រយៈពេល​ ៩​ខែ​ខុងក្រោយុ ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​ប្រមូល​ចំណូល​ថវិកា​សរុប​បាន​៩០ភាគរយ​



គិត​មក​ដល់​រយៈពេល​៩ខែ នា​ឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រមូល​ចំណូល​ថវិកា​រដ្ឋ​សរុប​បាន​រហូត​ដល់​៩០% បើ​ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​២០១៩ ដោយ​ក្នុង​នោះ​ចំណូល​ដែល​បាន​មក​ពី​ការ​ប្រមូល​ពន្ធគយ​និង​រដ្ឋាករ​បាន​ចំនួន​៤៣%។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៩​កន្លង​ទៅ។

ទិន្នផល​ចំណូល​នៃ​ចំនួន​ថវិកា​រដ្ឋ​បាន​មក​អំពី​ការ​ប្រមូល​ ពន្ធគយ​និង​រដ្ឋាករ​បាន​ចំនួន​ ៤៣%, ពន្ធដារ​បាន​ប្រមាណ​ ៣២%, ចំណូល​មិនមែន​សារពើពន្ធ​បាន​ចំនួន ១២% រួម​នឹង​ចំណូល​ផ្សេងៗ​ទៀត​មាន​ចំនួន ៦%។ជា​មួយ​គ្នា​នេះ តាមរយៈ​របាយការណ៍​បូកសរុប​នៅក្នុង​ត្រីមាស​ទី៣​ ឆ្នាំ២០១៩នេះ​ បង្ហាញថា​ គ្រប់​ផ្នែក​នៃ​ផែនការ​សកម្មភាព​ រួម​នៃ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ សាធារណៈ​បន្ត​មាន​វឌ្ឍនភាព​ល្អ​ និង​វិជ្ជមាន​។ ជាទូទៅ​ការ​ប្រមូល​ចំណូល​ និង​ការអនុវត្ត​ចំណាយ​ នៅ​បន្ត​មាន​សុខភាព​ល្អ​ធៀប​នឹង​ឆ្នាំ​មុន​ៗ និង​នៅ​រក្សា​បាន​ និន្នាការ​ល្អ​ប្រសើរ​ទៅតាម​ការ​គ្រោងទុក​។ 

លោក​ឧបនាយក​រដ្ឋមន្រ្តី​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ណែនាំ​ អំពី​កិច្ច​ការ​គន្លឹះ​ៗមួយចំនួន​ទៀត​ ត្រូវ​បន្ត​ពង្រឹង​ក្នុង​អនុវត្តន៍​ កសាង​ និង​រៀបចំ​បញ្ចប់​ រួមមាន​ជា​អាទ៍​ ការរៀបចំ​បញ្ចប់​លិខិត​បទដ្ឋាន​គតិយុត្តិ​ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ​។ ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​។ ផែនការ​សកម្មភាព​លម្អិត​សម្រាប់​អនុវត្ត​យុទ្ធ​សា​ស្ត្រគន្លឹះ​ៗ នានា​ ដូចជា​ យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ​ឆ្នាំ២០១៩​-២០២៥​ យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​ថវិកា​ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ២០១៩​-២០២៥​, យុទ្ធសាស្ត្រ​កៀរគរ​ចំណូល២០១៩​-២០២៣​ និង​អនុក្រឹត្យ​ស្តី​ពី​ ការគ្រប់គ្រង​គម្រោង​វិនិយោគ​សាធារណៈ​ជាដើម​៕ 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s