រឿង​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​ទាំង ៥ ដែល​អ្នក​គួរដឹង​ពី​​​ទ្រព្យសម្បត្តិ​សាកលលោក​



ជាង ១ លាន​នាក់​​! នេះ​គឺ​ជា​តួលេខ​នៃ​កំណើន​របស់​សេដ្ឋី​ចំណូល​ថ្មី​សរុប​នៅ​ជុំវិញ​ពិភពលោក​ទាំងមូល​នេះ​បើ​យោង​តាម​របាយការណ៍​​ទ្រព្យសម្បត្តិ​សាកលលោក (Global Wealth Report)។ របាយការណ៍​នេះ​បាន​បង្ហាញ​ថា សេដ្ឋី​សរុប​នៅ​ជុំវិញ​ពិភពលោក​មាន​ចំនួន ៤៦,៨ លាន​នាក់ ពោល​គឺ​បាន​កើន​ឡើង ១,១ លាន​អ្នក​គិត​ត្រឹម​​រយៈពេល​​មួយ​ឆ្នាំ​ចុងក្រោយ​នេះ​ (ពាក់កណ្ដាល​ឆ្នាំ ២០១៨ ដល់​ពាក់កណ្ដាល​ឆ្នាំ ២០១៩ )។

​ធនាគារ Credit Suisse ​​របស់​ស្វីស​ដែល​​បាន​ស្រាវជ្រាវ​​លើ​​របាយការណ៍​ខាងលើ​  បាន​ព្យាករណ៍​ថា នៅ​ក្នុង​ឆ្នាំ  ២០២៤ ខាងមុខ តួលេខ​សេដ្ឋី​សរុប​នៅ​ជុំវិញ​ពិភពលោក​​​នឹង​កើន​ឡើង ៦៣ លាន​នាក់​។ ទន្ទឹម​នឹង​ការ​ចេញ​របាយការណ៍​​នេះ ប្រិយមិត្ត​នឹង​បាន​ដឹង​រឿងរ៉ាវ​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​ចំនួន ៥ ​ជុំវិញ​ប្រធានបទ​​ស្តី​អំពី​ទ្រព្យសម្បត្តិ​សាកលលោក​ដូច​ខាង​ក្រោម​នេះ៖

១.​ទ្រព្យសម្បត្តិ​​គិត​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​របស់​យុវជន​ពេញវ័យ​​បាន​កើន​ឡើង​ក្នុង​កំណត់ត្រា​មិន​ធ្លាប់​មាន
ក្នុង​រយៈពេល ១​ឆ្នាំ​ចុងក្រោយ ទ្រព្យសម្បត្តិ​សាកលលោក​បាន​​កើ​ឡើង ៩,១ ពាន់​ពាន់​​លាន​ដុល្លារ​បន្ថែម​ទៀត​ដែល​ធ្វើ​ឲ្យ​​ទ្រព្យសម្បត្តិ​របស់​ពិភពលោក​ទាំងមូល​មាន​ចំនួន​សរុប  ៣៦០,៦ ពាន់​ពាន់​លាន​ដុល្លារ។ អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ​គឺ​ថា អាមេរិក ចិន និង​​សហភាព​អឺរ៉ុប​បាន​ក្ដោបក្ដាប់​​ទ្រព្យសម្បត្តិ​ទាំង​នេះ​ច្រើន​ជាងគេ​បន្តបន្ទាប់​គ្នា​ ហើយ​បើ​គេ​គិត​ជា​មធ្យម យុវជន​​ពេញវ័យ​របស់​ពិភពលោក​ម្នាក់​មាន​ទ្រព្យសម្បត្តិ ៧០ ៨៥០ ​ដុល្លារ​ដែល​ជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក។​​​

២.ស្វីស​ជា​ប្រទេស​ដែល​​ទទួល​បាន​កំណើន​ទ្រព្យសម្បត្តិ​បន្ថែម​ច្រើន​ជាងគេ ខណៈ​ដែល​អូស្ត្រាលី​ជា​អ្នក​ខាតបង់​ច្រើន​ជាងគេ
បើ​គេ​គិត​កំណើន​ទ្រព្យសម្បត្តិ​របស់​យុវជន​ម្នាក់ ទ្រព្យសម្បត្តិ​របស់​យុវជន​​ស្វីស​បាន​កើន​ឡើង​ខ្ពស់​ជាងគេ​រហូត​ដល់​ទៅ ១៧ ៧៩០ ដុល្លារ​ក្នុង​ឆ្នាំ​នេះ។ ចំណែក​យុវជន​អូស្ត្រាលី​វិញ ជា​អ្នក​បាត់បង់​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​រហូត​ដល់​ទៅ ២៨ ៦៧០ ដុល្លារ​​នៅ​ក្នុង​រយៈពេល​ដូចគ្នា​នេះ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ប្រទេស​អូស្ត្រាលី​បាត់បង់​សេដ្ឋី​ច្រើន​ជាងគេ​រហូត​ដល់​ទៅ ១២៤ ០០០ នាក់​ និង​ជា​ប្រទេស​​តែមួយគត់​ដែល​វិស័យ​លំនៅឋាន​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​​អាក្រក់​បំផុត​​រហូត​ដល់​​ទៅ​ជាង ២%។

