ដឹងទេថា វិស័យដ៏មានសក្កានុពលធំៗទាំង ៤ របស់ចិនមានអ្វីខ្លះ?
ចិនគឺជាមហាអំណាចមានសេដ្ឋកិច្ចធំជាងគេបំផុតនៅលើពិភពលោកបើសំអាងទៅលើយុគភាពនៃអំណាចទិញ (PPP) ដែលមានទំហំ ២៥,៣ ពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ កន្លងទៅ ខណៈដែលផលិតផលក្នុងស្រុកសរុប (GDP) ត្រូវគេរំពឹងថា នឹងមានទំហំជាង ១៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩នេះ។
តើអ្វីទៅនៅពីក្រោយសេដ្ឋកិច្ចដ៏មហិមានៃយក្សអាស៊ីមួយនេះ? សូមមកមើលវិស័យសំខាន់ៗចំនួន ៤ ខាងក្រោមនេះ ដែលបានរួមចំណែកធ្វើឲ្យចិនក្លាយជាមហាអំណាចពិភពលោកនៅពេលបច្ចុប្បន្ន៖
១.វិស័យឧស្សាហកម្ម (Manufacturing)
វិស័យឧស្សាហកម្ម គឺជាវិស័យធំជាងគេបំផុតរបស់ចិនដែលរួមចំណែកដល់ទៅ ៤៦,៨ %នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន ហើយវាត្រូវបានគេចាត់ទុកថា ជាវិស័យដែលមានសក្កានុពលសម្រាប់ការវិនិយោគខ្លាំងក្លាជាងគេនៅក្នុងចំណោមវិស័យឧស្សាហកម្មធុនធ្ងន់របស់ខ្លួន។ វិស័យនេះមានកំណើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានទសវត្សចុងក្រោយដោយមហាអំណាចពិភពលោកមួយនេះបានប្រែក្លាយប្រទេសពីអ្នកផលិតខ្នាតតូចទៅជាក្រុមហ៊ុនផលិតខ្នាតធំបំផុតនៅលើសាកលោក។
សូមបញ្ជាក់ថា ទិន្នផលដែលទទួលបានពីផលិតកម្មក្នុងវិស័យនេះគឺមានចំណែករហូតដល់ទៅ ១៩,៨% នៃផលិតកម្មសរុបរបស់សាកលលោកទាំងមូល និងមានចំណែកដល់ទៅ ៩៤,៣% នៃតម្លៃសរុបនៃការនាំចេញរបស់ខ្លួនដែលមានទំហំទឹកប្រាក់ ២,០៩ ពាន់ពាន់លានដុល្លារ។ ស៊ីម៉ង់ត៍ ដែកថែប និងជីគីមី គឺជាទំនិញដែលចិនផលិតច្រើនជាងបណ្តាប្រទេសណាៗទាំងអស់។
ប្រភពរូបភាព៖ Greencarreport
២.វិស័យរ៉ែ
ការជីកយករ៉ែ គឺស្ថិតក្នុងចំណោមឧស្សាហកម្មធំៗនៃសេដ្ឋកិច្ចរបស់ចិន។ ឧស្សាហកម្មមួយនេះបាននាំចំណូលដល់រដ្ឋរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ យក្សអាស៊ីមួយនេះ ជាមហាអំណាចផលិតមាសធំជាងគេបំផុតនៅលើពិភពលោក ហើយកាលពីឆ្នាំ ២០១៦ កន្លងទៅ ខ្លួនបានផលិតមាសប្រហែល ៤៦៣,៧ តោន (បើប្រៀបធៀបជាមួយប្រទេសផលិតមាសធំបំផុតទី ២ គឺអូស្រ្តាលីគឺមានត្រឹមតែ ២៧៤ តោនក្នុងរយៈពេលដូចគ្នានោះ) ។ ចិនក៏ជាប្រទេសទី១ ប្រើប្រាស់ច្រើនជាងគេបំផុតផងដែរ ពោលគឺកាលពីឆ្នាំ ២០១៨ កន្លងទៅ ខ្លួនបានប្រើប្រាស់មាសសរុប ១១៥១,៤៣ តោន នេះបើយោងតាមទិន្នន័យសមាគមន៍មាសរបស់ចិន (China Gold Association)។
