២០៣០ កម្ពុជារំពឹងទទួលភ្ញៀវទេសចរអន្តរជាតិ១៥លាននាក់ ជាមួយចំណូលប្រមាណ១០ប៊ីលានដុល្លារ
លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថានៅឆ្នាំ២០៣០ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១៥លាននាក់ ដែលនឹងផ្ដល់ចំណូលជូនជាតិប្រមាណ ១០ប៊ីលានដុល្លារអាមេរិក ព្រមទាំងអាចបង្កើតឱកាសការងារបានប្រមាណជិត២លាននាក់។ ការលើកឡើងនេះធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាស្ដីពី «បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព» កាលពីពេលថ្មីៗកន្លងទៅ។ នេះបើយោងតាមក្រសួងទេសចរណ៍។
នាឱកាសនោះលោកអនុរដ្ឋលេខាធិការបានបញ្ជាក់ថា «នៅឆ្នាំ២០១៨កន្លងទៅ យើងសម្រេចបានកំណើនក្នុងអត្រាប្រមាណ ១១% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង ៦.២លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៤.៣៥៦លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។ នៅឆ្នាំ២០១៩ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៧លាននាក់ ជាក់ស្ដែងក្នុងរយៈពេល០៨ខែដើមឆ្នាំនេះ កម្ពុជាទទួលភ្ញៀវទេសចរបាន ៤.៣៦០.៣៩៧នាក់ កើន១០,៤% ។
ហើយនៅឆ្នាំ២០២០នឹងទទួលបានប្រមាណជាង៧លាននាក់ ដោយនាំមកនូវចំណូលប្រមាណ៥ប៊ីលានដុល្លារអាមេរិក បង្កើតឱកាសការងារបានប្រមាណជិត១លាននាក់ និងនៅឆ្នាំ២០៣០ អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នាំមកនូវចំណូលប្រមាណ ១០ប៊ីលានដុល្លាអាមេរិក បង្កើតឱកាសការងារប្រមាណជិត ២លាននាក់»។
លោកអនុរដ្ឋលេខាធិការក៏បានលើកឡើងផងដែរថា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ដូចថ្លែងខាងលើ ជាយុទ្ធសាស្ត្រគឺត្រូវធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាពទាក់ទាញ និងផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ តាមរយៈការបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗ និងប្រកបដោយភាពវ័យឆ្លាត ស្អាត បៃតង និងរក្សាសុខសុវត្ថិភាពទេសចរឲ្យបានល្អប្រសើរ។ ការសម្រួលការធ្វើដំណើរជាយុទ្ធសាស្ត្រគន្លឹះមួយដ៏សំខាន់ ក្នុងការជំរុញភ្ញៀវទេសចរឲ្យមកទស្សនាកម្ពុជាបានច្រើន និងជាការកាត់បន្ថយរបាំងនៃការធ្វើដំណើរដែលមិនចាំបាច់៕
ដោយ៖ ជួប ស្រីរ័ត្ន