លោកជំទាវ ឆាយ ស៊ីវលីន៖ CATA បង្កើតកញ្ចប់ទេសចរណ៍ពិសេសដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសជិតខាងបន្ថែម
ភ្នំពេញ៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ចុះMoU ជាមួយសមាគមទីភ្នាក់ងារទេសចរណ៍ខេត្តវ៉ុងតាវ ប្រទេសវៀតណាម ដើម្បីបង្កើតកញ្ចប់ទេសចរចណ៍ពិសេសរួមគ្នាមួយ ក្នុងន័យទាក់ទាញទេសចរវៀតណាមមកកាន់កម្ពុជាបន្ថែម ខណៈភ្ញៀវទេសចរវៀតណាមឈរនៅលេខរៀងទី២ បន្ទាប់ពីចិន។
លើកឡើងក្នុងចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យទេសចរណ៍ រវាងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងសមាគមទីភ្នាក់ងារទេសចរណ៍ ខេត្តវ៉ុងតាវ ប្រទេសវៀតណាម កាលពីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ ឆាយ ស៉ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា ការចុះអនុស្សារណៈនៃការយោគយល់គ្នាមួយនេះ ដើម្បីជួយគ្នាធ្វើឲ្យគោលដៅទេសចរណ៍ នៃប្រទេសជិតខាងទាំងពីរ កម្ពុជា-វៀតណាម មានសន្ទុះកាន់តែខ្លាំងជាងមុន។
លោកជំទាវ ឆាយ ស៊ីវលីន រំពឹងថា តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ កម្ពុជាក៏អាចស្រូបទាញភ្ញៀវទេសចរណ៍ពីខាងវៀតណាម កាន់ឡើងច្រើនជាមុន ដោយសមាគមទីភ្នាក់ងារទេសចរណ៍នៃប្រទេសទាំងពីរ នឹងបង្កើតកញ្ចប់ទេសចរចណ៍ពិសេសមួយ លើសពីសេវាកម្មទេសចរណ៍ធម្មតា ដើម្បីឲ្យមានភាពទាក់ទាញទាំងសងខាង។
លោកជំទាវថ្លែងថា សមាគមទីភ្នាក់ងារទេសចរណ៍ ខេត្តវ៉ុងតាវ ប្រទេសវៀតណាម ក៏ចង់ផ្សព្វផ្សាយតំបន់ទេសចរណ៍របស់គេក្នុងគោលដៅស្រូបទាញភ្ញៀវទេសចរពីកម្ពុជា ឲ្យកាន់តែច្រើនឡើងថែមមួយកម្រិតទៀតផងដែរ ខណៈបច្ចុប្បន្នភ្ញៀវទេសចរកម្ពុជា ទៅទស្សនាខេត្តនេះ នៅមានចំនួនទាបនៅឡើយ។
លោក ង្វៀន ហុងលិញ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងប្រធានក្រុមប្រឹក្សាប្រជាជនខេត្តបារៀ-វ៉ុងតាវ បានបង្ហាញពីសក្តានុពលទេសចរណ៍ និងចំណុចសំខាន់ៗនៃវិស័យទេសចរណ៍របស់ខេត្តវ៉ុងតាវ ដែលមានដូចជា ទេសចរណ៍បែបវប្បធម៌ ពាណិជ្ជកម្ម ឆ្នេរសមុទ្រ និងតំបន់ទាក់ទាញទេសចរណ៍ជាច្រើនទៀត។
ក្នុងន័យនេះ ប្រទេសវៀតណាម ចង់ទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមពីកម្ពុជាឲ្យបានច្រើន ដើម្បីទៅទស្សនាខេត្តវ៉ុងតាវ ខណៈបច្ចុប្បន្នលោកមើលឃើញថា ចំនួនភ្ញៀវទេសចរណ៍កម្ពុជា ទៅកម្សាន្តនៅក្នុងខេត្តមួយនេះ មានកម្រិតតិចតួចនៅឡើយ។
គួរបញ្ជាក់ថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរពីវៀតណាមមកកាន់កម្ពុជា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកCambodia Angkor Air ក៏បានប្រកាសភ្ជាប់ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅខេត្តដាណាង ប្រទេសវៀតណាមផងដែរ៕
ដោយ៖ ស្រីពេជ្រ