បណ្ឌិត គីម ហ៊ាង ចង់ឃើញរដ្ឋាភិបាលពន្យារពេល ១ឆ្នាំទៀតឲ្យកាស៊ីណូអនឡាញ ដើម្បីបញ្ជៀសហានិភ័យអចលនទ្រព្យ
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគិន អ្នកជំនួញ និងជនជាតិចិនជាច្រើនបានសម្រុកចូលមកលេង រស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ដែលកត្តានេះបានជំរុញឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាមានការកើនឡើងយ៉ាងគំហុក។
ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Fresh News ឯកឧត្តម គៀត ចាន់ថារិទ្ធិ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថាមកត្រឹមខែ កក្កដា ឆ្នាំ២០១៩ មានជនជាតិចិនប្រមាណជា ២ លាននាក់បានចូលមកដល់ក្នុងប្រទេសកម្ពុជា ដែលក្នុងនោះចំនួន ២៥ ម៉ឺននាក់កំពុងរស់នៅ ធ្វើការ និងវិយោគនៅកម្ពុជា។
យោងតាមការសិក្សារបស់ក្រុមហ៊ុន Furi Times Square ដែលបានចេញផ្សាយកាលពីពាក់កណ្តាលឆមាសទី២ ឆ្នាំ២០១៨ កន្លងទៅបានបង្ហាញថា តម្លៃដីធ្លីនៅក្រុងព្រះសីហនុ បានកើនឡើងដល់ ៤,០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ជាពិសេសនៅតំបន់ឆ្នេរអូរឈើទាលជាទីតាំងដែលមានសកម្មភាពទិញលក់ខ្លាំង និងថ្លៃខ្ពស់ជាងគេ ពោលគឺមានតម្លៃពី១,៥០០ ទៅ ២,៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ កាលពីឆ្នាំ២០១៥ ប៉ុន្តែឆ្នាំ២០១៨ កើនឡើងឡើងដល់ ២,០០០ ដល់ ៤,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
របាយការណ៍តម្លៃដីរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ចេញផ្សាយនៅឆមាសទី១ ឆ្នាំ២០១៩ បានបង្ហាញថាតម្លៃនៅខេត្តព្រះសីហនុបានបន្ត កើនឡើងខ្ពស់គួឲ្យកត់សម្គាល់។ ក្នុងនោះដីសង្កាត់មួយកើនឡើងជិត ៦៥% រីឯសង្កាត់បីកើនឡើងជាង ៩០% ធៀបនឹងឆមាសទី២ ឆ្នាំ២០១៨។
ក្នុងរយៈពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទល្បែងឌីជីថល ឬកាស៊ីណូអនឡាញនៅ កម្ពុជា។ បន្ទាប់ពីមានសេចក្តីប្រកាសនេះ ជនជាតិចិនរាប់ម៉ឺននាក់បានចាកចេញពីកម្ពុជា។ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក អាត់ បូនី បានប្រាប់វិទ្យុអាស៊ីសេរីកាលពីដើមខែកញ្ញា កន្លងទៅថា មានជនជាតិចិនយ៉ាងហោចណាស់ ជិត ១២ ម៉ឺននាក់ហើយបានចាកចេញពីកម្ពុជាគិតដល់ត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ។
អ្នកជំនាញសាទរចំពោះវិធានការបិទល្បែងអនឡាញ
