ប្រជាជនខ្មែរភាគច្រើនប្រហែលមិនស្គាល់! ដើមខ្ជែងឬទ្រាំងមានប្រយោជន៍មិនចាញ់ដើមត្នោតឡើយ
ខ្ជែងមានឈ្មោះជាភាសាបច្ចេកទេសថា Talipot Palm ជាប្រភេទរុក្ខជាតិសន្តានត្នោត មានដុះតាមព្រៃរល្បោះមានកំពស់ពី ៦ ម៉ែត្ររហូតដល់ ១០ ម៉ែត្រ តែគេក៏ធ្លាប់ប្រទះដើមឈើប្រភេទនេះមានកំពស់ខ្ពស់បំផុតដល់ទៅ ២៥ ម៉ែត្រ។ ដើមខ្ជែង ជាឈ្មោះហៅដោយជនជាតិភាគតិចគួយ តែហៅជាភាសាខ្មែរថាទ្រាំង ដើមនេះវាមានផ្កា ផ្លែតែម្តងគត់ក្នុងមួយជីវិត វានឹងងាប់បន្ទាប់ពីផ្ការបស់វាទុំ។ នៅប្រទេសកម្ពុជាដើមខ្ជែង ឬទ្រាំងត្រូវបានគេប្រទះឃើញមានដុះនៅក្នុងខេត្តមួយចំនួនដូចជា៖ ព្រះវាហារ ស្ទឹងត្រែង រតនៈគិរី ក្រចេះ ។ល។
ប្រភពរូប៖ រាជបណ្ឌិត្យសភាកម្ពុជា
ធាងរបស់ខ្ជែងមានប្រវែងប្រមាណ ៥ ម៉ែត្រដែលអាយុកាលរបស់វារហូតទៅដល់ ៨០ឆ្នាំ គេអាចដកយកទ្រាំងពីដើមខ្ជែងយកទៅប្រើប្រាស់បនារហូតទៅដល់ ១៥ ឆ្នាំ (ទ្រាំង គឺជាផ្នែកគែមសងខាងនៃធាងដើមខ្ជែង ពេលចាស់ទៅវាមានសភាពរឹងមាំល្អ)។
ទ្រាំងមានប្រយោជន៍ចាប់ពីឬសរហូតដល់ចុងស្លឹកដូចជា៖
ប្រភពរូប៖ រាជបណ្ឌិត្យសភាកម្ពុជា
១) ស្លឹក៖ ត្រូវបានគេប្រើសម្រាប់សរសេរជាសាស្ត្រាស្លឹករឹត ត្បាញជាស្លឹកប្រក់ផ្ទះ ត្បាញជាកន្ទេល មួក សម្ភារៈដងទឹកជាដើម។
២) ទ្រនុង៖ ប្រើជាកន្លាស់
៣) គែមសងខាងនៃធាងចាស់ មានសភាពរឹងមាំហៅថា ទ្រាំង៖ ធ្វើជារនាបគ្រែ ឈើច្រត់ ដំបង ព្រួញស្នា ទ្រូ វែកកូបាយ ចង្កឹះ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខទៀត នៅតាមតំបន់មួយចំនួនគេយកទ្រាំងដាក់នៅក្នុងផ្ទះ លើក្បាលដំណេកសម្រាប់បណ្តេញព្រាយបីសាច និងនាំភាពសុខសប្បាយដល់គ្រួសារនេះតាមអបិយជំនឿនៃតំបន់
៤) ខ្នងនៃធាងខ្ជែង៖ គេយកមកត្បាញជាកន្ទេលទងសម្រាប់ប្រើប្រាស់
៥) ឬស៖ យកមកដុសចម្រោះយកទឹកផឹក ជួយព្យាបាលគ្រុនផ្តាសាយ ជួយកែអាការៈគ្រុនក្តៅ ជួយបញ្ចេញញើស
៦) ដើមតូច៖ យកមកស្ងោរផឹកជួយព្យាបាលរោគក្រពះ សម្រួលពោះវៀន។
ទ្រាំងត្រូវបានបែងចែកជា ៣ ប្រភេទគឺ៖ ទ្រាំងខ្មៅ មានភាពរឺងមាំគុណភាពល្អជាងគេ ទ្រាំងក្រហម មានគុណភាពល្អ និងទ្រាំង-ស ឬទ្រាំងសម្រើល គុណភាពមិនសូវជាល្អ ប្រើបានតិចតួច។
តាំងពីដើមមក ខ្ជែងសំបូរណាស់លើទឹកដីប្រទេសកម្ពុជា តែដោយសារការអភិវឌ្ឍពិសេសផ្នែកកសិកម្មដែលត្រូវពង្រីកផ្ទៃដីដាំដុះបន្ថែម បានធ្វើឲ្យដើមខ្ជែងត្រូវបានកាប់មិនមិនបានដាំដុះឡើងវិញនាំឲ្យដើមខ្ជែងបច្ចុប្បន្នកាន់តែហោចទៅៗគួរឲ្យព្រួយបារម្ភ។
ដោយមើលឃើញពីការបាត់បង់ធនធានធម្មជាតិដ៏មានតម្លៃរបស់ខ្មែរបន្តិចម្តងៗបែបនេះ ទើបក្រុមហ៊ុនព្រៃធម្មជាតិ Nature Wild បានព្យាយាមលើកស្ទួយផលិតផលទ្រាំងរបស់ខ្មែរឡើងវិញដោយផលិតជា ចង្កឹះ វែកបាយ ជាដើម។
ការព្យាយាមគាស់កកាយផលិតផលខ្មែរ និងការកែច្នៃវត្ថុជាតិដើមនេះគឺក្នុងគោលបំណងចង់ឲ្យកូនខ្មែរបានស្គាល់ លើកម្ពស់ ផ្តល់តម្លៃអ្វីដែលខ្មែរមាន និងចូលរួមអភិរក្សធនធានក្នុងស្រុកកុំឲ្យបាត់បង់។ លើសពីនេះក៏បានរួមចំណែកបង្កើតការងារដល់សហគមន៍ដែលមានដើមខ្ជែង អាចកែច្នៃយកវាបង្កើតជាផលិតផលប្រើប្រាស់និងលក់វាយកកម្រៃ ដោះស្រាយបញ្ហាជីវភាពបានដែរ។ ក្រុមហ៊ុនព្រៃធម្មជាតិ Nature Wild បានដើរតួជាអ្នកបង្កើត ស្វែងរកទីផ្សារសម្រាប់ប្រជាជនតាមតំបន់ដែលបានផលិតផលិតផលប្រើប្រាស់ចេញពីទ្រាំង និងបានដើរតួជាអ្នកអភិរក្សដើមខ្ជែងដើម្បីជាផលប្រយោជន៍ដល់កូនខ្មែរជំនាន់ក្រោយទៀត៕
ដោយ៖ យ៉ាយ៉ា