ចំណេះដឹងខ្លីៗ សាមញ្ញៗ តែមានប្រយោជន៍ខ្លាំងទាក់ទងនឹងជំងឺលើសសម្ពាធឈាម​



ជំងឺលើសសម្ពាធឈាម ជាជំងឺមួយដេលកើតឡើងនៅពេលដែលបេះដូងរបស់អ្នកប្រឹងច្របាច់ឈាមទៅក្នុងសរសៃឈាម តែមនុស្សមួយចំនួននៅតែមានការយល់ច្រលំថាវាជាការលើសនៃកម្រិតឈាមក្នុងរាងកាយ។ អ្នកដែលមានជំងឺលើសឈាមមានអត្រាខ្ពស់ក្នុងការប្រឈមគ្រោះថ្នាក់សុខភាព ព្រោះវាអាចបណ្ដាលឲ្យឈាមបុកចូលទៅខួរក្បាលខ្លាំងនៅពេលសម្ពាធឈាមឡើងខ្ពស់ ធ្វើឲ្យដាច់សរសៃឈាម ឈាមហូរ ឬកកក្នុងខួរក្បាល ស្លាប់មួយចំហៀងខ្លួន ឬ ហៅថា Stroke និងអាចឈានដល់បាត់បង់ជីវិតទៀតផង។ 

១) វ័យដែលងាយប្រឈមនឹងជំងឺលើសសម្ពាធឈាម

ចូលដល់វ័យកាន់តែចាស់ អត្រានៃការកើនជំងឺលើសឈាមនេះក៏មានកាន់តែច្រើន ដែលវាអាចបណ្ដាលមកពីកត្តាធំៗដូចជា៖

ក) ការប៉ះពាល់ផ្នែកអារម្មណ៍ពិសេសខឹងខ្លាំង 

ខ) ទម្លាប់នៃការរស់នៅដូចជា របបទទួលទានប្រៃពេក អាហារសម្បូរខ្លាញ់ មិនសូវធ្វើចលនា ឬធ្វើលំហាត់ប្រាណ

គ) ការប្រើប្រាស់ឱសថព្យាបាលជំងឺមួយចំនួនដែលបណ្ដាលឲ្យសម្ពាធឈាមកើនឡើង

តែក្នុងពេលបច្ចុប្បន្ន តាមការសិក្សាស្រាវជ្រាវពីអង្គការសុខភាពពិភពលោកបានរកឃើញថា ជំងឺលើសឈាមបានក្លាយជាឃាតករលាក់មុខសម្លាប់ជីវិតមនុស្សស្ទើររាល់ថ្ងៃ។ ជាងនេះទៅទៀត បច្ចុប្បន្នមិនសំដៅលើមនុស្សដែលមានវ័យចាស់ទេដែលប្រឈមនឹងបញ្ហានេះ សូម្បីយុវវ័យមួយចំនួនក៏មានការប្រឈមដែរ។ លោកវេជ្ជបណ្ឌិត មាន វាសនា វេជ្ជបណ្ឌិតឯកទេសទូទៅប្រចាំនៅមជ្ឍមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីបានមានប្រសាសន៍ថា ដើម្បីការពារសុខភាព និងអាចដឹងទាន់ពេលបានថាខ្លួនឯងកំពុងប្រឈមនឹងជំងឺលើសសម្ពាធឈាមឬយ៉ាងណា អ្នកគួរធ្វើការតាមដានសម្ពាធឈាមអ្នកជាប្រចាំ ដោយការវាស់ជាប្រចាំសម្រាប់មនុស្សចាស់ ចំណែកយុវវ័យគួរធ្វើការតាមដានរាល់មួយឆ្នាំម្តង។

២) កម្រិតសម្ពាធឈាមប៉ុន្មានទើបចាត់ទុកថាលើស?

ការវាស់សម្ពាធឈាមដើម្បីរកថាមានជំងឺលើសឈាមឬអត់ គឺមើលលើលេខនៃ systolic (ផ្នែកខាងលើ) និង diastolic (ផ្នែកខាងក្រោម)។ អ្នកដែលមានសម្ពាធឈាមល្អ ឬធម្មតាគឺ systolic ១២០ លើ diastolic ៨០ ក្នុងមួយមីលីម៉ែត្របារ៉ត ឬ ១២០/៨០mmHg ។ ខាងក្រោមនេះនឹងបង្ហាញពីអំណានតួលេខនៃការវាស់សម្ពាធឈាម ក៏ដូចជាបង្ហាញពីដំណាក់កាលនៃការវិវត្តិសម្ពាធឈាមរបស់អ្នក។

ក) កាលណាសម្ពាធឈាមរបស់អ្នកភាគច្រើនបង្ហាញថា ១២០/៨០mmHg មានន័យថាអ្នកមានសម្ពាធឈាមល្អ។

ខ) កាលណាសម្ពាធឈាមរបស់អ្នកភាគច្រើនឡើងលើស ១២០/៨០mmHg តែនៅក្រោមកម្រិត ១៤០/៩០ mmHg បង្ហាញថាអ្នកកំពុងស្ថិតក្នុងដំណាក់កាលត្រៀមមានជំងឺលើសឈាម។

គ) កាលណាសម្ពាធឈាមរបស់អ្នក ១៤០/៩០ mmHg ឬឡើងលើសកម្រិតនេះញឹកញាប់ ឬជាប្រចាំតែ បង្ហាញថាអ្នកកំពុងស្ថិតក្នុងដំណាក់កាលមានជំងឺលើសឈាម។

៣) អ្នកត្រូវធ្វើអ្វីបន្ទាប់ពីដឹងថាខ្លួនមានជំងឺលើសឈាម?

លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសផ្នែកជំងឺទូទៅទូទៅប្រចាំនៅមជ្ឍមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរីបានមានប្រសាសន៍ថា  បើសង្ស័យថាខ្លួនឯងមានជំងឺលើសសម្ពាធឈាម ឬបន្ទាប់ពីការតាមដានជាប្រចាំ និងរោគសញ្ញាមួយចំនួនដឹងថាអ្នកមានជំងឺនេះអ្នកត្រូវធ្វើការពិភាក្សាជាមួយគ្រូពេទ្យជំនាញ ចៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯងគ្មានវេជ្ជបញ្ជា។ ការពិគ្រោះជាមួយគ្រូពេទ្យជំនាញជារឿងសំខាន់ព្រោះពេលខ្លះអ្នកអាចនឹងមិនទាន់ឈានដល់ដំណាក់កាលត្រូវប្រើថ្នាំ ពេលនោះគ្រូពេទ្យអាចនឹងធ្វើការណែនាំឲ្យអ្នកផ្លាស់ប្តូរទម្លាប់នៃការរស់នៅ ទម្លាប់នៃការទទួលទានអាហារ ឬការសម្រាកលំហែណាមួយតាមដែលអាចធ្វើបាន។

បើអ្នកឈានដល់កម្រិតដែលត្រូវការប្រើថ្នាំជាប្រចាំ នោះគ្រូពេទ្យនឹងធ្វើការវិភាគវិនិច្ឆ័យមួយចំនួនពាក់ព័ន្ធនឹងប្រវត្តិជំងឺរបស់អ្នក ថាអ្នកធ្លាប់ប្រើថ្នាំអ្វីខ្លះ ហើយថ្នាំមួយណាដែលត្រឹមត្រូវសម្រាប់អ្នក។

៤) តើការប្រើប្រាស់ថ្នាំលើសសម្ពាធឈាមនេះអាចមានផលប៉ះពាល់អ្វីខ្លះ?

ឱសថជាអាវុធមុខពីរ គ្មានឱសថណាដែលថាមិនផ្តល់ផលប៉ះពាល់អវិជ្ជមានទេបន្ទាប់ពីការប្រើប្រាស់ គ្រាន់តែថាវាមានឥទ្ធិពលវិជ្ជមានច្រើនជាង ឬអវិជ្ជមានច្រើនជាង។ តែចំពោះថ្នាំសម្រាប់អ្នកលើសសម្ពាធឈាមជាទូទៅគេតែងឃើញថាវាផ្តល់ជាផលរំខានមួយចំនួនដូចជា៖

ក) រមាស់ស្បែក

ខ) ក្អួត ឬចង្អោរ

គ) ថប់អារម្មណ៍ មួម៉ៅ

ឃ) វិលមុខ រោយ-ក ឬឈឺក្បាលជាប់

ង) ក្អក

ច) រាគរូស ឬទល់លាមក

ឆ) ធ្វើឲ្យអ្នកមានអារម្មណ៍ថាអស់កម្លាំង ល្ហិតល្ហៃ ឬខ្សោយខ្លាំង

៥) ពេលថ្នាំផ្តល់ផលរំខានបែបនេះតើអ្នកគួរធ្វើយ៉ាងណា?

គ្មាននរណាដែលអាចដឹងបានថាថ្នាំដែលគ្រូពេទ្យបានឲ្យអ្នកទទួលទាននោះ វាផ្តល់ផលល្អឬអាក្រក់សម្រាប់អ្នកជាងខ្លួនឯងអ្នកទេ។ បើអ្នកសង្កេតឃើញថាអ្នកមានផលរំខានណាមួយក្នុងចំណោមផលរំខានខាងលើអ្នកត្រូវ៖

ក) ត្រលប់ទៅជួបគ្រូពេទ្យវិញ រៀបរាប់ពីអាការៈដែលអ្នកជួប

ខ) ត្រួតពិនិត្យមើលឡើងវិញពីអាហរ និងភេស្ជៈដែលអ្នកបានទទួលទានដើម្បីឲ្យគ្រូពេទ្យបានដឹងថា ក្នុងខ្លួនអ្នកទទួលបានជាតិរ៉ែអ្វីខ្លះ

គ) ឬវាអាចជាថ្នាំផ្សេងដែលអ្នកបានទទួលទានបន្ថែមក្នុងករណីណាមួយ មុនពេលមានអាការៈទាំងនោះ

ឃ) មុនពេលទទួលទានថ្នាំផ្សេង ឬចង់ផ្លាស់ប្តូរថ្នាំ អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុន

ង) លើសពីនេះអ្នកមិនគួរឈប់ប្រើប្រាស់ថ្នាំទេ ព្រោះអ្នកជំងឺលើសសម្ពាធឈាមមិនអាចផ្តាច់ថ្នាំបានឡើយ៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s