ការបិទល្បែងអនឡាញ និងការហូរចេញនៃជនជាតិចិនបានក្លាយជាក្តីកង្វល់មួយ សម្រាប់វិស័យអចលនទ្រព្យកម្ពុជា ប៉ុន្តែអ្នកជំនាញក៏សាទរចំពោះវិធានការរបស់រដ្ឋាភិបាល ផងដែរ។ អ្នកជំនាញយល់ឃើញដូចៗគ្នាថា វិធានការរបស់រដ្ឋាភិបាលនេះគឺជាសញ្ញាណវិជ្ជមានដ៏ល្អមួយ សម្រាប់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យរបស់កម្ពុជាក្នុងរយៈពេលវែង។
ក្នុងបទសម្ភាសន៍ជាមួយ Realestate.com.kh កាលពីដើមខែកញ្ញា លោកឧកញ៉ា នួន រិទ្ធី នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Khmer Appraisal Foundation បានលើកឡើងថា៖ «ជនជាតិចិនដែលចាកចេញពីខេត្តព្រះសីហនុគឺជាទេសចរមកលេងល្បែង ស៊ីសង មិនមែនជាអ្នកវិនិយោគទេ»។ លោកថា៖«ការសម្រេចបញ្ឈប់ការចេញអាជ្ញាប័ណ្ណល្បែងស៊ីសង គឺជាយុទ្ធសាស្ត្រដ៏ល្អមួយដើម្បីច្រោះយកវិនិយោគិនល្អៗ ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋ កិច្ចកម្ពុជាក្នុងរយៈពេលវែង»។
ដូចគ្នានេះដែរ ថ្លែងនៅក្នុងពិព័រណ៍អចលនទ្រព្យឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh កាលពីដើមខែតុលានេះ បណ្ឌិត គីម ហ៊ាង ជានាយកប្រតិបត្តិក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេត ក៏មើលឃើញពីផលចំណេញរយៈពេលវែងសម្រាប់ សេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យអចលនទ្រព្យ។ លោកថាការបញ្ឈប់ការភ្នាល់ល្បែងអនឡាញនឹងផ្តល់ផលល្អសម្រាប់ម៉ាក្រូសេដ្ឋកិច្ចរយៈពេលវែង ប្រកបដោយស្ថិរភាព និងនិរន្ដរ៍ភាព។
អចលនទ្រព្យរងផលប៉ះពាល់ បើបិទល្បែងអនឡាញភ្លាមៗ
ទោះយ៉ាងណា បណ្ឌិត គីម ហ៊ាង មើលឃើញថាក្នុងរយៈពេលខ្លី ការហូរចេញដ៏ច្រើននៃជនជាតិចិន ដែលបណ្តាលមកពីការបិទល្បែង អនឡាញនេះ នឹងធ្វើឲ្យប៉ះពាល់ច្រើនដល់តម្លៃដីធ្លីនៅក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត និងក្រុងបាវិត។
លោកបានបញ្ជាក់ថា អគារនៅក្នុងព្រះសីហនុ ដែលធ្លាប់ជួល ២ ម៉ឺនដុល្លារពីមុន ឥឡូវធ្លាក់ក្រោម ១ ម៉ឺនដុល្លារ (ប៉ុន្តែគ្មានអ្នកជួល) រីឯដីធ្លីធ្លាប់មានតម្លៃ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ធ្លាក់មកត្រឹម ១៥០ ដុល្លារ។
សម្រាប់បញ្ហានេះ បណ្ឌិត គីម ហ៊ាង បានលើកឡើងថា ដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ ចុះនៃវិស័យអចលនទ្រព្យគឺត្រូវបន្តការចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការស្រាប់ក្នុងពេលបច្ចុប្បន្នឲ្យបានរយៈពេលមួយឆ្នាំទៀត។ នេះមានន័យថា សម្រាប់ក្រុមហ៊ុន កាស៊ីណូ ដែលមានអជ្ញាប័ណ្ណកំពុងដំណើរការ និងកំពុងជួលអគារស្រាប់គួរត្រូវបានបន្តកិច្ចសន្យាមួយឆ្នាំទៀត ចំណែកបើមានអជ្ញាប័ណ្ណ តែមិនធ្វើប្រតិបត្តិការត្រូវដកយកវិញ ហើយរដ្ឋក៏នឹងមិនផ្តល់អជ្ញាប័ណ្ឌដល់ក្រុមហ៊ុនថ្មីទៀតដែរ។ លោកជឿថា ការធ្វើបែបនេះអាចធ្វើឲ្យស្ថានភាពទីផ្សារអចលនទ្រព្យ ការទិញលក់-ជួល ការសាងសង់ជាដើម មានលំនឹងជាធម្មតា។
