រៀន​ធ្វើ​ជា​បុគ្គលិក​ដោយ​មាន​មោទនភាព​ទើប​អាច​ក្លាយ​ជា​ថៅកែ​ដែល​មាន​ជំនឿ​ចិត្ត​



ទស្សនៈ​របស់​មនុស្ស​មួយ​ចំនួន​តែង​យល់​ថា ធ្វើ​ជា​បុគ្គលិក​បម្រើ​ការងារ​ឲ្យ​គេ​មិន​ល្អ​ទេ មិន​ដឹង​ធ្វើ​ពេល​ណា​ទើប​អាច​ក្លាយ​ជា​អ្នក​មាន មាន​តែ​អ្នក​ដែល​ហ៊ាន​ចេញ​រកស៊ី​ខ្លួន​ឯង​ទេ​ទើប​ឆាប់​មាន​បាន។ ទន្ទឹម​នឹង​ការ​លើក​ឡើង​ខាង​លើ លោក សោម សម្បត្តិ​ អគ្គនាយក​ថ្នាំ​ពណ៌​ជាតិ នៅ​ក្នុង​ការ​ចែក​រំលែក​មួយ​កាល​ពី​ពេល​កន្លង​ទៅ​បាន​លើក​ឡើង​​ថា «រៀន​ធ្វើ​បុគ្គលិក​ដោយ​មាន​មោទនភាព​ ទើប​អាច​ក្លាយ​ជា​ថៅកែ​ដែល​មាន​មោទនភាព មាន​ជំនឿ​ចិត្ត»។

លោក សោម សម្បត្តិ បាន​ចែក​រំលែក​ថា យើង​មិន​ត្រូវ​គិត​ថា​ខ្លួនឯង​អន់​នោះ​ទេ​នៅ​ពេល​ដែល​យើង​ធ្វើ​ជា​បុគ្គលិក​ធ្វើ​ការ​ឲ្យ​គេ។ យើង​ត្រូវ​គិត​ថា កន្លែង​ធ្វើ​ការ​គឺ​ជា​កន្លែង​ដែល​យើង​អាច​រៀន​សូត្រ​ បាន​គំនិត​និង​ចំណេះដឹង​ដោយ​មិន​ចំណាយ​ប្រាក់​ ជា​កន្លែង​ដែល​យើង​អាច​ប្រើប្រាស់​បទពិសោធន៍​របស់​យើង​ទាំង​ខុស​ទាំង​ត្រូវ​ដោយ​មិន​ខាត​លុយ​ខ្លួនឯង ជា​កន្លែង​ដែល​គេ​ចំណេញ​យើង​ចំណេញ​ដែរ ហើយ​នៅ​ពេល​ដែល​គេ​ខាត​ក៏​យើង​នៅ​តែ​បាន​លុយ។

លោក​អគ្គនាយក​សង្កត់​ធ្ងន់​ថា «បើ​យើង​មិន​មាន​មោទនភាព​នៅ​ពេល​ដែល​ធ្វើ​ការ​ជា​បុគ្គលិក​ឲ្យ​គេ​ផង តើ​នៅ​ពេល​ដែល​យើង​ក្លាយ​ជា​ថៅកែ​យើង​មាន​មោទនភាព​ឯណា​ទៅ​គ្រប់គ្រង​បុគ្គលិក​ផ្សេង​ទៀត !»។ លោក​បន្ថែម​ថា យើង​ត្រូវ​រៀន​វិនិយោគ​មុន​ពេល​ដែល​យើង​ចេញ​រកស៊ី ពោល​គឺ​កុំ​អាល​តាំង​ខ្លួន​ជា​អ្នក​ពូកែ ខ្ជិល​ធ្វើ​ការ​ឲ្យ​គេ ហើយ​មិន​ទាន់​ដឹង​អី​ផង​ចេញ​មក​រកស៊ី​តែ​ម្ដង​ ទាំង​ដែល​ខ្លួនឯង​មិន​ទាន់​មាន​បទពិសោធន៍​ច្បាស់​លាស់​នៅ​ឡើយ។ នេះ​គឺ​ជា​បញ្ហា​ដ៏​សំខាន់​មួយ ដូច្នេះ​យើង​ត្រូវ​រៀន​សន្សំ​គំនិត​ សន្សំ​ថវិកា និង​សន្សំ​បទពិសោធន៍៕

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s