របាយការណ៍ក្រសួងដែនដីបង្ហាញថាទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់ក្នុងរយៈ ៩ ខែ ឆ្នាំ២០១៩ កើនឡើង ៣៤ ភាគរយ​



ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ​លើកឡើង​ថា​ វិស័យ​សំណង់​នៅ​តែ​មាន​សុខុមាលភាព​ល្អនៅក្នុងឆ្នាំ២០១៩នេះ ខណៈ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា បានដើរតួនាទីជាចលករមួយដ៏សំខាន់ ក្នុងការជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។

ការរីកចម្រើននៃវិស័យអចលនទ្រព្យនេះ ក្រសួងយល់ថា បានបង្ហាញពីការវិវត្តឈានឡើង នៃសេដ្ឋកិច្ចកម្ពុជាប្រកបដោយស្ថិរភាព និងនិរន្តរភាព ពិសេសការរីកចម្រើន នៃវិស័យអចលនទ្រព្យ គឺជាការបង្ហាញនូវការជឿជាក់របស់អ្នកអភិវឌ្ឍអចលនវត្ថុ តាមរយៈការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ការលើកឡើងនេះត្រូវបានបង្ហាញឡើង តាមរយៈស្តីពី បូកសរុបលទ្ធផលការងារ ៩ ខែ ឆ្នាំ២០១៩ និងទិសដៅការងារបន្តរបស់ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ ដែលបានចេញផ្សាយ​កាលពី​ពេលថ្មីៗ​នេះ។

របាយការណ៍នោះបានឱ្យដឹង ថា គិត​ត្រឹម​រយៈពេល​ ៩ ​ខែ​ដើមឆ្នាំ​នេះ សំណង់​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​សរុប ៣,៤៣៣ ​គម្រោង​មាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង​ ១៣ ​លាន​ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង ​៦.៤៩៤​ លាន​ដុល្លារ​អា​មេ​រិ​ក បើ​ប្រៀបធៀប​នឹង​រយៈពេល​ ៩ ​ខែ​ដូច​គ្នា​ឆ្នាំ​២០១៨​ មាន​ ២,៥៤១​ គម្រោង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ ៤.៨២០ ​លាន​ដុល្លារ​អា​មេ​រិ​ក ពោល​គឺ​មានការ​កើនឡើង​ ៣៤,៧៣%​។

​ក្នុងនោះ​របាយការណ៍​ដដែល​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងទៀត​ថា «​ក្នុង​ចំណោម​គម្រោង​ទាំងអស់​ក្នុង​នោះ​សម្រាប់​សមត្ថកិច្ច​ក្រសួង​បាន​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​ប្រមាណ ​២៧៤ ​គម្រោង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ ៥.៧៥២ ​លាន​ដុល្លារ​អា​មេ​រិ​ក​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ ​មាន ២២៤​ គម្រោង មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​ ៤.៤៧៥ ​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​មានការ​កើនឡើង ​២៨,៥៣%​។ ចំពោះ​សមត្ថកិច្ច​រដ្ឋបាល​រាជធានី ខេត្ត​មាន​ ១៥៩​ គម្រោង​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ជាង​ ៧៤២ ​លាន​ដុល្លា​អា​មេ​រិ​ក ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨​មាន ​៣៤៤​ លាន​ដុល្លារ​ដុល្លារ​អា​មេ​រិ​ក ពោល​កើនឡើង​ជាង​ ១១៥%»​។

ស្រប​ពេល​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩ ​នេះ​កើនឡើង​ជាង ​៣៤% វិស័យ​មួយ​នេះ​ក៏​បាន​បង្កើត​ការងារ​ជា​ច្រើន​ជូន​ប្រជាពលរដ្ឋ​ជិត ​១៥ ​ម៉ឺន​នាក់​ក្នុង ​១ ​ថ្ងៃ​។ ​

ពាក់ព័ន្ធ​វិស័យ​សំណង់​កម្ពុជា​លោក ជា​សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ធ្លាប់​មាន​ប្រសាសន៍កាលពីពេលកន្លងទៅ​ថា «​ពី​ឆ្នាំ ២០០០ ​ដល់​ឆ្នាំ​២០០៧​ គម្រោង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នៅ​លើ​វិស័យ​សំណង់​មាន​តែ ​៣.២០០​ លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​ឆ្នាំ​២០០៨​ ដល់​ ២០១១​ ឡើង​ដល់ ​១.២​ លា​នុ​ដ​ល្លា​រអា​មេ​រិ​ក តែ​មក​ដល់​ឆ្នាំ​២០១២​ដល់​២០១៨ ចាប់ផ្តើម​ឡើង​កំ​ហុ​ក ឡើង​រហូត​ដល់​៥,៧៥៥​ លានដុល្លារ​»​។

​លោក​រដ្ឋមន្ត្រីរូបនេះក៏បានបញ្ជាក់ទៀតថា ក្នុង​វិស័យ​សំណង់​កម្ពុជា ក្រុមហ៊ុន​ចិន​បាន​បោះទុន​វិនិយោគ​ ២.៨៦៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ជាប់​ចំណាត់ថ្នាក​ទី​១ ​ប្រទេស​កូរ៉េ​ជាប់​ចំណាត់ថ្នាក​ទី​២ បាន​បោះទុន​វិនិយោគ​ ១.៦៥០​ លាន​ដុល្លារ​ និង​ប្រទេស​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​ទី​៣ បាន​បោះទុន​វិនិយោគ ​៣៨២ ​លាន​ដុល្លារ​​។

ពាក់ព័ន្ធនឹងកំណើនទុនវិយោគក្នុងវិស័យសំណង់នេះដែរ យោងតាមការវិភាគ​លើ​ទិន្នន័យ​ដែល​ប្រើប្រាស់​ជា​មធ្យោបាយ​វាស់វែង​ ពី​សុខុមាលភាព​វិស័យ​អចលនទ្រព្យ​ របស់​អ្នក​ជំ​នាញ​អល​ចន​ទ្រព្យ​នៅ​កម្ពុជា​ បានបង្ហាញឡើងកាលពីពេលថ្មីៗនេះដែរ ថាវិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​បន្ត​ភាពរឹងមាំ​ និង​មាន​ភាព​ធន់​ខ្ពស់​នៅ​ឆ្នាំ​ ២០១៩នេះ​ ហើយ​នឹង​បន្ត​កើនឡើង​ចន្លោះ​ពី ១០ ភាគរយ​ ទៅ ១៥ ភាគរយ​ក្នុង​មួយឆ្នាំ​ ដែល​ជា​អត្រាកំណើន​ល្អ​មួយ​ ហើយ​ប្រជាពលរដ្ឋ​កម្ពុជា​ នៅតែ​មានឱកាស​ល្អ​ក្នុង​ការ​វិនិយោគ​ ដើម្បី​ទទួល​បានផល​ចំណេញ​ពី​ការ​រីកចម្រើន​នេះ​៕

ដៃគូសហការ៖ www.realestate.com.kh

X
5s