ទោះជាយ៉ាងណា អ្នកជំនាញមួយចំនួនយល់ឃើញថាការបិទល្បែងអនឡាញអាចផ្តល់ផលប៉ះពាល់តិចតួចប៉ុណ្ណោះទៅលើវិស័យអចលនទ្រព្យ។ លោក ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន CPL បានលើកឡើងនៅក្នុងពិព័រណ៍អចលនទ្រព្យដែរថាយើងមិនគួរមានក្តីបារម្ភ ខ្លាំងពេកនោះទេចំពោះការបិទល្បែងអនឡាញ [ពិសេសនៅខេត្តព្រះសីហនុ] ដោយសារទីផ្សារអចលនទ្រព្យកម្ពុជាមិនផុយស្រួយ ដោយសារការចាកចេញនៃជនជនជាតិចិនពីកម្ពុជានោះទេ។ ផ្ទុយទៅវិញ ការធ្វើនេះគឺដើម្បីស្ថេរភាពនៃវិស័យអចលនទ្រព្យរយៈពេលយូរ។»
ឧកញ៉ា ចេង ខេង បានបន្តថា “រដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍខេត្ត ព្រះសីហនុ”។ បើតាមការអះអាង ក្រុមអ្នកជំនាញសភាពាណិជ្ជកម្មដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធាន និងលោក ឧកញ៉ា លី ហួរ ជាសហប្រធាន បានក៏មានរៀបក្រុមការងារ ត្រួតពិនិត្យ ដែលបានជជែកជាមួយភាគីរដ្ឋាភិបាលក្នុងការកំណត់ និងវាយតម្លៃហានិភ័យ និងបញ្ហានានាដែលអាចកើតមាននៅខេត្តព្រះសីហនុ។ ជាលទ្ធផល ដោយសារសំណង់អគារ នៅខេត្តព្រះសីហនុកំពុងមានដំណើរការសាងសង់យ៉ាងមមារញឹក ចំណែកហេដ្ឋារចនាសម្ព័ន្ធជាច្រើនមិនទាន់សាងសង់រួចរាល់ផងនោះ ដែលទាំងនេះវាបានបង្ករឲ្យមានបញ្ហា ភាពគ្មានសណ្ឋាប់ធ្នាប់ និងសុវត្ថិភាពជាដើម ដល់ការរស់នៅរបស់ប្រជាជន។ បើតាមការពិភាក្សា ទិសដៅបន្ទាប់ រដ្ឋាភិបាលនឹងត្រូវរៀបចំឲ្យមានលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងខេត្តព្រះសីហនុសម្រាប់អ្នកក្នុងស្រុក។
សូមបញ្ជាក់ដែរថា បើយោងតាមស្នងការខេត្តព្រះសីហនុ ជួន ណារិន្ទ បានប្រាប់សារព័ត៌មានក្នុងស្រុក VOD កាលពីខែកក្កដា ឆ្នាំ២០១៩ ថា អាជីវកម្មស្ទើរតែ ៩០% នៅក្នុងខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រងដោយជនជាតិចិន ដែលរាប់ចាប់តាំងពីផ្ទះសំណាក់ សណ្ឋាគារ ហាងម៉ាស្សា ភោជនីយដ្ឋាន និងកាស៊ីណូជាដើម។ បច្ចុប្បន្នក្រុងព្រះសីហនុមានសណ្ឋាគារ និងផ្ទះសំណាក់ចំនួន ១៥៦ ទីតាំង កាស៊ីណូចំនួន ៦២ ក្លឹបកម្សាន្តចំនួន ៤៨ ហាងខារ៉ាអូខេចំនួន ៤១ ហាងម៉ាស្សាចំនួន ៤៦ និងភោជនីយដ្ឋាន ៤៣៦ ទីតាំង៕
ដៃគូសហការ៖ www.realestate.com.kh