ប្រទេសចំនួន១០ ល្អជាងគេបំផុតក្នុងលោកសម្រាប់ស្រ្តីរស់នៅ​



ប្រទេសស៊ុយអែតបានវិលត្រឡប់មកគ្រងតំណែងជាប្រទេសល្អបំផុតនៅលើពិភពលោកសម្រាប់ស្រ្តីរស់នៅនៅក្នុងឆ្នាំ ២០១៩នេះ ខណៈដែលកាលពីឆ្នាំ ២០១៨ កន្លងទៅបានធ្លាក់ទៅលើប្រទេសដាណឺម៉ាក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយរបស់សារព័ត៌មាន US News  និង World Report ។  

អង្គភាពសារព័ត៌ខាងលើបានធ្វើការស្ទង់មតិលើស្ត្រីជាង ២០ ០០០ នាក់មកពីបណ្តាប្រទេស ៨០ ផ្សេងគ្នាដើម្បីកំណត់ថា តើប្រទេសណាដែលល្អបំផុតសម្រាប់ស្ត្រីរស់នៅ? ដោយដាក់ពិន្ទុពី ១ ដល់ ១០ ការស្ទាបស្ទង់នេះធ្វើឡើងដោយផ្អែកទៅលើលក្ខខណ្ឌចំនួន៥ គឺសិទ្ធិមនុស្ស សមភាពយេនឌ័រ សមភាពនៃប្រាក់ចំណូល វឌ្ឍនភាពសង្គម និង សុវត្ថិភាពបុគ្គលម្នាក់ៗ។ លទ្ធផលបានបង្ហាញប្រទេសចំនួន ១០ ល្អបំផុតសម្រាប់ស្រ្តីរស់នៅដូចខាងក្រោមនេះ៖

១០.អាល្លឺម៉ង់
ប្រទេសនេះទទួលបានចំណាត់ថ្នាក់ខ្ពស់ស្តីពីវឌ្ឍនភាពសង្គម ពោលគឺមាន ៩,៨ ពិន្ទុ។ យ៉ាងណាមិញ បើនិយាយពីសមភាពយេនឌ័រវិញ ខ្លួនទទួលបានក្នុងចំនួន ៧,០ ពិន្ទុ និង ៧,៥ ពិន្ទុសម្រាប់សិទ្ធិមនុស្ស។

៩.នូវែលហ្សេឡង់
កាលពីឆ្នាំ ២០១៧ កន្លងទៅ លោកស្រីនាយករដ្ឋមន្រ្តីរបស់ខ្លួន Jacinda Ardern បានដឹកនាំគណបក្សការងារ ជឿនលឿន ហើយបានឈានទៅរកជ័យជំនះក្លាយជាមេដឹកនាំស្រីវ័យក្មេងជាងគេនៅលើពិភពលោក។ យ៉ាងណាមិញនៅក្នុងរយៈពេល២ឆ្នាំក្រោយមក ប្រទេសនេះទទួលបានពិន្ទុនៅត្រឹមតែ ៧,៣ នៅឡើយសម្រាប់សមភាពយេនឌ័រ។

៨.អូស្ត្រាលី
ជាមួយនឹងអត្រាសង្ឃឹមរស់ខ្ពស់ទាំងបុរស និងស្ត្រី អូស្រ្តាលីទទួលបានពន្ទុ ៨,៧ លើ ១០ សម្រាប់សិទ្ធិមនុស្ស។ ក៏ប៉ុន្តែ សម្រាប់សមភាពយេនឌ័រវិញ ទទួលបានពន្ទុទាបជាងបន្តិច ពោលគឺមាន ៨,៣ ពិន្ទុ ។


ប្រភពរូបភាព៖ Global Girl Travels

៧.ប្រទេសស្វីស
ក្នុងនាមជាប្រទេសល្អបំផុតមួយក្នុងលោក ប្រទេសដែលមានអព្យាក្រឹតភាព និងសន្តិភាពជាងគេបំផុតមួយនេះ ទទួលបាន ៨,៦ ពិន្ទុលើ ១០ ស្តីពីសមភាពយេនឌ័រ ៩,២ ពិន្ទុសម្រាប់សិទ្ធិមនុស្ស និង ៨,៤ ស្តីពីវឌ្ឍនភាពសង្គម។

