ភ្នំពេញនឹងមានចំណតក្រោមដីទំនើបដូចបណ្ដាប្រទេសជឿនលឿន
ដោយសង្កេតឃើញពីភាពគ្មានសណ្ដាប់ធ្នាប់នៃរថយន្តធុនតូចធំមួយចំនួន ដែលជារឿយបានចតពាសវាលពាសកាលលើចិញ្ចើមថ្នល់ និងលើផ្លូវសម្រាប់សាធារណជនដើរឆ្លងកាត់ ឬលើផ្លូវថ្នល់សម្រាប់រថយន្តបើកបរ បានបង្កឲ្យមានការកកស្ទះចរាចរណ៍ជាញឹកញយ។ ជាដំណោះស្រាយ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានយល់ព្រមសម្រេចឲ្យមានការវិនិយោគពីវិស័យឯកជនលើការសាងសង់ចំណតរថយន្តក្រោមដី ដែលចាប់ពី៤ឬ៥ជាន់ចុះទៅក្រោម។ ការលើកឡើងនេះធ្វើឡើងនៅក្នុងឱកាសសម្តេច ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩នេះ។
សម្ដេចបានលើកឡើងអំពីទីតាំងដែលអាចឲ្យដំណើរការសាងសង់មានដូចជា នៅពីក្រោមសួនច្បារក្នុងរាជធានីភ្នំពេញ រួមទាំងសួនច្បារសម្តេច ហ៊ុន សែន ផងដែរ។ ដោយឡែកចំពោះទីតាំងចំណតក្រោមដី គឺមិនត្រូវប៉ះពាល់នៅទីតាំងព្រះបរមរាជវាំងឡើយ។ មួយវិញទៀតសម្ដេចបានបញ្ជាក់ថា ចំពោះការសាងសង់ គឺត្រូវធ្វើប្រកបដោយគុណភាព និងបច្ចេកទេសខ្ពស់ ជាមួយនឹងការទទួលខុសត្រូវខ្ពស់លើសុវត្ថិភាពជាចម្បង។
ចំពោះចំណតរថយន្តក្រោមដីនេះ មិនត្រឹមតែជួយសម្រួលដល់សណ្តាប់ធ្នាប់ចរាចរណ៍ ប៉ុណ្ណោះទេប៉ុន្តែចំណតនេះនឹងជួយលើកសោភ័ណភាពក្រុងឲ្យកាន់តែស្រស់ស្អាតមួយកម្រិតថែមទៀត៕
ដោយ៖ ជួប ស្រីរ័ត្ន