ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ដណ្តើមបានជ័យលាភីឈ្មួញជើងសារមូលបត្រឆ្នើមក្នុងត្រីមាសទី៣
តាមសេចក្តីប្រកាសព័ត៌មានពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ចេញផ្សាយកាលពីរសៀលថ្ងៃសុក្រ ទី០៤ ខែតុលានេះបានឲ្យដឹង ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី គឺជាឈ្មួញជើងសារមូលបត្រឆ្នើម សម្រាប់ត្រីមាសទី៣ ឆ្នាំ២០១៩។
ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី អាចទទួលបានជ័យលាភីនេះដោយសារកត្តាមួយចំនួនដូចជា ទំហំជួញដូរភាគហ៊ុនសរុបរបស់ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី មានចំនួន ៦,៨៥ ប៊ីលានរៀល។ ទន្ទឹមនឹងនេះ ចំនួនគណនីជួញដូរភាគហ៊ុនដែលបានបើកថ្មី មានចំនួន ១៥៩ គណនី ស្របពេលដែលចំនួនគណនីជួញដូរតាមប្រព័ន្ធជួញដូរចល័ត(MTS) ដែលបានបើកថ្មី មានចំនួន ៧៥ គណនី និងទំហំជួញដូរតាមរយៈគណនី MTS មានចំនួន ១,០៧ ប៊ីលានរៀល ខ្ពស់ជាងក្រុមហ៊ុនដទៃ។ ទាំងអស់នេះជាស្នាដៃ ជាសមិទ្ធិផលដែល ក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី បានខិតខំបំពេញតួនាទីជាឈ្មួញជើងសាររបស់ខ្លួន។
សូមរំឭកផងដែរថា នេះជាលើកទី ២ ហើយដែល ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ធ្វើការរៀបចំ និងប្រគល់ជ័យលាភីនេះ។ ហើយវាក៏ជាលើទី ២ ដែរ ដែលក្រុមហ៊ុន អេស ប៊ី អាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ដណ្តើមបានជ័យលាភីឈ្មួញជើងសារមូលបត្រឆ្នើមនេះ ក៏ព្រោះក្រុមហ៊ុននេះតែជំរុញឲ្យមានភាពលេចធ្លោនៃសកម្មភាពរបស់ខ្លួនក្នុងទីផ្សារមូលបត្រ រាប់ចាប់ពីទំហំជួញដូរ ការបើកគណនីជួញដូរ និងសកម្មភាពមួយចំនួនទៀត។
គួរបញ្ជាក់ថា កម្មវិធីឈ្មួញជើងសារមូលបត្រឆ្នើមនេះ ត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) ទៅលើក្រុមហ៊ុនមូលបត្រទាំង ១០ ដើម្បីជំរុញ លើកទឹកចិត្តឲ្យក្រុមហ៊ុនទាំងអស់ធ្វើការងារឲ្យបានកាន់តែល្អ ប្រឹងប្រែងធ្វើយ៉ាងណាជំរុញសកម្មភាពផ្សារមូលបត្រឲ្យកាន់តែប្រសើរ។ រៀងរាល់បីខែម្តងនឹងមានការប្រកាសក្រុមហ៊ុនដែលជាជ័យលាភី ក្រុមហ៊ុនដែលធ្វើការងារខ្លួនបានល្អដាច់គេ ដោយសិក្សាវិភាគលើកត្តាមួយចំនួនដូចជា ទំហំជួញដូរ ការបើកគណនីជួញដូរ ការបម្រើសេវាជូនអតិថិជន និងសកម្មភាពមួយចំនួនទាក់ទងនឹងមូលបត្រ៕
ដោយ៖ យ៉ាយ៉ា