៦.ហ្វាំងឡង់ 
ហ្វាំងឡង់គឺជាប្រទេសដំបូងគេបង្អស់ដែលបើកដៃឲ្យស្ត្រីទទួលបានសិទ្ធិពេញលេញក្នុងការបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតសម្រាប់ធ្វើជាដំណាងរាស្រ្តនៅក្នុងសភារបស់ខ្លួន។ ក្នុងនាមជាប្រទេសមួយដែលស្វាគមន៍បំផុតសម្រាប់ស្ត្រី ខ្លួនទទួលបាន ៨,៩ពិន្ទុសម្រាប់សមភាពយេនឌ័រ និង ៩ពិន្ទុលើ ១០ សម្រាប់សិទ្ធិមនុស្ស។

៥.ហូឡង់
ប្រជាជនហូឡង់មានគំលាតតិចតួចប៉ុណ្ណោះស្តីពីសមភាពយេនឌ័ររាប់ចាប់តាំងពីការទទួលបានសេវាថែទាំសុខភាព ការអប់រំ សេដ្ឋកិច្ច និងនយោបាយ។ ប្រទេសដ៏ជឿនលឿនបំផុតមួយនេះទទួលបាន ១០ពិន្ទុលើ ១០ ផ្អែកលើសមភាពយេនឌ័រ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះសិទ្ធិមនុស្ស។

៤.ន័រវែស
ន័រវែសស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ៣ ក្នុងចំណោម ១៤៤ ប្រទេសដែលមានសមភាពយេនឌ័រជាងគេបំផុត។ ប្រទេសដ៏សន្តិភាពនៅអឺរ៉ុបខាងជើងមួយនេះទទួលបាន ៩,៩ពិន្ទុស្តីពីសិទ្ធិមនុស្ស និងទទួលបាន ៩,១ ពិន្ទុសម្រាប់សមភាពយេនឌ័រ។


ប្រភពរូបភាព៖ Freepick

៣.កាណាដា
ក្នុងនាមជាមហាអំណាចមួយដែលបានគ្រងពានរាប់មិនអស់ កាណាដាជាដែនដីដ៏ល្អបំផុតមួយក្នុងលោកសម្រាប់ឲ្យស្រ្តីរស់នៅ។  ប្រទេសដ៏ត្រជាក់នៅក្នុងតំបន់អាមេរិកខាងជើងមួយនេះទទួលបានពិន្ទុ ៩,៨ សម្រាប់សិទ្ធិមនុស្ស និង ៩,១ សម្រាប់សមភាពយេនឌ័រ។

២.ដាណឺម៉ាក
ទោះបីជាដាណឺម៉ាកបានធ្លាក់ចំណាត់ថ្នាក់ពីលេខ ១ កាលពីឆ្នាំទៅមកលេខរៀងទី២ក្នុងឆ្នាំនេះក៏ដោយ ក៏ប្រទេសនេះនៅតែទទួលបានពិន្ទុខ្ពស់សម្រាប់សិទ្ធិមនុស្ស និងសមភាពយេនឌ័រដដែល។ ជាមួយនឹងភាពល្បីល្បាញថា ជាប្រទេសដែលមានគោលនយោបាយឈប់សម្រាកដ៏បត់បែនបំផុតសម្រាប់ឪពុកម្តាយនៅក្នុងតំបន់ ដាណឺម៉ាកទទួលបានពិន្ទុ ៩,៤ សម្រាប់សិទ្ធិមនុស្ស និង ៩,១ ពិន្ទុលើសមភាពយេនឌ័រ។

១.ស៊ុយអែត
ក្រោយទាញទម្លាក់ដាណឺម៉ាកខ្ទាតទៅលេខ២ ស៊ុយអែតបានគ្រងតំណែងទី១ក្នុងឆ្នាំនេះជាប្រទេសល្អបំផុតស្តីពីសមភាពយេនឌ័រ និងសិទ្ធិមនុស្ស។ ប្រទេសដ៏សន្តិភាព និងអភិវឌ្ឍមួយនេះទទួលបានពិន្ទុ ៩,៦ សម្រាប់សមភាពយេនឌ័រ និង ៩,៨ ពិន្ទុសម្រាប់សិទ្ធិមនុស្ស។ កាសែត The New York Times បានចេញផ្សាយថា នៅពេលបច្ចុប្បន្ននេះស្រ្តីស៊ុយអែត ៤៦% បានជាប់ឈ្មោះជាតំណាងរាស្រ្តនៅក្នុងស្ថាប័ននីតិបញ្ញត្តិ (សភាជាតិ) និង ៥០% ទៀតនៅក្នុងស្ថាប័ននីតិប្រតិបត្តិ (រដ្ឋាភិបាល)៕


ប្រភពរូបភាព៖ Otempo

ប្រភព៖ Businessinsider 

 

X
5s