កំពង់ស្ពឺទទួលបានគម្រោងរោងចក្រថ្មីបន្ថែមអាចផ្ដល់ឱកាសការងារជាង១ពាន់កន្លែង
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តកំពង់ស្ពឺហាក់មានសក្ដានុពលខ្ពស់លើការវិនិយោគ ដែលជារឿយៗយើងសង្កេតឃើញថា ខេត្តនេះតែងទទួលបានគម្រោងតូចធំជាហូរហែ។ កាលពីពេលថ្មីៗនេះគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរនូវគម្រោងរោងចក្រកាត់ដេរសំលៀកបំពាក់ ស្រោមពូកខ្នើយ ក្នុងទុន៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២៥៥កន្លែង។
គម្រោងរោងចក្រខាងលើ ជាគម្រោងរបស់ក្រុមហ៊ុន“SUNRISE FASHION (CAMBODIA) CO., LTD” ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៣ ភូមិពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ គួរបញ្ជាក់ដែរថា គិតចាប់ពីដើមខែតុលាមកដល់ថ្ងៃទី៣១តុលានេះ ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគ៣ ក្នុងចំណោម១៩គម្រោង ខណៈខេត្តព្រះសីហនុទទួលបាន៨គម្រោងច្រើនជាងគេ៕
ដោយ៖ ជួប ស្រីរ័ត្ន