ដំណឹង​ល្អ! វិស័យ​សំខាន់​២​របស់​កម្ពុជា​ត្រូវ​បាន​ឥណ្ឌូនេស៊ី​ចាប់​អារម្មណ៍​វិនិយោគ​



នៅ​ក្នុង​ជំនួប​ក្នុង​​ពិធី​ពិសា​អាហារ​ពិភាក្សា​ការងារ (Working Dinner) ជា​មួយ ឯកឧត្ដម​ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ដឹក​ជញ្ជូន នា​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី កាល​ពី​ពេល​ថ្មីៗ​នេះ ឯកឧត្ដម Budi Karya Sumadi រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​វិនិយោគ​លើ​វិស័យ​ផ្លូវ​ដែក​ និង​កំពង់​ផែ ដែល​សុទ្ធ​សឹង​ជា​វិស័យ​សំខាន់​នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​ក្រសួង​សាធារណការ​នឹង​ដឹក​ជញ្ជូន។ 

តាម​ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​បន្ថែម​ថា ឥណ្ឌូនេស៊ី​គឺ​ជា​ប្រទេស​ដែល​មាន​បទពិសោធន៍​លើ​ការ​វិនិយោគ​ និង​ធ្វើ​ពាណិជ្ជកម្ម​ផ្លូវ​ដែក​ជា​មួយ​ប្រទេស​ថៃ ម៉ាឡេស៊ី ឡាវ បង់ក្លាដេស និង​អាហ្រ្វិក។ ជា​មួយ​គ្នា​នោះ​ ឯកឧត្ដម​រដ្ឋមន្ត្រី​ដឹកជញ្ជូន​ឥណ្ឌូនេស៊ី​បាន​សម្ដែង​នូវ​បំណង​ពង្រីក​នូវ​អាជីវកម្ម​របស់​ខ្លួន​ដោយ​និង​វិនិយោគ​លើ​វិស័យ​ផ្លូវ​ដែក​ និង​កំពង់ផែ​នៅ​កម្ពុជា ព្រោះ​ប្រទេស​ឥណ្ឌូនេស៊ី​មាន​រោងចក្រ​រដ្ឋ​ដ៏​ធំ​ផលិត​នូវ​ទូ និង​ក្បាល​រថភ្លើង ដែក​រ៉ៃ និង​គ្រឿងបង្គុំ​ផ្សេងៗ​សម្រាប់​បម្រើ​ឲ្យ​ការ​លើក​កម្រិត​ និង​សាងសង់​ផ្លូវដែក។ ចំពោះ​កំពង់ផែ​វិញ ប្រទេស​ឥណ្ឌូនេស៊ី​មាន​រោងចក្រ​រដ្ឋ​ធំៗ​ផលិត​នាវា​ គ្រឿង​ឧបករណ៍​សម្ភារៈ​បរិក្ខា​កំពង់ផែ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​បង្ហាញ​ពីគម្រោង​លើក​កម្រិត​ផ្លូវ​ដែក​របស់​កម្ពុជា ដែល​មានស្រាប់ និង​គម្រោង​សាងសង់​ផ្លូវដែក​ថ្មី​ ព្រម​ទាំង​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​របស់​កម្ពុជា​ផង​ដែរ។ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ បាន​ស្វាគមន៍​ដល់​បំណង​ធ្វើ​កិច្ច​សហប្រតិបត្តិការ និង​វិនិយោគ​របស់​ឥណ្ឌូនេស៊ី​នៅ​កម្ពុជា និង​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ភាគី​ឥណ្ឌូនេស៊ី​ មក​សិក្សា​និង​ពិនិត្យ​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s