៣.​ចិន​មាន​សេដ្ឋី​ច្រើន​ជាងគេ​ដែល​ក្ដោបក្ដាប់​នៅ​ក្នុង​​ចំណោម​ទ្រព្យសម្បត្តិ​កំពូល​របស់​ពិភពលោក ១០%
នៅ​ក្នុង​ឆ្នាំ​នេះ​ទ្រព្យសម្បត្តិ​​​របស់​​គ្រួសារ​ប្រជាជន​ចិន​នីមួយៗ​ (Household)​ បាន​កើន​ឡើង ៣,៧ ពាន់​ពាន់​លាន​ដុល្លារ ​ធ្វើ​ឲ្យ​តួលេខ​ក្ដោបក្ដាប់​ទ្រព្យសម្បត្តិ​​សរុប​របស់​​មហាអំណាច​មួយ​នេះ​បាន​កើន​ឡើង​ដល់​ទៅ ៦៣,៨ ពាន់​ពាន់​លាន​ដុល្លារ​តាម​ពី​ក្រោយ​អាមេរិក​ដែល​ឈរ​នៅ​លេខរៀង​ទី១។ នៅ​ពេល​បច្ចុប្បន្ន​នេះ​មហាយក្ស​អាស៊ី​ខាងលើ​មាន​សេដ្ឋី​សរុប ៤,៤ លាន​នាក់ ពោល​គឺ​​បាន​វ៉ា​ដាច់​អាមេរិក​ជាលើកដំបូង​ដែល​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​សេដ្ឋី​ក្ដោបក្ដាប់​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​នៅ​ក្នុង​ចំណោម​ទ្រព្យសម្បត្តិ​កំពូល​របស់​ពិភពលោក​ ១០%  (សេដ្ឋី​​ដែល​ក្ដោបក្ដាប់​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ចំណាត់​ថ្នាក់​នេះ​​មាន​ទ្រព្យសម្បត្តិ​​ចាប់​ពី ១០០ លាន​ដុល្លារ​ឡើង​ទៅ)។

​​​៤.អ្នក​មាន​​ជាងគេ​​បំផុត​នៅ​លើ​ពិភពលោក​ចំនួន ១%  បាន​​ប្រមូល​ក្រសោប​យក​ទ្រព្យសម្បត្តិ​ពិភពលោក​ស្ទើរតែ​ពាក់កណ្ដាល
ងាក​មក​មើល​ស្ថានភាព​ទូទៅ​នៃ​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​សាកលលោក​វិញ គឺ​មាន​វិសមភាព​ខ្លាំង​មែនទែន។ របាយការណ៍​ខាងលើ​បាន​រក​ឃើញ​ថា ក្រុម​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​១% បាន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​​រហូត​ដល់​ទៅ ៤៥% នៃ​ទ្រព្យសម្បត្តិ​សរុប​របស់​សាកលលោក  ៣៦០,៦ ពាន់​ពាន់​លាន​ដុល្លារ។ ប៉ុន្តែ​តួលេខ​នេះ​ត្រូវ​បាន​របាយការណ៍​នេះ​ព្យាករណ៍​ថា នឹង​ថមថយ​ចុះ​នៅ​ពេល​អនាគត​ឆាប់ៗ​ខាងមុខ​​

៥.ទ្រព្យសម្បត្តិ​របស់​ស្រ្តី​កាន់តែ​កើន​ឡើង​ដោយសារតែ​ពួកគេ​ប្រឡូក​ចូល​ទីផ្សារ​ការងារ​កាន់តែ​ទូលំទូលាយ​ជាង​មុន
ទន្ទឹម​នឹង​ការ
មក​ចាប់​អារម្មណ៍​នឹង​ទ្រព្យសម្បត្តិ​របស់​ស្ត្រី​វិញ គឺ​មាន​ការ​កើន​ឡើង​គួរឲ្យ​កត់សម្គាល់​បើ​ធៀប​ទៅ​នឹង​ទ្រព្យសម្បត្តិ​របស់​បុរស​ដែល​បាន​កាន់កាប់។ ​​នេះ​ក៏ដោយសារតែ​ស្ត្រី​ចូលរួម​​ប្រឡូក​នៅ​ក្នុង​ទីផ្សារ​ការងារ​កាន់តែ​ច្រើន​ជាង​មុន និង​បណ្តាល​មក​ពី​កត្តា​ផ្សេងៗ​ទៀត​ដែល​កើត​ចេញ​ពី​វឌ្ឍនភាព​សង្គម៕

ប្រភព៖ Weforum

X
5s