ប្រទេស ១០ ដែលគ្រប់គ្រងទឹកប្រាក់ក្នុងវិស័យនាវាចរណ៍ច្រើនជាងគេបំផុតក្នុងពិភពលោក
វិស័យនាវាចរណ៍គឺជាវិស័យសំខាន់បំផុតមួយដែលមិនអាចខ្វះបានអស់រយៈពេលជាច្រើនសតវត្សមកហើយត្បិតអីទំនិញដែលប្រើប្រាស់នៅជុំវិញពិភពលោកសព្វថ្ងៃត្រូវបានដឹកជញ្ជូន និងចែកចាយតាមមធ្យោបាយមួយនេះច្រើនជាងគេ។ នៅពីក្រោយវិស័យពាណិជ្ជកម្មដ៏មានសក្ដានុពលមួយនេះ សូមងាកមកមើលប្រទេស ១០ ដែលមានទំហំទឹកប្រាក់ច្រើនជាងគេនៅក្នុងវិស័យនេះ។
១.ក្រិក
ក្រិកបានបង្កើនទឹកប្រាក់វិនិយោគលើកប៉ាល់ដឹកទំនិញរបស់ខ្លួនប្រមាណ ៥ ពាន់លានដុល្លារក្នុងមួយៗឆ្នាំ។ នេះបានធ្វើឲ្យមហាអំណាចក្នុងតំបន់អឺរ៉ុបមួយនេះជាប់ឈ្មោះជាប្រទេសទី១ក្នុងលោកដែលក្ដោបក្ដាប់ទឹកប្រាក់ច្រើនជាងលើវិស័យនាវាចរណ៍សរុបរហូតដល់ទៅ ១០៥,២ ពាន់លានដុល្លារ។
២.ជប៉ុន
ជប៉ុនជាប់ឈ្មោះក្នុងលេខរៀងលំដាប់ទី២ តាមពីក្រោយក្រិក។ ក្រុមហ៊ុនរបស់មហាអំណាចអាស៊ីបូព៌ាមួយនេះបានក្ដោបក្ដាប់ទឹកប្រាក់ ៩៤,៧ ពាន់លានដុល្លារនៅក្នុងវិស័យនាវាចរណ៍នេះ។
៣.ចិន
ងាកមកមើលមហាអំណាចចិនវិញ ក៏មិនធម្មតាដែរ។ ថ្វីត្បិតតែតិចជាងក្រិក ប៉ុន្តែនៅក្នុងរយៈពេលមួយឆ្នាំចុងក្រោយ នេះមហាអំណាចសេដ្ឋកិច្ចពិភពលោកខាងលើបានបង្កើនទឹកប្រាក់រហូតដល់ ៦,៣ ពាន់លានដុល្លារដែលនេះធ្វើឲ្យទំហំទឹកប្រាក់នៃការក្ដោបក្ដាប់វិស័យនាវាចរណ៍អន្តរជាតិរបស់ខ្លួនមានចំនួន ៩០,៨ ពាន់លានដុល្លារ។
៤.សិង្ហបុរី
ដោយសារតែសិង្ហបុរីស្ថិតនៅមាត់ច្រកសមុទ្រដែលជាទីតាំងយ៉ាងសំខាន់បំផុតមួយសម្រាប់កប៉ាល់ដឹកទំនិញពិភពលោកចូលសំចតដែនកោះដ៏តូចមួយនេះ បានក្លាយជាប្រទេសទី៤ ដែលមានទំហំទឹកប្រាក់ច្រើនជាងគេក្នុងវិស័យនាវាចរណ៍។ ជាមួយនឹងការបង្កើនទឹកប្រាក់ ៣,១ ពាន់លានដុល្លារបន្ថែមទៀត សិង្ហបុរីក្ដោបក្ដាប់វិស័យនាវាចរណ៍ក្នុងទំហំទឹកប្រាក់សរុប ៤៩,៩ ពាន់លានដុល្លារ។
៥.ន័រវែស
ន័រវែសបានជាប់ឈ្មោះក្នុងលេខរៀងទី៥ ដែលមានទំហំទឹកប្រាក់ក្តោបក្តាប់វិស័យនាវាចរណ៍សរុប ៤៨,៨ ពាន់លានដុល្លារ។ យ៉ាងណាមិញ ក្រុមហ៊ុននាវាចរណ៍ AHTS និងក្រុមហ៊ុន PSV របស់ខ្លួនសុទ្ធតែជាក្រុមហ៊ុននាវាចរណ៍ដែលមានតម្លៃថ្លៃជាងគេបំផុតលំដាប់ទី ២ និងទី៣នៅលើពិភពលោក។
