ភ្នំពេញទទួលបានគម្រោងវិនិយោគ៦ក្នុងទំហំទុនជាង១៥០លានដុល្លារ នារយៈពេល៨ខែឆ្នាំ២០១៩
គិតត្រឹមរយៈពេល៨ខែ ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនចំនួន២១គម្រោងទូទាំងប្រទេស ក្នុងទុនវិនិយោគសរុបប្រមាណជាង៧០០លានដុល្លារ។ ក្នុងនោះដែរ រាជធានីភ្នំពេញទទួលបានគម្រោងវិនិយោគចំនួន៦លើទំហំទុនចំនួន ១៥០,៦ លានដុល្លារអាមេរិក ព្រមទាំងអាចបង្កើតការងារដល់ពលរដ្ឋបានរហូតដល់ ៥,០៥៤កន្លែង។
ទី១ ក្រុមហ៊ុន SUO FEIYA (CAMBODIA) APPAREL CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសំលៀកបំពាក់។ សំលៀកបំពាក់សត្វចិញ្ចឹម ប៉ាក់ និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តោល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២៣កន្លែង។
ទី២ ក្រុមហ៊ុន HYUNDAI PACKAGING (CAMBODIA) II CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣០២កន្លែង។
ទី៣ ក្រុមហ៊ុន YA ZHI (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ១៨ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨០១កន្លែង។
ទី៤ ក្រុមហ៊ុន EASTCROWN FOOTWEAR INDUSTRY CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥២៩កន្លែង។
ទី៥ ក្រុមហ៊ុន QY BAG & LUGGAGE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៧០កន្លែង។
ទី៦ ក្រុមហ៊ុន ROYAL FIELD DEVELOPMENT COMPANY CO.,LTD. គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៣ ចំនួន៣០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីសហព័ន្ធរុស្សី ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១៣៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២៩កន្លែង៕
ដោយ៖ ជួប ស្រីរ័ត្ន