ព្រឹត្តិការណ៍ប្រណាំងម៉ូតូថ្នាក់អន្តរជាតិដ៏ធំដំបូងគេនៅទឹកដីសៀមរាបអង្គរ នាដើមខែធ្នូនេះ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ ម៉ូតូរ៉ាដ អង្គរ ហ្វេស្ទីវ៉ល ២០១៩ (Motorrad Angkor Festival 2019)ដំបូងគេ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះគឺជាការណាត់ជួបជុំគ្នារវាងក្រុមម៉ូតូនានាមកពីបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។ ក្នុងនោះរួមមាន ក្រុមម៉ូតូមកពីប្រទេសកម្ពុជា ថៃ វៀតណាម ឡាវ សិង្ហបុរី ម៉ាឡេស៊ី ចិន និង ប្រទេសដទៃទៀត ដែលមានសរុបជាង ១.០០០នាក់។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១៩តុលា២០១៩ នាសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លឹប BMW Motorcycle Club Cambodia ដែលជាអ្នកផ្ដួចផ្ដើមរៀបចំកម្មវិធីនេះ បានលើកឡើងថា លោករំពឹងថានៅក្នុងព្រឹត្តិការណ៍នេះនឹងមានកីឡាករចូលរួមពីបណ្ដាប្រទេសនានាប្រមាណ៤០០ទៅ៥០០ម៉ូតូ ចំណែកកីឡាករនៅកម្ពុជាក៏អាចមានខ្ទង់៤០០ទៅ៥០០ម៉ូតូទៀតឬក៏អាចច្រើនជាងនេះចូលរួមផងដែរ។ លោកបញ្ជាក់ថាព្រឹត្តិការណ៍នេះ គ្រោងនឹងចំណាយថវិកាប្រមាណ១២ម៉ឺនដុល្លារដើម្បីរៀបចំ។
លោក ប៊ុនរ៉េត ថ្លែងបន្តថា៖ «គោលដៅនៃព្រឹត្តិការណ៍នេះគឺដើម្បីលើកកម្ពស់វិស័យកីឡាយានយន្ត ជាពិសេសម៉ូតូគ្រប់ប្រភេទ ដែលបានបង្កើតជាក្រុម ដោយបានចុះបញ្ជីក្រោមសហព័ន្ធកីឡាយានយន្តកម្ពុជាក្ដី ឬមិនទាន់បានចុះឈ្មោះក្តី ដើម្បីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ សីលធម៌ក្នុងការប្រើប្រាស់ផ្លូវថ្នល់ជាមួយគ្នា និងការចែករំលែកបទពិសោធន៍បច្ចេកទេសរវាងអ្នកចូលចិត្តម៉ូតូធំជាដើម។ ជាពិសេស ព្រឹត្តិការណ៍នេះដើរតួនាទីសំខាន់ក្នុងការលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ទៅកាន់ប្រទេសនានាក្នុងតំបន់ ក៏ដូចជាក្នុងសកលលោក»។
លោក សូឃុន វិរៈ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាបានឱ្យដឹងផងដែរថា លោកពិតជាសប្បាយរីករាយណាស់ ព្រោះព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ដ៏ធំនឹងដំបូងគេសម្រាប់កម្ពុជា ពិសេសតាមរយៈព្រឹត្តិការណ៍នេះដែរ នឹងជួយលើកស្ទួយវិស័យកីឡាម៉ូតូកម្ពុជាឲ្យកាន់តែកក្រើកឡើងទាំងក្នុងប្រទេសនឹងក្រៅប្រទេស។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ម៉ូតូរ៉ាដអង្គរហ្វេស្ទីវ៉ល២០១៩ នេះសហព័ន្ធកីឡាប្រណាំងយានយន្តកម្ពុជា សហការរៀបចំដោយក្រុមហ៊ុន KHB Media ក្រុមហ៊ុន Khmer Ads Zone និង ក្រុមហ៊ុនទេសចរណ៍ AII Dreams Tour 1 ក្នុងនោះក៏មានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន គណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមយានយន្តកម្ពុជា សហព័ន្ធកីឡាទោចក្រយានកម្ពុជា (CCF) សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ី ហ្វិកប្រចាំកម្ពុជា (PATA)៕