ក្រុមហ៊ុន​ជប៉ុន​មួយ គ្រោង​បង្កើត​រោងចក្រ​ច្នៃ​គ្រាប់ស្វាយ​ចន្ទី​ស្តង់ដារ​អន្តរជាតិ​នៅ​កម្ពុជា​



នៅ​ក្នុង​ជំនួប​ជា​មួយ​ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៩​កន្លង​ទៅ លោក​ Murayama Tsetuo នាយកក្រុមហ៊ុន Top Planning Japan Co., Ltd បាន​បង្ហាញ​ពី​ឆន្ទៈចង់​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​របស់​កម្ពុជា​ក្នុង​កម្រិត​ស្តង់ដារ​អន្តរជាតិ។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ។

នៅ​ក្នុង​ឱកាស​នៃ​ជំនួប​នេះ លោក Murayama Tsetuo បាន​លើក​ឡើង​ថា «កន្លង​មក​នេះ​ ដោយ​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ JICA ក្រុម​ហ៊ុន​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​អំពី​សក្ដានុពល​ដំណាំ​ស្វាយ​ចន្ទី​កម្ពុជា ហើយ​លទ្ធផល​នៃ​ការ​សិក្សា​គឺ​បាន​ធ្វើ​តេស្ត​សាកល្បង​រសជាតិ​គ្រាប់​ស្វាយចន្ទី​ផលិត​នៅ​កម្ពុជា​ដោយ​ប្រជាជន​ជប៉ុន​បង្ហាញ​ថា គ្រាប់​ស្វាយចន្ទី​កម្ពុជា​មាន​រសជាតិ​ឆ្ងាញ់​ជាង​គ្រាប់ស្វាយចន្ទី​របស់​វៀតណាម ឥណ្ឌា និង​អាហ្វិក»។ 

លោក​បន្ត​ថា «ដោយ​សារ​តែ​មើល​ឃើញ​ពី​គុណភាព អនាម័យ បរិមាណ​ផលិត ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដាំដុះ​ និង​កែច្នៃ​ផលិតផល​គ្រាប់​ស្វាយចន្ទី​របស់​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ ទើប​ជំរុញ​ឲ្យ​ក្រុមហ៊ុន​មាន​ឆន្ទៈ​ចង់​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​កម្ពុជា​ឲ្យ​ក្លាយ​ជា​ផលិតផល​ដែល​មាន​ស្តង់ដារ​កម្រិត​អន្តរជាតិ ដើម្បី​ឈាន​ទៅ​លើកកម្ពស់​បរិមាណ គុណភាព និង​អនាម័យ​គ្រាប់ស្វាយចន្ទី​កម្ពុជា​ឲ្យ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ពិភពលោក​នា​ពេល​អនាគត»

ជា​ការ​ឆ្លើយ​តប ឯកឧត្ដម​រដ្ឋមន្រ្តី​បាន​ថ្លែង​អំណរ​គុណ​ជូន​ចំពោះ​ប្រជាជន និង​រាជរដ្ឋាភិបាល​ជប៉ុន​ ដែល​បាន​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​មាន​ការ​រីកចម្រើន​តាម​រយ:​គម្រោង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុង​នោះ​ក៏​មាន​វិស័យ​កសិកម្ម​ផង​ដែរ។ លោក​បាន​បន្ត​ទៀត​ថា​ តាម​រយៈបទពិសោធន៍​ដែល​ក្រុមហ៊ុន​មាន​ស្រាប់ សង្ឃឹម​ថា​គម្រោង​នេះ​នឹង​ដំណើរ​ការ​ទៅ​ដោយ​រលូន​ ហើយ​ក្រសួង​ក៏​ដូច​ជា​អង្គភាព​ពាក់ព័ន្ធ​នឹង​រង់ចាំ​ផ្ដល់​កិច្ចសហការ​ពេញលេញ ដើម្បី​ឲ្យ​ការ​វិនិយោគ​នេះ​សម្រេច​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោងទុក៕

X
5s