ឈប់រអ៊ូថាលក់មិនដាច់! សាកក្បួនលក់ដ៏មានប្រសិទ្ធភាព៣ចំណុចពីបណ្ឌិត គីម ហ៊ាង
បណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Real Estate ដែលត្រូវបានមនុស្សភាគច្រើនស្គាល់តាមរយៈចំណេះដឹងនិងការចែករំលែកទាំងក្នុងវិស័យដីធ្លី និងអចលនទ្រព្យ ពិសេសគឺជំនាញផ្នែកលក់ដ៏ប៉ិនប្រសព្វរបស់លោកនៅក្នុងវិស័យទាំងនេះ។ តើអ្នកធ្លាប់ឆ្ងល់ទេថា មានជំនាញដូចគ្នា តែហេតុអ្វីបានជាគេលក់ដាច់ហើយយើងលក់មិនដាច? ឈប់បារម្ភទៅ អ្នកគួរងាកមកសាកល្បងក្បួនលក់៣ចំណុចខាងក្រោមនេះពី អ្នកជំនាញ៖
លោកបណ្ឌិត គីម ហ៊ាង ប្រាប់ថា ក្បួនលក់របស់លោកគឺ កុំចាំឲ្យអតិថិជនមករក ត្រូវទៅរកអតិថិជនមុន៖ នៅក្នុងការលក់ គ្មានអ្នកលក់ណានៅអង្គុយចាំទាល់តែគេមករកយើងនោះទេ គឺយើងដែលជាអ្នកលក់ត្រូវស្វះស្វែងរកអតិថិជនដល់កន្លែង។ លោកថាលោកជាអ្នកមានបទពិសោធន៍ខាងលក់ជាង១០ឆ្នាំហើយលោកមិនដែលអង្គុយរង់ចាំឲ្យគេមកទិញនោះទេ គឺដើរទៅគោះទ្វារគេដល់ផ្ទះ។
ចំណុចសំខាន់ទី២ ត្រូវស្គាល់ច្បាស់ពីផលិតផលដែលយើងលក់៖ ឧទាហរណ៍ថាបើយើងជាអ្នកលក់ដីឡូត៍ ដូច្នេះយើងត្រូវស្គាល់ពីហាងឆេងរបស់ដីថាតើ តម្លៃប៉ុន្មាន? តើដីនោះអាចធ្វើអ្វីកើតខ្លះ? ដូច្នេះយើងត្រូវស្គាល់ឲ្យច្បាស់ពីផលិតផលរបស់ខ្លួនឯង។
ចំណុចទី៣ ស្គាល់អតិថិជនគោលដៅ៖ ត្រូវស្គាល់ថាតើអ្នកណាខ្លះដែលអាចមានលទ្ធភាពទិញផលិតផលរបស់យើងបាន។ ឧទាហរណ៍ថា យើងមានដី២ពាន់ការ៉េនៅផ្លូវនរោត្ដម ដូច្នេះយើងត្រូវដឹងថាដីមួយការ៉េនៅផ្លូវនរោត្ដមនោះមួយការ៉េប៉ុន្មាន យ៉ាងហោចណាស់ក៏៦ពាន់ដុល្លារដែរ។ តើដីដែលលក់នោះអាចធ្វើអ្វីបានខ្លះ? ដីអាចសង់ខន់ដូរ អាផាតមិនបាន។ តើអ្នកណាដែលអាចមានសមត្ថភាពទិញដីនេះបាន? អ្នកដែលអាចទិញបានលុះត្រាតែគាត់មានទ្រព្យសម្បត្តិលើស៦ពាន់ដុល្លារ។ តើអ្នកណាខ្លះមានលុយលើសពី៦ពាន់ដុល្លារ នៅស្រុកខ្មែរ? តើមានលេខទូរស័ព្ទគេទេ? លោកបណ្ឌិតថា នេះទើបហៅថាការធ្វើជំនួញ?
ដោយ៖ ជួប ស្រីរ័ត្ន