គន្លឹះទាំង ៤ នេះជួយជម្រុញការបណ្តុះបណ្តាលបុគ្គលិកយ៉ាងមានប្រសិទ្ធិភាព​



ការបណ្តុះបណ្តាលបុគ្គលិកក្នុងអង្គភាព ឬស្ថាប័នមួយនៅតែជាកត្តាអាទិភាពដើម្បីឈានទៅរកការអភិវឌ្ឍភាពរីកចម្រើនទាំងមូលរបស់អាជីវកម្ម។ ស្របពេលជាមួយគ្នានេះផងដែរមានអង្គភាពមួយចំនួនព្យាយាមធ្វើការបណ្ដុះបណ្តាលដើម្បីពង្រឹងសមត្ថភាពបុគ្គលិក តែវាហាក់គ្មានផលត្រលប់សមនឹងការចំណាយ។

ខាងក្រោមនេះជាគន្លឹះមួយចំនួនជួយដល់អង្គភាពក្នុងការបណ្ដុះបណ្ដាលបុគ្គលិកឲ្យមានប្រសិទ្ធិភាព៖

១) រៀបចំវគ្គបណ្ដុះបណ្ដាលដោយផ្ទាល់ និងតាមអនឡាញ

ការបណ្ដុះបណ្ដាលដោយផ្ទាល់វាមិនទាន់គ្រប់គ្រាន់ពេញលេញទេ តែសម័យបច្ចេកវិទ្យានេះអ្នកត្រូវភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលិកឲ្យបានកាន់តែច្រើនតាមរយៈអនឡាញ។ ជាងនេះទៀតការបណ្ដុះបណ្ដាលបុគ្គលិកតាមប្រព័ន្ធអនឡាញបានផ្តល់ភាពងាយ ព្រោះពួកគាត់អាចជជែកពីចម្ងល់បានគ្រប់ពេលវេលា។ មួយវិញទៀតការបណ្ដុះបណ្ដាលតាមអនឡាញនេះ វាជួយកាត់បន្ថយការខ្ជះខ្ជាយពេលវេលាច្រើនបានដែរ។

២) ផ្តល់ការបណ្ដុះបណ្ដាលបុគ្គលិកលើជំនាញជាក់លាក់

ជាការបង្រៀនលើជំនាញការងារតាមផ្នែកនីមួយៗរបស់បុគ្គលិក ហើយការបណ្ដុះបណ្ដាលបង្រៀននោះគឺធ្វើឡើងជាប្រចាំ ពិសេសលើការងារដែលគាត់ត្រូវធ្វើប្រចាំថ្ងៃ។ លើសពីនេះ ក៏មានការបញ្ចូលការងារថ្មីៗ បន្ថែមដើម្បីឲ្យគាត់អាចរៀនសូត្រអ្វីថ្មីៗ ទាំងចំណេះដឹងពាក់ព័ន្ធនឹងការងារ និងចំណេះដឹងដទៃទៀតដែលគាត់ត្រូវមាន។ ការធ្វើបែបនេះបុគ្គលិកនឹងទទួលបានចំណេះដឹងច្រើន អាចធ្វើការងារបានច្រើនមុខមានបទពិសោធន៍ច្រើន ហើយពួកគាត់ក៏នឹងមានទំនុកចិត្តលើខ្លួនឯងកាន់តែច្រើនជាងមុនដែរ។

៣) ប្រើ Mobile App សម្រាប់ការបណ្ដុះបណ្ដាលដែលអាចឲ្យបុគ្គលិកទាញយកហើយរៀនបាន

សម័យបច្ចេកវិទ្យានេះ ការទាញយកប្រយោជន៍ពីពីបច្ចេកវិទ្យាជារឿងចាំបាច់ និងល្អបំផុត។ ការបណ្តុះបណ្តាលតាមទូរស័ព្ទចល័ត Mobile App មិនត្រឹមតែធានាថាបុគ្គលិកទទួលបានព័ត៌មានថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱ្យបុគ្គលិកនូវជំរើសក្នុងការរៀនសូត្រ បរិយាកាសដែលពួកគេមានអារម្មណ៍ងាយស្រួល មានផាសុកភាព និងគ្មានការរំខានសម្រាប់ការទទួលបានចំណេះដឹង។

៤) អនុញ្ញាតឱ្យបុគ្គលិករៀនតាមល្បឿនផ្ទាល់ខ្លួនរបស់ពួកគេ

ការសិក្សារបស់មនុស្សម្នាក់ៗមានល្បឿននៃការចាប់យកចំណេះដឹងផ្សេៗ ខុសគ្នា។ យើងមិនអាចដាក់កំហិតថា គ្រប់គ្នាដែលសិក្សាក្នុងវគ្គមួយនេះអាចទទួលបានចំណេះដឹងដែលបានបង្រៀនទាំងស្រុងតាមវិធីសាស្រ្តតែមួយទេ ទុកពេលឲ្យពួកគាត់សិក្សាតាមរបៀបដែលគាត់មានផ្ទាល់ខ្លួនរបស់គាត់ ចៀសវាងក្លាយជាការដាក់សម្ពាធ។  

តាមស្ទង់មតិពី Association for Talent Development ឆ្នាំ២០១៤ លើក្រុមហ៊ុនចំនួន ៣៤០ បានរកឃើញថាមានតែក្រុមហ៊ុន ១៦ ភាគរយប៉ុណ្ណោះដែលប្រើវិធីបណ្តុះបណ្តាលតាមអ៊ិនធរណេតដែលអនុញ្ញាតឱ្យនិយោជិកកំណត់ល្បឿនផ្ទាល់ខ្លួនរបស់ពួកគេ។ ពេលនោះបុគ្គលិកដែលមិនបានទទួលការបណ្ដុះបណ្ដាលតាមអនឡាញ ត្រូវប្រឈមនឹងភាពស្មុគស្មាញលើប្រធានបទនានាចំពោះការសិក្សា។

ដូច្នេះតាមរយៈការផ្តល់ និងលើកទឹកចិត្តដល់បុគ្គលិកតាមរយៈការបណ្ដុះបណ្ដាល ផ្តល់ពេលវេលាដល់ពួកគេគិតពីអ្វីដែលពួកគេកំពុងធ្វើការរៀនសូត្រ វានឹងកាន់តែជួយបង្កើនល្បឿន និងបង្កើនការអភិវឌ្ឍចំណេះដឹងថែមទៀត៕

ដោយ៖ យ៉ាយ៉ា

 

X
5s