វិធីសាស្ត្រ ៥ យ៉ាងក្នុងការបង្កើនផលិតភាពការងាររបស់អ្នកបានយ៉ាង​មាន​ប្រសិទ្ធិ​ភាព​​



មិនថាជីវិតជាអ្នកធ្វើការ ឬជាម្ចាស់អាជីវកម្មមួយទេ ការបំពេញការងារមួយប្រកបដោយប្រសិទ្ធិភាពនិងប្រសិទ្ធិផលជាអ្វីដែលយើងចង់បានបំផុត។ តែអ្វីៗមិនអាចនៅតែដំណើរការដោយរលូនគ្រប់ពេលបានទេ វាច្បាស់ជាមានពេលខ្លះអ្នកឈឺថ្កាត់ ពេលខ្លះអ្នកមានជួបបញ្ហាស្មុគស្មាញនឹងការងារ ឬបញ្ហាផ្សេងៗទៀត។

ក្នុងពេលមួយដែលអ្នកសង្កេតឃើញថាការងារអ្នកចាប់ផ្តើមមានការធ្លាក់ចុះផលិតភាព អ្នកត្រូវស្វែងរកដំណោះស្រាយភ្លាមថាការធ្លាក់ចុះនោះបណ្តាលមកពីអ្វី។ បើអ្នកកត់សម្គាល់ឃើញថាទាំងនោះបណ្តាលមកពីការហត់នឿយ ភាពស្មុគស្មាញហួសកម្រិតអ្នកគួរសាកល្បងវិធីទាំង ៦ ខាងក្រោមដើម្បីឲ្យផលិតភាពការងារអ្នកកើនឡើងវិញ៖

១) សម្រាកបន្តិច
ពេលអ្នកមានភាពនឿយហត់ច្រើនមិនថាតែរូបរាងកាយទេ សូម្បីខួរក្បាលអ្នកក៏កំពុងទាមទារការសម្រាកខ្លះដែរ។ ដូច្នេះសម្រាកយកកម្លាំងបន្តិចទៅ កុំបង្ខំចិត្ត ធ្វើបាបខ្លួនឯងបន្តធ្វើការងារទាំងអ្នកកំពុងស្ថិតក្នុងស្ថានភាពវេទនាបែបនេះអី។ ត្រូវចាំថាបើអ្នកចង់ជំនះទាំងរាងកាយនិងខួរក្បាលពោរពេញដោយភាពហត់នឿយ គឺគ្មានថ្ងៃផលិតភាពការងារអ្នកកើនឡើងបានទេ។

២) មុជឲ្យជ្រៅបន្តិចក្នុងការងារនេះ
បន្ទាប់ពីសម្រាកមួយរយៈពេលមួយដែលអ្នកមានកម្លាំងប្រយុទ្ធបន្តហើយ ចាប់ផ្តើមវាសារជាថ្មីហើយមុជឲ្យជ្រៅបន្តិចលើការងារនេះ។ លើកមុនអាចមកពីអ្នកហត់នឿយ បន្ថែមដោយយការសិក្សាមិនច្បាស់ពីការងារមួយនេះទើបធ្វើឲ្យផលិតភាពការងារធ្លាក់ចុះ។

៣) គិតរឿងតូចៗ
ពេលខ្លះអ្នកគិតលើបញ្ហាធំពេក ធ្វើឲ្យអ្នកមានអារម្មណ៍ថាធុញថប់គិតថាការងារនោះច្រើនពេកហួសពីអ្វីដែលអ្នកអាចធ្វើបាន។ ចាប់ផ្តើមវាសារជាថ្មីជាមួយការធ្វើ To-do-list សម្រាប់ការងារប្រចាំថ្ងៃ ធ្វើវាតាមលំដាប់លំដោយហើយកត់ត្រាថាថ្ងៃនេះអ្នកធ្វើការងារបានតាមការគ្រោងទុកប៉ុន្មានភាគរយ បើមិនទាន់គ្រប់តាមអ្វីដែលជាគម្រោង ស្អែកព្យាយាមពន្លឿនល្បឿនការងារបន្ថែមទៀត។

៤) ដកដង្ហើមឲ្យបានវែង
កុំភ្លេចដកដង្ហើមឲ្យបានវែងដើម្បីសម្រួលអារម្មណ៍ និងបញ្ចេញអ្វីដែលភាពជាតិពុលក្នុងខួរក្បាលចេញខ្លះផង។ បើចុករោយភ្នែក ខ្នង ចង្កេះ ស្មារ ក ជាដើម ក្រោកចេញពីកៅអីដើរទៅខាងក្រៅស្រូបយកខ្យល់អាកាសបន្តិចសឹមត្រលប់មកធ្វើការវិញ។ ធ្វើបែបនេះក៏អាចជួយដល់ចរន្តឈាមក្នុងខ្លួនដំណើរការបានស្រួលដែរ វាអាចកាត់បន្ថយភាពស្ពឹកស្រពន់នៃរាងកាយបាន។

៥) ធ្វើការប្រៀបធៀបទៅកាលពីមុន
បន្ទាប់ពីធ្វើតាមដំណាក់កាល ៤ ចំនុចខាងលើរួចមក អ្នកត្រូវធ្វើការវិភាគប្រៀបធៀបគ្នាថាមុន និងក្រោយពេលអ្នកធ្វើការផ្លាស់ប្តូរប៉ុន្មានចំនុចខាងលើ តើអ្នកមានការផ្លាស់ប្តូរអ្វីខ្លះ? ផលិតភាពការងារអ្នកមានការកើនឡើងដែរឬទេ តើការកើនឡើងនោះប៉ុន្មានភាគរយ អ្នកពេញចិត្តលើការផ្លាស់ប្តូរមួយនេះឬក៏មិនទាន់ពេញចិត្ត។ តែអ្វីដែលអ្នកត្រូវចាំជានិច្ចនោះគឺ កុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក ចាប់ធ្វើការងារមួយដោយការតាំងចិត្ត ធ្វើអារម្មណ៍ឲ្យសប្បាយ ទោះបីការងារនោះពិបាកក៏ត្រូវប្រាប់ខ្លួនឯងថាអ្នកអាចធ្វើបាន ប្រកបដោយលទ្ធផលល្អ៕

ដោយ៖ យ៉ាយ៉ា

 

X
5s