លោក​នាយករដ្ឋមន្ត្រី៖ ក្នុង​មួយ​ខែ​កម្ពុជា​អាច​សន្សំ​បាន​២០០លានដុល្លារ​



ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ប៊ែលធី នា​មជ្ឈមណ្ឌល​កោះពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី០២ ខែ​សីហា ឆ្នាំ​២០១៩​នេះ សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​បាន​មាន​ប្រសាសន៍​ថា «ក្នុង​មួយ​ខែ​យើង (កម្ពុជា) អាច​មាន​ប្រាក់​ចំណូល​ជាង​៥០០លានដុល្លារ ឯ​ចាយ​ត្រឡប់​ទៅ​វិញ​យើង​ចាយ​ប្រមាណ​ជា​៣០០លានដុល្លារ អញ្ចឹង​យើង​សន្សំ​មួយ​ខែ​បាន​ប្រមាណ​ប្រហែល​ជា​២០០លានដុល្លារ ដែល​នាំ​ឲ្យ​យើង​មាន​ប្រាក់​វិនិយោគ​ខ្លួនឯង​ដោយ​មិន​រង់ចាំ​ស្អី​ក៏​បរទេសៗ​នោះ​ទេ»។

សម្ដេច​បាន​បង្ហើប​ថា ក្នុង​ឆ្នាំ២០១៩នេះ​ចំណូល​ពន្ធគយ​របស់​កម្ពុជា នឹង​កើន​ឡើង​រហូត​ដល់​ជាង ៨០០លានដុល្លារ ដែល​នឹង​លើស​ពី​ផែន​ការ​គ្រោង​ទុក។ ត្រឹម​តែ​រយៈពេល​៩ខែ​ប៉ុណ្ណោះ ចំណូល​ដែល​បាន​មក​ពី​ពន្ធគយ​មាន​ចំនួន​រហូត​ដល់​ជាង ១០៥% ដែល​ស្មើ​នឹង​ ២៣៨៤លានដុល្លារ ដែល​ជា​មធ្យម​ក្នុង​មួយ​ខែ​អាច​ប្រមូល​បាន​ប្រមាណ ២៥០លានដុល្លារ និង​មាន​ខែ​ខ្លះ​អាច​កើន​រហូត​ដល់​ ៣០០លានដុល្លារ ក្នុង​មួយ​ខែ។ ដូច្នេះ​កម្ពុជា​មិន​ចាំបាច់​យក​ចំណូល​ដែល​បាន​មក​ពី​ប្រេង​មក​ចំណាយ​ចរន្ត​នោះ​ទេ។

លោក​នាយករដ្ឋមន្ត្រី​បន្ថែម​ថា ចំណូល​ដែល​បាន​មក​ពី​ពន្ធដារ ពន្ធគយ និង​ចំណូល​មិនមែន​សារពើពន្ធ សុទ្ធ​តែ​ជា​ចំណូល​ដែល​បាន​មក​ជា​សាច់ប្រាក់​។ បច្ចុប្បន្ន​កម្ពុជា​មាន​ប្រាក់​បម្រុង​ប្រមាណ ១៥ពាន់លានដុល្លារ រួម​ជា​មួយ​មាស​៣០តោន​ដោយ​ត្រូវ​បាន​តម្កល់​ទុក​មិន​ប៉ះពាល់​នោះ​ទេ ដោយ​ក្នុង​នោះ​ កម្ពុជា​ក៏​មាន​សាច់ប្រាក់​ប្រមាណ​ជិត​៤ពាន់លានដុល្លារ​ទៀត សម្រាប់​ត្រៀម​ក្នុង​ការ​ប្រើប្រាស់​បច្ចុប្បន្ន៕

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s