តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ៤បន្ថែមកំពុងត្រៀមទាក់ទាញក្រុមហ៊ុនជាង៣០០មកវិនិយោគ
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ធ្វើឱ្យខេត្តនេះមានការប្រែប្រួល ដោយពីមុនខេត្តព្រះសីហនុជាខេត្តទេសចរណ៍ ហើយមកដល់ពេលបច្ចុប្បន្នបានប្រែមកជាខេត្តពាណិជ្ជកម្ម ដែលមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងតែដំណើរការ និង ៤ទៀត កំពុងត្រៀមដំណើរការ ដែលនឹងទាក់ទាញក្រុមហ៊ុនប្រមាណជា៣០០ មកវិនិយោគ និងផ្ដល់ការងារជូនប្រជាពលរដ្ឋជាង ៨០.០០០នាក់ ។ នេះបើយោងតាមក្រសួងព័ត៌មាន។
នៅក្នុង ជំនួបបំពេញទស្សនកិច្ចរបស់គណៈប្រតិភូវិនិយោគ ពាណិជ្ជកម្មនិងសេដ្ឋកិច្ចចិន ចំនួន៤០ក្រុមហ៊ុន ដែលដឹកនាំដោយលោក HONG ZUBIN កាលពីពេលកន្លងទៅ ឯកឧត្ដម គួច ចម្រើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា ខេត្តព្រះសីហនុមានកំពង់ផែអន្តជាតិទឹកជ្រៅដែលអាចទទួលការចូលចត និងផ្ដល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទៅកាន់រាជធានីខេត្ត ព្រមទាំងមានសក្ដានុពលជាច្រើនទៀតដែលផ្ដល់ឱកាសដល់វិនិយោគិនសិក្សា និងវិនិយោគនៅខេត្តព្រះសីហនុ។
ឯកឧត្ដមអភិបាលខេត្តមានប្រសាសន៍បន្តថា យើងចង់បានអ្នកវិនិយោគមកសិក្សាលើវិស័យទេសចរណ៍នៅព្រះសីហនុ ដែលមានផ្កាថ្ម ព្រៃកោងកាង ឆ្នេរសមុទ្រ តំបន់កោះ ជាកន្លែងផ្ដល់សក្ដានុពលទេសចរណ៍កម្សាន្ត ស្ទូចត្រី និងការរៀបចំសួនផ្កាជាដើម ជាការទាក់ទាញ និងការរៀបចំមហោស្រព សង្ឃឹមថាប្រតិភូនឹងចាប់អារម្មណ៍លើវិស័យទេសចរណ៍កាន់តែច្រើន៕
ដោយ៖ ជួប ស្រីរ័ត្ន