុល្លារក្នុងមួយជីវិតរបស់ពួកគេ។ ក៏ប៉ុន្តែសម្រាប់លោក Bezos វិញ លោកប្រើពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះ។
៨. នៅពេលបច្ចុប្បន្នលោកមានអាយុ ៥៥ឆ្នាំហើយ ដូច្នេះប្រសិនបើលោកចង់ចាយលុយនេះ (១១៣ ពាន់លានដុល្លារ)ឲ្យអស់នៅអាយុ ៩០ឆ្នាំ លោកត្រូវចាយក្នុងមួយថ្ងៃជាង ៨,៨៤ លានដុល្លារ។ នេះនៅមិនទាន់រាប់បញ្ចូលទ្រព្យសម្បត្តិរបស់លោកដែលអាចរកបានបន្ថែមទៀតក្នុងមួយឆ្នាំៗ រហូតដល់លោកឈានដល់វ័យនោះ៕
ប្រភព៖ Businessinsider