៦.អាមេរិក
ត្រឡប់មកមើលមហាអំណាចអាមេរិកឯណេះវិញ គេសង្កេតឃើញថា ទំហំតឹកប្រាក់ក្តោបក្តាប់វិស័យនាវាចរណ៍របស់ប្រទេសនេះបានធ្លាក់ចុះ ពោលគឺសរុបមានប្រមាណ ៤៤,៥ ពាន់លានដុល្លារ។ កត្តាសំខាន់មួយគឺដោយសារតែនាវាចរណ៍ ឬកប៉ាល់ដឹកទំនិញរបស់ខ្លួននៅឯនាយសមុទ្រភាគច្រើនចាស់ៗទៅហើយដែលមានអាយុកាល ១៥ ឆ្នាំឡើងទៅ។
៧.អាល្លឺម៉ង់
មិនខុសពីអាមេរិក ការក្ដោបក្ដាប់របស់អាល្លឺម៉ង់លើវិស័យនាវាចរណ៍ដូចជា កប៉ាល់ដឹកទំនិញ និងការផលិតកុងតឺន័រជាដើមបានបន្តធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ។ មហាអំណាចតំបន់អឺរ៉ុបមួយនេះបានកាន់កាប់វិស័យនាវាចរណ៍អន្តរជាតិក្នុងទំហំទឹកប្រាក់សរុប ៣១,៤ ពាន់លានដុល្លារ។
៨.កូរ៉េខាងត្បូង
ដោយឡែកកូរ៉េខាងត្បូង កំពុងស្ថិតនៅ ក្នុងសញ្ញាណវិជ្ជមាននៃការកាន់កាប់វិស័យនាវាចរណ៍នេះ។ ទំហំទឹកប្រាក់នៃការក្ដោបក្ដាប់វិស័យនាវាចរណ៍របស់ខ្លួនបានកើនឡើង ៥ ពាន់លានដុល្លារបន្ថែមទៀតដែលធ្វើឲ្យទំហំទឹកប្រាក់សរុបក្នុងវិស័យនេះបានកើនឡើង ៣០ ពាន់លានដុល្លារ។
៩.អង់គ្លេស
វាមិនមែនជារឿងមួយចៃដន្យទេដែលចំណែកនៃការកាន់កាប់ក្នុងវិស័យនាវាចរណ៍របស់អង់គ្លេសបានធ្លាក់មកលេខរៀងទី៩។ បញ្ហាចម្រូងចម្រាសនៃការលែងលះពីសហភាពអឺរ៉ុបគឺជាកត្តាសំខាន់មួយដែលធ្វើឲ្យការវិនិយោគក្នុងវិស័យនេះបាត់បង់ការទាក់ទាញ។ មហាអំណាចខាងលើក្ដោបក្ដាប់ទំហំទឹកប្រាក់ក្នុងវិស័យនាវាចរណ៍អន្តរជាតិត្រឹមតែ ២៩ ពាន់លានដុល្លារប៉ុណ្ណោះ។
១០.ដាណឺម៉ាក
ដាណឺម៉ាកឈរនៅលេខរៀងចុងក្រោយគេក្នុងចំណោមមហាអំណាចក្ដោបក្ដាប់វិស័យនាវាចរណ៍ពិភពលោកកំពូលៗទាំង ១០។ មិនខុសពីអង់គ្លេស និងអាមេរិក ការប្រកួតប្រជែងមកពីបណ្ដាប្រទេសមានសេដ្ឋកិច្ចលូតលាស់ថ្មីៗដូចជា កូរ៉េខាងត្បូង និងចិនជាដើម ធ្វើឲ្យប៉ះពាល់ដល់វិស័យនេះដោយមានត្រឹមតែ ២៣ ពាន់លានដុល្លារប៉ុណ្ណោះ៕
ប្រភព៖ maritime-executive