ក្រៅពីមាស ចិនក៏ជាមហាយក្សទី១ដែលផលិតធ្យូងថ្មច្រើនជាងគេបំផុតផងដែរដែលមានចំណែកដល់ទៅ ៤៥% នៃការផលិតធ្យូងថ្មសរុបនៅលើពិភបលោក។ កាលពីឆ្នាំ ២០១៨ កន្លងទៅ រដ្ឋាភិបាលទើបអនុម័តអនុញ្ញាត្តឲ្យមានការវិនិយោគបន្ថែមលើវិស័យនេះក្នុងទំហំទឹកប្រាក់ ៦,៧ ពាន់លានដុល្លារ។
ប្រភពរូបភាព៖ Reneweconomy
៣.វិស័យថាមពល
វិស័យថាមពលគឺជាសសរស្តម្ភដ៏សំខាន់បំផុតមួយទៀតនៃសេដ្ឋកិច្ចរបស់ចិន និងជាឧស្សាហកម្មដ៏ខ្លាំងក្លាមួយក្នុងចំណោមឧស្សាហកម្មធំៗបំផុតរបស់ប្រទេសនេះ។ ចិនកំពុងឈានមុខគេខាងផលិតថាមពលអគ្គិសនីចាប់តាំងពីឆ្នាំ ២០១១មក ក្រោយពីវ៉ាដាច់អាមេរិក។ ក្នុងឆ្នាំ ២០១៦ ថាមពលអគ្គិសនីភាគច្រើនរបស់ខ្លួន (៥៧,២% ក្នុងឆ្នាំ ២០១៦) ត្រូវបានផលិតចេញពីធ្យូងថ្ម ខណៈដែលវារីអគ្គីសនីគឺជាប្រភពផ្តល់ថាមពលសំខាន់ទី ២ នៅក្នុងប្រទេសដែលមានចំនួន ២០,១% នៃការផលិតថាមពលអគ្គិសនីសរុបក្នុងឆ្នាំ ២០១៦។
ក្រៅពីថាមពលអគ្គីសនី ចិនក៏ជាមហាអំណាចផលិតប្រេងធំ ជាងគេបំផុតទី៥នៅលើពិភពលោកផងដែរ។ កាលពីឆ្នាំ ២០១៨ កន្លងទៅ ប្រទេសនេះបានផលិតប្រេងសរុប ៤ ៨១៦ ០០០ បារ៉ែល ខណៈដែលខ្លួនជាទីផ្សារប្រើប្រាស់ប្រេងធំបំផុតទី២ បន្ទាប់ពីអាមេរិក។
ប្រភពរូបភាព៖ Interesting Engineering
៤.វិស័យកសិកម្ម
កសិកម្មគឺជាវិស័យដ៏សំខាន់បំផុតមួយផ្សេងទៀតសម្រាប់សេដ្ឋកិច្ចរបស់ចិនដែលប្រទេសនេះ គឺជាអតិថិជន និងជាអ្នកផលិតផលិតផលកសិកម្មធំជាងគេបំផុតនៅលើពិភពលោក។ ប្រហែល ៣៥ % នៃកម្លាំងពលកម្មរបស់ចិនស្ថិតនៅក្នុងវិស័យនេះ (បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិកមាន ២,៥% ប៉ុណ្ណោះ) ។ គ្រាន់តែវិស័យកសិកម្មមួយមានកសិកររហូតដល់ទៅ ៤២៥ លាននាក់ទៅហើយ (គ្រួសារកសិកម្មមាន ២០០ លាននាក់) ។ យ៉ាងណាមិញ តួរលេខនេះបានថយចុះទាបជាងកាលពីជាងមួយទសវត្សរ៍មុនដែលកសិកររបស់ខ្លួនមានរហូតដល់ទៅ ឬ ប្រហែល ៦០ % នៃប្រជាជនសរុប៕
ប្រភពរូបភាព៖ Lotuspeak
ប្រភព៖ worldatlas