យុវជនខ្មែរពីររូប៖ ពីអ្នកនាំភ្ញៀវទេសចរ ក្លាយជាម្ចាស់បឹងកាឡូបណ្ដែតទឹកនៅតាតៃ ខេត្តកោះកុង
ផ្តើមចេញពីអ្នកនាំភ្ញៀវទេសចរ យុវជនខ្មែរពីររូប បានចាប់ដៃគ្នាបង្កើតជាផ្ទះបណ្ដែតទឹក (បឹងកាឡូបណ្ដែតទឹក) នៅតំបន់ដៃសមុទ្រក្នុងព្រៃកោងកាងខេត្តកោះកុង ដើម្បីបំរើដល់សេចក្តីត្រូវការរបស់ភ្ញៀវទេសចរបរទេស និងខ្មែរ ដែលចូលចិត្តទេសភាពបែបធម្មជាតិព្រៃភ្នំ ក្នុងតំបន់ដៃសមុទ្រព្រៃកោងកាង។
លោក ជា រ៉ូដា ម្ចាស់ផ្ទះបណ្ដែតទឹកតាតៃក្រោម បានផ្តល់បទសំភាសន៍ផ្ទាល់ក្រុមការងារ Bizkhmer ថា ជាក់ស្តែងបឹងកាឡូបណ្ដែតទឹកនេះ បានមានវត្តមាននៅក្នុងតំបន់តាតៃនេះ ប្រហែល១០ឆ្នាំរួចមកហើយ ប៉ុន្តែថ្មីៗនេះ បឹងកាឡូនេះ ត្រូវបានប្តូរម្ចាស់គ្រប់គ្រងភាគហ៊ុនពីជនជាតិបរទេស មកឲ្យអ្នកគ្រប់គ្រងខ្មែរជំនួសវិញ ហើយទីតាំងនេះ ក៏ត្រូវបានកែប្រែសេវាកម្ម និងមុខមាត់ខ្លះៗ ដើម្បីតម្រូវទៅតាមចិត្តរបស់ភ្ញៀវទេសចរបរទេស និងខ្មែរឲ្យកាន់តែទទួលបាននូវការកម្សាន្ត និងការស្នាក់នៅថ្មីៗបន្ថែម។
បើតាមការបញ្ជាក់របស់ម្ចាស់ភាគហ៊ុនខាងលើ បានឲ្យដឹងថា នៅក្នុងទីតាំងបឹងកាឡូបណ្ដែតទឹកថ្មីនេះ ភ្ញៀវទេសចរ អាចមកស្នាក់នៅដោយសុវត្ថិភាព ជាមួយនឹងការស្វាគមន៍ដ៏រួសរាយរាក់ទាក់ពីបុគ្គលិកគ្រប់គ្រងគ្រប់ជាន់ថ្នាក់នៅក្នុងទីតាំងនេះទាំងមូល រួមផ្សំនឹងបរិយាកាសស្ងប់ស្ងាត់ រីករាយនឹងការស្រល់ស្រូបអាហារសមុទ្របែបធម្មជាតិស្រស់ៗ ដែលបងប្អូនប្រជានេសាទ ប្រមូលផលបានជារៀងរាល់ថ្ងៃស្រល់ៗ បន្ទាប់មកភ្ញៀវទេសចរ អាចបន្តដំណើរកម្សាន្តទៅទស្សានាសត្វអំពិលអំពែកនាពេលយប់ និងទស្សនាថ្ងៃរៀបលិចដ៏ស្រស់ស្អាតផងដែរ។
លោកបន្តថា ការរាបរាប់ខាងលើនេះ គឺជាចំនុចពិសេសថ្មីៗ ដែលកើតចេញពីកូនខ្មែរពីរលោក ដែលមានរូបលោកផ្ទាល់ និងដៃគូសហការម្នាក់ទៀត ក្រោយពួកលោកទាំងពីរ បានប្រើពេលវេលាជិត១០ឆ្នាំ ដើម្បីបំរើការងារក្នុងវិស័យបដិសណ្ឋាកិច្ចនេះ ដោយកាលនោះរូបលោកទាំងពីរ គ្រាន់តែជាអ្នកនាំភ្ញៀវទេសចរតែប៉ុណ្ដោះ ហើយសូម្បីតែភាសាបរទេស ក៏មិនសូវចេះច្រើនដែរ ប៉ុន្តែលោកបានខិតខំតស៊ូរៀនជិត១០ឆ្នាំ ទាំងការងារនិងភាសាអង់គ្លេស ដើម្បីសម្រចក្តីស្រម៉ៃ ដែលចង់ក្លាយជាម្ចាស់បឹងកាឡូបណ្ដែតទឹកធម្មជាតិ បែបនេះនៅថ្ងៃណាមួយ។
លោកបន្តថា ការទទួលបាននូវជោគជ័យនាថ្ងៃនេះ គឺបានមកពីការផ្ដល់ឱកាសពីម្ចាស់បឹងកាឡូបណ្ដែតទឹក ជាជនជាតិ រ៉ូម ដែលបានមកវិនិយោគលើអាជីវកម្មបែបធម្មជាតិបែបនេះ ក្នុងខេត្តកោះកុង ហើយបានផ្តល់ឱកាសការងារដល់អ្នករស់នៅក្នុងភូមិតាតៃនេះ ឲ្យមានពន្លឺជីវិត ជាមួយនឹងការងារ បទពិសោធន៍ ការបណ្ដុះបណ្ដាល និងអាចទទួលបានប្រាក់បៀវត្សសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃកាត់បន្ថយការចំណាកស្រុក។
បន្ទាប់ពីទទូលបានឱកាសជាមួយ និងការបណ្ដុះបណ្ដាលជាច្រើនឆ្នាំជាមួយម្ចាស់ជាជនជាតិបរទេស (រ៉ូម) យុវជនខ្មែរពីររូបនេះ កាន់តែមានសមត្ថភាព និងមានគំនិតកែច្នៃច្រើនឡើងៗ រហូតទទួលបានការទុកចិត្តពីម្ចាស់ភាគហ៊ុនធំខាងលើ ហើយត្រូវបានម្ចាស់បឹងកាឡូនេះ តំឡើងតួនាទីជាបន្តបន្ទាប់ រហូតក្លាយជាម្ចាស់ភាគហ៊ុនធំ នៅក្នុងទីតាំងនេះ ទាំងមូល ក្រោយមានលិទ្ធភាពទិញយកភាគហ៊ុនបឹងកាឡូបណ្ដែតទឹកនេះទាំងមូល។
គួរបញ្ជាក់ថា បឹងកាឡូបណ្ដែតទឹកនេះ មានទីតាំងស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ខេត្តកោះកុង ដោយតម្លៃស្នាក់នៅចន្លោះពី១២០-១៩៥ ដុល្លារ រួមបញ្ជូលទាំងការស្នាក់នៅ អាហារពេលព្រឹក ការធ្វើដំណើរដោយទូកទាំងទៅនិងមក៕